តាមប្រភពព័ត៌មាន Oddity Central បានឱ្យដឹងថា បុរសជនជាតិប៉ូឡូញម្នាក់ ដែលពិការភ្នែកអស់រយៈពេល២០ឆ្នាំ បានមើលឃើញវិញ បន្ទាប់ពីត្រូវរថយន្តបុក ខណៈពេលគាត់កំពុងឆ្លងកាត់ផ្លូវ។
កាលពីពីរបីឆ្នាំមុន លោក Janusz Goraj ដែលមកពីទីក្រុង Gorzow Wielkopolski បានងងឹតភ្នែកខាងឆ្វេងទាំងស្រុង ហើយអាចមើលឃើញតែស្រមោលនិងពន្លឺ ដោយប្រើភ្នែកខាងស្តាំរបស់គាត់។ គាត់បានងងឹតភ្នែកកាលពី២០ឆ្នាំមុន ដែលបណ្តាលមកពីអាឡែកហ្ស៊ីធ្ងន់ធ្ងរ ហើយបានក្លាយជាទម្លាប់រស់នៅក្នុងភាពងងឹតស្ទើរតែទាំងស្រុង។ ប៉ុន្តែមួយថ្ងៃនៅឆ្នាំ២០១៨ អព្ភូតហេតុមួយបានកើតឡើង ខណៈ លោក Janusz បានដើរឆ្លងផ្លូវនៅលើផ្លូវបំបែកមួយនៅពេលដែលគាត់ត្រូវរថយន្តបុកយ៉ាងសាហាវ។ គាត់មានរបួសក្បាលយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងការបាក់ឆ្អឹងត្រគាក ដែលត្រូវធ្វើការវះកាត់។
បន្ទាប់ពីជួបគ្រោះថ្នាក់ខាងលើនេះ លោក Janusz Goraj បានចំណាយពេលពីរបីសប្តាហ៍នៅក្នុងមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលបន្ទាប់ពីការវះកាត់ត្រគាក ហើយនៅថ្ងៃមួយគាត់បានក្រោកឡើងបើកភ្នែក ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញស្រមោលនិងពន្លឺភ្លើងខ្សោយ។ គាត់ចាប់ផ្តើមមើលឃើញអ្វីៗដែលច្បាស់ជាង មុនពេលគ្រោះថ្នាក់ ហើយគាត់បានប្រាប់គ្រូពេទ្យអំពីរឿងនេះផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មិនអាចពន្យល់ពីមូលហេតុដែលវាកើតឡើងទេ។
ករណីដ៏ចម្លែករបស់លោក Janusz Goraj ត្រូវបានគេរាយការណ៍ដំបូងក្នុងឆ្នាំ២០១៨ ប៉ុន្តែវាទទួលបានការចាប់អារម្មណ៍នោះទេ ទាល់តែមកដល់ចុងខែមុននេះទើបមានការភ្ញាក់ផ្អើល។ រហូតមកដល់សព្វថ្ងៃនេះគ្មាននរណាម្នាក់ដឹងច្បាស់អំពីមូលហេតុដែលបណ្តាលឱ្យភ្នែកគាត់អាចមើលឃើញនោះទេ ប៉ុន្តែអ្នកជំនាញផ្នែកវេជ្ជសាស្ត្រមួយចំនួនបានសន្និដ្ឋានថា វាមិនមានអ្វីដែលពាក់ព័ន្ធនឹងឡានបុកទេ តែវាអាចមកពីសារធាតុថ្នាំផ្សេង ដែលប្រើពេលគាត់សម្រាកនៅពេទ្យក្រោយវះកាត់ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ