រាជធានីភ្នំពេញ ៖ ឱ្យដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនីកម្លាំង២៣០ និង៥០០ គីឡូវ៉ាត់ ដែលបញ្ចូនពីខេត្តព្រះសីហនុមកកាន់រាជធានីភ្នំពេញ និងអនុស្ថានីយចម្ការហ្លួង ដែលមានកម្លាំង២៣០គីឡូវ៉ាត់ នៅស្រុកស្រែអំបិល ខេត្តព្រះសីហនុ បានដាក់ដំណើរការជាផ្លូវការហើយ ។ នេះបើតាមអាជ្ញាធរអគ្គិសនីកម្ពុជា ។
ការដាក់ដំណើរការហេដ្ឋារចនាសម្ព័ន្ធថ្មី ដែលមានសារៈសំខាន់ក្នុងការបញ្ជូនថាមពលអគ្គិសនីពីបណ្តារោងចក្រធ្យូងថ្ម ខេត្តព្រះសីហនុមកប្រើប្រាស់នៅភ្នំពេញ និងបន្តទៅបណ្តាខេត្តផ្សេងៗទៀត ដែលមានកម្លាំងរហូតដល់៥០០គីឡូវ៉ាត់ ត្រូវបានអជ្ញាធរអគ្គិសនីកម្ពុជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ។ បើតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកបានស្រង់សំដីខាងមន្ត្រីអជ្ញាធរអគ្គិសនីកម្ពុជាបានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះខ្សែបញ្ជូនថាមពលអគ្គិសនីពីបណ្តាខេត្តដែលឆ្លងកាត់តាម ខេត្តកំពត តាកែវ បានលើសបន្ទុក និងមិនអាចបញ្ជូនបានទាំងស្រុងនូវបរិមាណដែលផលិតដោយរោងចក្រធ្យូងថ្មទាំងនោះបាននោះទេ ជាពិសេសរោងចក្រធ្យូងថ្មថ្មី១៥០មេហ្គាវ៉ាត់ ដែលទើបចាប់ផ្តើមដំណើរការ កាលពីដើមឆ្នាំ២០២០ កន្លងទៅនេះ ។
ខ្សែបញ្ជូនថាមពលអគ្គិសនីដែលទើបដាក់ឱ្យដំណើរការថ្មីនេះមានសមត្ថភាពអាចបញ្ជូនថាមពលបានរហូតដល់ប្រមាណ១០០០គីឡូវ៉ាត់បន្ថែមដែលនឹងចេញជាបន្តបន្ទាប់ពីខេត្តព្រះសីហនុនៅពេលខាងមុខ ។ ដោយឡែកអនុស្ថានីយចម្ការហ្លួង២៣០មេហ្គាវ៉ាត់ ជាអនុស្ថានីយមួយ ស្ថិតក្នុងចំណោមអនុស្ថានីយចំនួន៦ ដែលដាក់ឱ្យដំណើរការមុនគេក្នុងក្របខណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារបារាំង ដើម្បីអភិវឌ្ឍន៍ ដែលសាងសង់មានការត្រួតពិនិត្យរួមគ្នា រវាងអគ្គិសនីកម្ពុជា និងទីប្រឹក្សាមកពីអគ្គិសនីបារាំង (EDF)។
អនុស្ថានីយនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបែងចែក និងទទួលថាមពលទៅភាគខាងត្បូង និងខាងលិចរវាងបណ្តារោងចក្រធ្យូងថ្ម នៅខេត្តព្រះសីហនុ តំបន់ភ្នំពេញ និងខេត្តកោះកុង ដែលសម្បូរទៅដោយប្រភពវារីអគ្គិសនី ។ ប្រភពបានបន្តថា ខ្សែបញ្ជូនថាមពលអគ្គិសនី និងអនុស្ថានីយថ្មីនេះ គឺជាសមទ្ធិផលថ្មីមួយបន្ថែមទៀតក្នុងវិស័យអគ្គិសនីដែលនឹងជួយជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយបង្កើន លទ្ធភាពការផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ប្រកបដោយស្ថិរភាព និងនិរន្តរភាព ៕
ចែករំលែកព័តមាននេះ