រាជធានីភ្នំពេញ ៖ មិនដឹងមូលហេតុអ្វីទេ ស្រាប់តែឃើញយុវជនម្នាក់ឡើងលើដំបូលផ្ទះគេ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើល ហើយត្រូវកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១ ចុះទៅអន្តរាគមន៍ចាប់ឃាត់បានភ្លាមៗ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះមួយកន្លែងក្នុងបុរីជីបម៉ុង ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យជ័យ ។

យុវជនខាងលើឈ្មោះ ណុប ពិសិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅ ភូមិទូលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិក្រូច ឃុំ ជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីសមត្ថតកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១បានអោយដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋម្នាក់ដែលជាម្ចាស់ផ្ទះកើតហេតុខាងលើបានទូរស័ព្ទមកកាន់ប៉ុស្តិ៍នគរបាលចោមចៅទី១ ដោយប្រាប់ថា មានបុរសម្នាក់បានលួចឡើងទៅលើដំបូលផ្ទះរបស់គាត់។ ភ្លាមៗនោះកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី១បានចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ដោយឡើងទៅលួងលោមជិត១ម៉ោង ទើបចាប់ឃាត់ខ្លួននាំចុះមកក្រោម រួចយកទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី១ដើម្បីធ្វើការសាកសួរតែម្តង។
តាមប្រភពព័ត៌មានពីសាច់ញាតិនិងបងប្អូនរបស់យុវជនម្នាក់ខាងលើបានអោយដឹងថា នៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ឃើញយុវជនខាងលើចេះតែដើរចុះដើរឡើងទៅវិញទៅមក ធ្វើឱ្យពួកគាត់មានការសង្ស័យដែរ បន្ទាប់មកស្រាប់តែបាត់ខ្លួនតែម្ដង។ លុះដល់វេលាម៉ោងកើតហេតុក៏ស្រាប់តែឃើញប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនាំគ្នាចោមរោមមើលនៅកន្លែងកើតហេតុ ពេលពួកគាត់រត់ទៅមើល ទើបឃើញប្អូនប្រុសរបស់ពួកគាត់នៅលើដំបូលផ្ទះរបស់គេតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចោមចៅទី១បានបញ្ជូនយុវជនម្នាក់ខាងលើទៅផ្នែកសង្គមកិច្ចដើម្បីយកទៅធ្វើការអប់រំ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ