ខេត្តកំពត ៖ សំណង់អនាធិបតេយ្យសង់រំលោភចុះទៅក្នុងព្រែកកំពង់ត្រៀក ស្ថិតក្នុងភូមិកំពង់ត្រៀក ឃុំជុំគ្រៀល ស្រុកទឹកឈូ ដោយចាក់សរសរបេតុងចុះទៅក្នុងព្រែកយ៉ាងច្រើនស្អេកស្កះ និងធ្វើដោយរលូនដែលកន្លងមក កាសែតកោះសន្តិភាពធ្លាប់បានចុះផ្សាយ និងធ្វើបទសម្ភាសន៍ជាមួយលោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ កាលពីកំឡុងខែមករាឆ្នាំ២០២០ ម្តងរួចមកហើយ។
កាលនោះលោកអភិបាលស្រុកទឹកឈូ បានប្រាប់កោះសន្តិភាពថា លោកក្នុងនាមអាជ្ញាធរស្រុក កន្លងមកក៏ធ្លាប់បានឲ្យអាជ្ញាធរភូមិ-ឃុំ និងមន្ត្រីជំនាញស្រុក បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលបានសង់លំនៅឋានរំលោភចុះក្នុងព្រែក សុំឲ្យផ្អាកការសាងសង់។
ប៉ុន្តែបន្ទាប់ពីការផ្សព្វផ្សាយរបស់អាជ្ញាធរស្រុក សំណង់អនាធិបតេយ្យចុះក្នុងទឹកព្រែកក្នុងភូមិកំពង់ត្រៀម ឃុំជុំគ្រៀល ស្រុលទឹកឈូនេះ នៅតែបន្តសាងសង់ដដែល។
សូមបញ្ជាក់ថា មិនមានការណែនាំ និងផ្សព្វផ្សាយរបស់អាជ្ញាធរស្រុក ម្ចាស់សំណង់ទាំងនោះមិនទាន់ធ្វើរបងព័ទ្ធការដ្ឋានសំណង់របស់ខ្លួនទេ លុះក្រោយពីមានការណែនាំរបស់អាជ្ញាធរស្រុក ស្រាប់តែម្ចាស់សំណង់ទាំងនោះធ្វើរបងបិទបាំងការដ្ឋានសំណង់របស់ខ្លួនហើយបន្តធ្វើដោយលួចលាក់យ៉ាងរលូន។ សំណង់ខ្លះក៏ជិតសង់ហើយរួចរាល់ សំណង់ខ្លះទៀតគ្រាន់តែ័ពទ្ធរបងស័ង្កសីមិនទាន់សង់បន្ត ប៉ុន្តែគេជឿជាក់ថា សំណង់អនាធិបតេយ្យខាងលើ និងលួចធ្វើសកម្មភាពសាងសង់ទាល់តែហើយរួចរាល់ដូចគ្នាទាំងអស់ នៅចំណុចហាមឃាត់ខាងលើ បើសិនជាអាជ្ញាធរ និងមន្ត្រីជំនាញមិនមានវិធានការទប់ស្កាត់ ឬឲ្យរុះរើចេញជាបន្ទាន់នោះទេ។
ជាមួយគ្នានេះ ពាក់ព័ន្ធននិងសំណង់អនាធិបតេយ្យខាងលើ លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា សំណង់ទាំងនេះ លោកបានឲ្យមន្ត្រីជំនាញចេញលិខិតឲ្យផ្អាកការសាងសង់ជាពីរដងរួចមកហើយ បើនៅតែលួចបន្តសាងសង់ទៀតលោក និងស្នើសុំឲ្យក្រុមការងារសំណង់របស់ខេត្ត ចុះពិនិត្យ និងមានវិធានការបន្តទៀត សំណង់អាចប្រឈមជាមួយច្បាប់សំណង់ ពីព្រោះសំណង់អនាធិបតេយ្យទាំងនេះសុទ្ធតែគ្មានច្បាប់អនុញ្ញាតពីមន្ត្រីជំនាញនោះទេ ។
ហើយក្នុងនាមលោកជាអាជ្ញាធរមិនអាចមានវិធានការដូចមន្ត្រីនគរបាលយុត្តិធម៌នោះទេ លោកមានសិទ្ធិត្រឹមតែផ្សព្វផ្សាយ និងណែនាំតែប៉ុណ្ណោះ តែបើណែនាំផ្សព្វផ្សាយគេនៅតែផ្គើន អាជ្ញាធរមានតែធ្វើពាក្យបណ្តឹងចូលតុលាការ ដើម្បីឲ្យជនទាំងនោះចូលដោះស្រាយតាមផ្លូវច្បាប់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ