រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចេញផ្សាយ កាលពីយប់ថ្ងៃទី១២ កុម្ភៈនេះ បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា សេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ដែលអនុលោមតាមមាត្រា១៩ នៃបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប ។
ក្រសួងការបរទេសបញ្ជាក់ទៀតថា នេះជា«ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ» ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជាត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។
បើទោះជាផ្អែកលើគុណតម្លៃ និងគោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់សហភាពអឺរ៉ុបក៏ដោយក៏សេចក្តីសម្រេចនេះត្រូវបានជំរុញដោយហេតុផលនយោបាយ ដោយគ្មានការពិចារណាប្រកបដោយកត្តាសត្យានុម័ត និងភាពមិនលំអៀង ។ កត្តាទាំងពីរនេះ គឺជាគោលការណ៍គ្រឹះដែលស្ថាប័នអន្តរជាតិ តួយ៉ាងដូចជា គណៈកម្មការអឺរ៉ុបត្រូវតែប្រកាន់ខ្ជាប់ខ្ជួន ។ សេចក្តីសម្រេចនេះមិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុបជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត ។
ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់«វឌ្ឍនភាពជាក់ស្តែង» ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ ។ លើកលែងតែដំណើរការនៃនីតិវិធីតុលាការមួយគត់ដែលកំពុងត្រូវបានអនុវត្តដោយអនុលោមយ៉ាងពេញ លេញតាមច្បាប់កម្ពុជា និងស្ថិតនៅក្រោមយុត្តាធិការនៃអំណាចឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ក្រៅពីនេះ សកម្មភាពទាំងអម្បាលមានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្តែងចេញក្នុងដំណាក់កាលនៃកិច្ចសន្ទនា គឺមានខ្លឹមសារគួរឱ្យកត់សម្គាល់លើសពីអ្វីដែលជាក្តីកង្វល់របស់សហភាពអឺរ៉ុបទៅទៀត ។
ដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លី សិទ្ធិការងារ និងសេរីភាពសារព័ត៌មានដែល គណៈកម្មការអឺរ៉ុបបានទទួលស្គាល់ថា មានវឌ្ឍនភាពជាក់លាក់នោះក៏រាជរដ្ឋាភិបាលនៅតែបន្តដោះស្រាយកង្វះខាតនានាដែលនៅសេសសល់បន្ថែមទៀតដែរ ។ ចំពោះលំហនយោបាយវិញ រាជរដ្ឋាភិបាលបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានប្រកបដោយភាពស្មោះត្រង់លើកលែងតែសកម្មភាពទាំងឡាយណាដែលប៉ះពាល់នឹងអធិបតេយ្យជាតិប៉ុណ្ណោះ ។ ដើម្បីទុកជាកំណត់ហេតុ និងឈរលើគោលការណ៍តម្លាភាព កម្ពុជាសូមគូសបញ្ជាក់ថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដោយមានគណបក្សនយោបាយចំនួន២០ ចូលរួមក្នុងការបោះឆ្នោតចុងក្រោយបង្អស់នៅឆ្នាំ២០១៨ ៕
ចែករំលែកព័តមាននេះ