ខេត្តសៀមរាប ៖ មានអគ្គិភ័យឆាបឆេះព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយករណីនេះត្រូវបានសមត្ថកិច្ចអះអាងថាមានគេលួចដុត ដែលហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង៤និង៣៥នាទីរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា ភ្លើងឆេះព្រៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរខាងលើនេះពិតជាកើតមានមែន ដោយជនមិនស្គាល់មុខបានលួចដុត ទើបបណ្តាលឱ្យការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរអប្សរា ព្រមទាំងរថយន្តពន្លត់អគ្គីភ័យ ចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា មិនឱ្យភ្លើងឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់នោះឡើយ ។

តាមប្រភពដដែលបានបន្តថា ក្នុងការចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរខាងលើនេះ ក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានចុះមកដល់កន្លែងកើតហេតុ ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់អាជ្ញាធរអប្សរាចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត១គ្រឿង ។ ក្នុងហេតុការណ៍នោះដែរក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋបាននាំគ្នាយកមែកឈើវាយពន្លត់កាត់មុខភ្លើងកុំឱ្យឆេះរាលដាលបន្តទៅដល់ផ្ទះប្រជាពលរដ្ឋ និងឆេះបំផ្លាញព្រៃបន្តទៅទៀត ហើយភ្លើងបានរលត់ទាំងស្រុងនៅវេលាម៉ោង៥ល្ងាចថ្ងៃដដែល ដោយបានប្រើប្រាស់ទឹកបាញ់ពន្លត់អស់មួយរថយន្ត ។

បើតាមការបញ្ជាក់របស់លោកមេភូមិអញ្ចាញបានឱ្យដឹងថា ជារៀងរាល់ឆ្នាំការលបលួចដុតព្រៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ គឺកើតមានជារឿយៗ ដោយសាររដូវនេះជារដូវ ក្តៅហើយស្ងួត បង្កភាពងាយស្រួលដល់ជនល្មើសធ្វើសកម្មភាពដុតបំផ្លាញផងដែរ ។

តាមការវាយតម្លៃរបស់មន្ត្រីអប្សរាបានឱ្យដឹងថា ការឆេះព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរខាងលើនេះ គឺឆេះព្រៃ និងស្មៅ ហើយបានរាលដាលទៅឆេះព្រៃក្រាស់ៗ ដែលត្រូវបានធ្វើការអភិរក្ស ។ ម្យ៉ាងទៀតតំបន់ដែលត្រូវភ្លើងឆេះខាងលើនេះ គឺជាដីដែលអាជ្ញាធរអប្សរាធ្វើការអភិរក្សព្រៃឈើ ដោយបានដាំដុះដើមឈើឡើងវិញនៅតាមតំបន់ព្រៃរេចរិល ដែលក្រុមជនល្មើសបានកាប់ទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ