គូឡាឡាំពួ ៖ ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុក សេរី មហាម៉ាត់ ហាសាន់ (Datuk Seri Mohamad Hasan) មានប្រសាសន៍ថា ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីទាហានថៃជាន់មីនរងរបួសពេលកំពុងល្បាតនៅតាមព្រំដែន។ ទោះបីជាប្រទេសថៃអះអាងថា មីននេះ ត្រូវបានប្រទេសកម្ពុជាដាក់ថ្មីក៏ដោយ ប៉ុន្តែក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទាំងនៅថៃ និងកម្ពុជា បានរាយការណ៍ដូចគ្នាថា វាមិនមែនជាមីនថ្មីទេ !
លោក មហាម៉ាត់ ហាសាន់ ទើបតែនិយាយទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ ហើយសង្ឃឹមថា ភាគីទាំង២ នឹងស្ងប់ស្ងាត់ និងបន្តការពិភាក្សាសន្តិភាព។ កិច្ចព្រមព្រៀងសន្តិភាពនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ដោយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សី ៕
ប្រភព ៖ Malaysia Ready To Hold Thailand-Cambodia Talks To Preserve Ceasefire – Mohamad Hasan




ចែករំលែកព័តមាននេះ