បុគ្គលណាជាអ្នកលើកតម្កើងខ្លួន ប្រកាន់ភ្ជាប់ដោយកំហឹង ពោលលើកគុណខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ជាអ្នកស្វែងរកកំហុសគ្នាទៅវិញទៅមក តែងត្រេកអរចំពោះពាក្យឥតប្រយោជន៍ ជាអ្នកស្វែងរកការផ្ចាញ់សម្តីនៃគ្នានិងគ្នា បុគ្គលនោះឈ្មោះថាជាទុទិដ្ឋិបុគ្គល ។
ឯជនជាសប្បុរសមិនប្រព្រឹត្តការនិយាយដូច្នោះឡើយ ។ បើសប្បុរសប្រាថ្នានឹងនិយាយ ក៏ជាអ្នកឈ្លាស ស្គាល់កាល និយាយតែពាក្យសម្តីដែលប្រកបដោយធម៌ ជាសម្តីដែលអរិយជនធ្លាប់ប្រព្រឹត្តមកហើយ ជាអ្នកមានប្រាជ្ញា មិនក្រោធ មិនលើកខ្លួន មានចិត្តឥតមានមានះគ្របសង្កត់ ជាអ្នកមិនលើកកម្ពស់ ជាអ្នកមិនរួសរាន់ លោកជាអ្នកមិនមានឫស្យានិងសេចក្តីប្រកាន់ខ្លួន ដឹងពិតហើយទើបនិយាយ ។
កាលបើសម្តីដែលជនដទៃនិយាយត្រូវ ក៏អនុមោទនា បើគេនិយាយខុស ក៏មិនដេញដោល មិនប្រុងប្រណាំងប្រជែង មិនអាងហេតុចាប់ខុសគេ មិននិយាយប៉ប៉ាចប៉ប៉ោច មិននិយាយសង្កត់សង្កិនគេ មិននិយាយបាតដៃជាខ្នងដៃ នេះជាចរិតរបស់សប្បុរស ។ សាន សារិន
ចែករំលែកព័តមាននេះ