រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញក្តីសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ចំពោះរូបលោកលើសំណុំរឿងដែលកំពុងដំណើរការនេះ ។ មុនចូលសវនាការជំនុំជម្រះក្ដីក្នុងសប្តាហ៍ទី៤ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ លោក កឹម សុខា បានផ្តល់សម្ភាសន៍នៅមុខផ្ទះរបស់លោក ដោយបង្ហាញការជឿជាក់ថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យលោកទៅតាមនីតិវិធីច្បាប់ ទោះបីមានអ្នកខ្លះរិះគន់តុលាការនៅស្រុកខ្មែរថាគ្មានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ។
ក្នុងកិច្ចសម្ភាសន៍រយៈពេលប៉ុន្មាននាទី ទោះបីលោក កឹម សុខា លើកឡើងមិនចំឈ្មោះបុគ្គលមួយណាថា តុលាការស្រុកខ្មែរគ្មានប្រសិទ្ធភាពក៏ពិតមែន តែក្នុងន័យនេះគឺលោកសំដៅទៅលើ លោក សម រង្ស៊ី ពីព្រោះលោក សម រង្ស៊ី តែងតែរិះគន់តុលាការស្រុកខ្មែរថា ជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ។
លោក កឹម សុខា បានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន មុនទៅកាន់តុលាការថា ចំពោះរឿងក្ដីរបស់លោកជាមួយតុលាការនាពេលកន្លងមកនេះ មិនមានភ័ស្ដុតាង មានត្រឹមតែពាក្យសម្ដី ហើយកាលពីថ្ងៃទី៥ ខែកុម្ភៈ ក្នុងពេលជំនុំជម្រះរឿងក្ដី ព្រះរាជអាជ្ញាលើកឡើងថា «សម្តីហ្នឹងហើយយកមកចាប់» ។ សម្តីរបស់លោកដែលមានការចោទប្រកាន់ពីទោសក្បត់ជាតិ ។
លោក កឹម សុខា ដែលអះអាងថាលោកប្រកាន់យកអហិង្សា បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា តុលាការនឹងផ្ដល់យុត្តិធម៌ឲ្យខ្ញុំ ទោះបីបច្ចុប្បន្ននេះមានអ្នកខ្លះរិះគន់ខ្ញុំថាម៉េចក៏ដោយ បើខ្ញុំទៅតុលាការធ្វើអី បើដឹងថាតុលាការអុីចឹងហើយ ។ ខ្ញុំរស់នៅក្រោមដំបូលព្រះរាជាណាចក្រកម្ពុជា ខ្ញុំត្រូវទៅបង្ហាញការពិតនៅទីនោះ(នៅតុលាការ) អាហ្នឹងវាត្រូវតែទៅ បើគេសម្រេចយ៉ាងម៉េច? ជារឿងរបស់ពួកគេ» ។
លោកបន្ដថា នាពេលកន្លងមកលោកមិនបានធ្វើអ្វីខុសឡើយ ហើយធ្វើអ្វីទៅតាមច្បាប់ កម្ពុជាទៀត ដូចជាបោះឆ្នោត ដើរតាមលទ្ធិប្រជាធិតេយ្យ ការផ្លាស់ប្ដូរដោយអហិង្សា មិនបង្ហូរឈាមជាដើម ។ លោកសង្ឃឹមទៀតថា តុលាការនឹងយកភ័ស្ដុតាងទាំងនេះដើម្បីផ្ដល់យុត្តិធម៌ឲ្យលោក ។
ជាមួយគ្នានេះ លោកថាតុលាការនឹងមិនធ្វើអ្វីដូចគេចោទថា ធ្វើតាមបញ្ជារបស់គណបក្សមានឥទ្ធិពល និងអ្នកមានអំណាចឡើយ ។ការលើកឡើងនេះ គឺក្រោយពីមានអ្នករិះគន់ថា លោក កឹម សុខា ត្រូវរ៉ូវជាមួយគណបក្សកាន់អំណាច និងបែកបាក់ជាមួយលោក សម រង្ស៊ី ដើម្បីលើកលែងទោស ។ លោក កឹម សុខា បានឆ្លើយយ៉ាងខ្លីថា អាហ្នឹងជាការយល់របស់មនុស្សម្នាក់ៗ ខ្ញុំមិនអាចហាមឃាត់គេទេ អ្នកណាគេយល់ម៉េចយល់ទៅ? គេគិតម៉េចគេគិតទៅ?។
លោកបញ្ជាក់ថា ខ្លួនខ្ញុំនៅតែប្រកាន់គោលការណ៍អហិង្សា អត់យកខ្មែរណាជាសត្រូវធ្វើដំណើរទៅបោះឆ្នោត អត់ទៅធ្វើបដិវត្តន៍ពណ៌ អត់ទៅបង្ហូរឈាមខ្មែរ ហើយអ្នកណាទៅបង្ហូរ ឈាមខ្មែរ ធ្វើបដិវត្តន៍ពណ៌ អំពើហិង្សា ជារឿងរបស់ពួកគេ លោកមិនទៅជាមួយឡើយ ។ សូមជម្រាបថា តុលាការដំណើរការលើសំណុំរឿងលោក កឹម សុខា អស់រយៈពេល៤ សប្តាហ៍មកហើយ ។ ករណីនេះធ្លាប់ត្រូវបានប្រធានសាលាដំបូងរាជធានីអះអាងថាដំណើរការរឿងក្តីនេះអាចអូសបន្លាយរយៈពេល៣ខែ ។
គួររំឭកថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ជាបទល្មើសព្រហ្មទណ្ឌ និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។
ក្រោយពីជាប់ឃុំអស់រយៈពេលជាង១ឆ្នាំនៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំនោះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យលោក កឹម សុខា នៅគេហដ្ឋានរបស់លោកវិញ ប៉ុន្តែមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងនយោបាយ ។នៅក្នុងសវនាការ មេធាវីការពារសិទ្ធិលោក កឹម សុខា បានបានទាមទារឲ្យតុលាការបដិសេធកុំទទួលយកភ័ស្តុតាងដែលបានដកស្រង់ពីហ្វេសប៊ុកអនាមិកមួយ ដាក់បន្ទុកចោទប្រកាន់មកលើជនជាប់ចោទ ។
លោក ចាន់ ចេន មេធាវីការពារសិទ្ធិឲ្យលោក កឹម សុខា បានបដិសេធនិងស្នើសុំដល់ក្រុមប្រឹក្សាជំនុំជម្រះ ច្រានចោលខ្សែវីដេអូ ដែលបានផ្សាយដោយហ្វេសប៊ុកឈ្មោះ«កូនខ្មែរ» ដែលជាប្រភពអនាមិកយកមកដាក់បន្ទុកលើលោក កឹម សុខា ។ ក្នុងនាមក្រុមមេធាវីការពារសិទ្ធិជនជាប់ចោទ មិនអាចទទួលបានទេ ។
លោកមេធាវី ចាន់ ចេន និយាយក្នុងសវនាការនាព្រឹកថ្ងៃទី៦ ខែកុម្ភៈថា តាមខ្សែវីដេអូដែលបានបញ្ចាំងនោះ គឺបានយកសម្តីលោក កឹមសុខា ដែលនិយាយនៅអូស្ត្រាលីក្នុងកំឡុងឆ្នាំ២០១៣ ។
ចំណែកមេធាវីតំណាងរាជរដ្ឋាភិបាល លោក គី តិច មិនបានផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មានទេ ។ លោកបានបញ្ជាក់ថា ចាំសប្តាហ៍ក្រោយទើបមេធាវីតំណាងរាជរដ្ឋាភិបាលផ្តល់ព័ត៌មានជូនអ្នកសារព័ត៌មាន ។
គួរបញ្ជាក់ថា ចូលដល់សប្តាហ៍ទី៤ ថ្ងៃទី៦ ខែកុម្ភនេះ លោក កឹម សុខា នៅតែបន្តចូលមកកាន់បន្ទប់សវនាការជំនុំជម្រះទោសរបស់លោក ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ