ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ជំរុញ​ធុរជន​ថៃ​មក​ធ្វើការ​វិនិ​យោគ ​និង​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ទទួល​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដោយ​សារ​​តែ​ការ​ថមថយ​នៃ​វិស័យ​ទេសចរណ៍ និង​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី ១២ កុ​ម្ភះ​កន្លង​ទៅ​ដោយ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA) ផង​នោះ កម្ពុជា​បាន​ងាក​ទៅ​ពង្រឹង​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​និង​ប្រទេស​ជា​ដៃគូរ ។…

រាជធានី​ភ្នំពេញ ៖ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ទទួល​នូវ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដោយ​សារ​​តែ​ការ​ថមថយ​នៃ​វិស័យ​ទេសចរណ៍ និង​សេចក្តីសម្រេច​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ទី ១២ កុ​ម្ភះ​កន្លង​ទៅ​ដោយ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA) ផង​នោះ កម្ពុជា​បាន​ងាក​ទៅ​ពង្រឹង​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ជាមួយ​បណ្ដា​ប្រទេស​ជិតខាង​និង​ប្រទេស​ជា​ដៃគូរ ។ ជាក់ស្ដែង​កាលពី​ពេល ថ្មី​ៗ​នេះ កម្ពុជា​បាន​ជួប​ជាមួយ​ធុរជន​ថៃ​ប្រមាណ​៤០០​នាក់​មក​ពី​ក្រុមហ៊ុន​ធំ​ៗ​ដើម្បី​បង្ហាញ​ពី​សក្ដានុពល​និង​ឱកាស​នៃ​ការ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

​លោក​ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​បញ្ជាក់​ពី​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា ជា​ពិសេស​កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ​ក្នុង​រង្វង់ ៧,១% ក្នុង​រយៈពេល​ពីរ​ទស្ស​វត្ស​ចុង​ក្រោយ ការ​កើនឡើង​នៃ​ចំណូល​ជា​មធ្យម​របស់​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​កំណើន​ដ៏​ឆាប់រហ័ស​នៃ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស ក្នុង​នោះ​រួម​មានការ​វិនិយោគ​ដោយ​ក្រុមហ៊ុន​ថៃ​ផង​ដែរ ។

​លោក​បាន​បន្ត​ថា ដើម្បី​ពង្រីក​កំណើន​និង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ទៀត រាជ​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជា​ច្រើន រួម​មាន​យុទ្ធសាស្ត្រ​ចតុ​កោណ​ដំណាក់កាល​ទី​៤ ដែល​សង្កត់ធ្ងន់​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​បរិ​យា​កាស​ធុរកិច្ច វិនិ​យោគ និង​អភិវឌ្ឍន៍ ក៏​ដូច​ជា​ពង្រឹងសមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ជំរុញ​សមាហរណកម្ម​ទៅ​ក្នុង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក ជា​ពិសេស​គាំទ្រ​ដល់ទី​ផ្សារ​ដែល​មាន​ស្រាប់ ហើយ​ក្នុង​ពេល​តែ​មួយ​បង្កើត​ទីផ្សារ​ថ្មី ពង្រឹង​មូលដ្ឋាន​នាំ​ចេញ​តាម​រយៈ​ការ​រៀបចំ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី សម្រាប់​ជា​ប្រភព​នៃ​កំណើន​ដោយ​ចីរភាព ដោយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ការ​ផ្ដល់​នូវ​ភាព​អនុគ្រោះ​ពន្ធគយ​ជា​ឯកតោភាគី ។

​លោក​ប៉ាន សូរ​ស័ក្ដិ​បាន​បញ្ជាក់​ថា « តាម​រយៈ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ២០១៥-​២០២៥ រាជរដ្ឋាភិបាល​ក៏​មាន​គោលដៅ​ជា​ស្រេច​ក្នុង​ការ​ប្រែក្លាយ​ឧស្សាហកម្ម​កម្ពុជា​ពី​កា​រពឹក​ផ្អែក​លើ​ពលកម្ម​គ្មាន​ជំនាញ មក​ជា​ឧស្សាហកម្ម​ដែល​មាន​ជំនាញ​ខ្ពស់​នៅ​ឆ្នាំ​២០២៥ ។ ចំពោះ​ក្រសួងពាណិជ្ជកម្ម​ផ្ទាល់ ក៏​មាន​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា ២០១៩-​២០២៣ ដែល​សង្កត់ធ្ងន់​លើ​ការ​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ទាញ​យក​ប្រយោជន៍​ពី​ប្រភព​នៃ​កំណើន​ថ្មី​រួម​ទាំង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ជាដើម » ។

​លោក​រដ្ឋមន្ត្រី​បាន​ស្នើ​និង​អំពាវនាវ​ឲ្យ​ធុរជន​ថៃ​ពិនិត្យ និង​មក​ធ្វើ​វិនិយោគ​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើង​នៅ​ប្រទេស​កម្ពុជា​។ កម្ពុជា​មាន​គោលនយោបាយ​លើកទឹកចិត្ត​ជា​ច្រើន​រួម​ទាំង​វិធានការ​ថ្មី​ៗ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ ដើម្បី​សម្រួល​បន្ថែម​ទៀត​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិ​យោគ កាត់​បន្ថយ​ចំណាយ​ប្រតិបត្តិការ​មួយ​ចំនួន និង​កសាង​រចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​ធុរកិច្ច រួម​មាន​ថាមពល ហិរញ្ញវត្ថុ លិខិត​បទដ្ឋាន​គតិយុត្តិ​ជាដើម ។ សម្រាប់​គោលដៅ​វិនិយោគ​នៅ​កម្ពុជា វិស័យ​មាន​សក្ដានុពល​រួម​មា​នក​សិ​-​ឧស្សាហកម្ម កែ​ច្នៃ កម្មន្ដសាល ទេសចរណ៍ បដិ​សណ្ឋារកិច្ច និង​វិស័យ​មួយ​ចំនួន​ទៀត ដែល​ក្រុមហ៊ុន​ថៃ​មានបទពិសោធន៍ និង​ជំនាញ​ខ្ពស់​។

​លោក ជុំ​រិ​ន ឡាក់​សៈណាក់ វិ​ហ្ស៊ី​ត (Jurin Laksanawisit) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ កន្លង​មក​បាន​បញ្ជាក់​ថា ភាគី​ថៃ​នឹង​ជំរុញ​អោយ​វិនិយោគិន​មក​ពី​ថៃ មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត និង​ជំរុញ​អោយ​មានការ​ចរាចរ​ទំនិញ​រវាង​កម្ពុជា និង​ថៃ ប​ន្ថេ​ម​ទៀត​ ដើម្បី​សម្រេច​នូវ​គោលដៅ​របស់​ប្រទេស​ទាំង​ពីរ ។

​គួរ​បញ្ជាក់​ថា គិត​មក​ដល់​ដំណាចឆ្នាំ ២០១៩ កម្ពុជា​ទទួល​បាន​ទុន​វិនិយោគ​ផ្ទាល់​ពី​ប្រទេស​ថៃ ចំនួន​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ទៅ​លើ​វិស័យ​ជា​ច្រើន​រួម​មាន​កសិកម្ម ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ។

ដោយឡែក​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ថៃ ក្នុង​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ ក៏​សម្រេច​បាន​ប្រមាណ​ជាង​៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ខណៈ​ឆ្នាំ ២០២០​នេះ ភាគី​ទាំង​ពីរ​បាន​ដាក់​ផែនការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​អោយ​បាន​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​ភាគី​ទាំង​ពីរ​ក៏​បាន​បើក​ច្រកព្រំដែន​បន្ថែម ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ងាយ​ស្រួល​ដឹក​ទំនិញ​ចេញចូល​និង​ព​ន្លឿ​ន​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ ដើម្បី​អោយ​បរិមាណ​ទំនិញ​ឆ្លង​ប្រទេស​ទាំង​ពីរ​បាន​លឿន​និង​បំពេញ​ទៅ​តាម​ផែនការ​របស់​ភាគី​ទាំង​ពីរ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ