ម្ចាស់​​ស្ម័គ្រចិត្ត​រុះ​​រើភោជនីយ​ដ្ឋាន​​ប្រគល់​ទី​តាំង​​​ជូន​អាជ្ញា​ធរ​ជាតិ​អប្សរា​វិញ​


ខេត្ត​សៀម​រា​ប៖ ​ម្ចាស់​ភោជនីយដ្ឋាន​ទី​២ហើយ ​ដែល​បាន​បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​ភោជនីយដ្ឋាន​មួយ​ខ្នង គឺ​​អតីត​ភោជនីយដ្ឋាន«​ភ្នំ​ស្រី​»បច្ចុប្បន្ន​ឈ្មោះ​​«​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​»ដើម្បី​សម្រួល​ដល់​ការ​សាងសង់​ទីលាន​ប​ដិស​ណ្ឋា​រ​កិច្ច​មុខ​ប្រាសាទអង្គរវត្ត ​នៅ​ថ្ងៃ​ទី២៩ ​មករា ឆ្នាំ​២០២០​ ។

ក្នុង​នោះ​ដែរ​ ​ម្ចាស់ទីតាំង អ្នក​ស្រី​មុត រតនា ​​បាន​​ជួលទៅ​​ឱ្យ​លោក ជ្រុ​ន គឹ​ម​សេង ធ្វេ​ី​អាជីវកម្មនោះ​ ឱ្យ​ដឹង​ថា គាត់​​បាន​បើក​ភោជនីយដ្ឋា​ននេះ​ជាង​២០​ឆ្នាំ​មក​ហើយ អនុស្សាវរីយ៍​ក៏​ច្រើន ហើយ​ទី​នេះ ក៏​ជា​ប្រភព​ចំណូល​និង​ភាព​មានបាន​របស់​អ្នកស្រី​មក​ដល់​សព្វថ្ងៃ​ ​​​រស់នៅ​បាន​សុខសាន្ត​ជាមួយ​កូនចៅ​ដែរ ។ ប៉ុន្តែគាត់​​រីករាយ​​​ប្រគល់​ដី​នេះ​ ជូន​អាជ្​ញាធរ​ជាតិ​អប្សរា​តាម​សំណូមពរ​ ដើម្បី​អភិវឌ្ឍន៍​ទី​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ ព្រោះ​នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​បាន​តាំងចិត្ត​តាំងពី​ដើម​មក​ថា នឹង​ប្រគល់​ជូន​រដ្ឋពេល​រដ្ឋ​ត្រូវការ​ ។

ចំណែក​លោក ជ្រុ​ន គឹ​ម​សេង អា​ជីករ​ភោជនីយដ្ឋាន «​ផ្ទះបាយ​តានី​ខ្មែរ​អង្គរ​» ដែល​បាន​ជួល​ទីតាំង​ពី​អ្នក​ស្រី​ខាងលើ​នេះ​ ជិត​៣​ឆ្នាំ​មក​ហើយក៏​បាន​លើក​ឡើង​ដែរ​ថា ការ​ប៉ះពាល់​ដល់​អង្គរ គឺ​មិនមែន​ជា​ផល​ប៉ះ​ពាល់​តែ​ឆ្នាំងបាយ​របស់ខ្ញុំ​ទេ តែ​ជា​ឆ្នាំងបាយ​ជាតិ​ទាំងមូល និង​ពិភពលោក​ដែរ ដូច្នេះ​ការ​ចូលរួម​របស់ខ្ញុំ​នេះ​ជា​ចំណែក​តូច​ណាស់​ក្នុង​ការ​ថែរក្សា​អង្គរ ក្នុង​នាម​ជា​អ្នក​ទទួល​បាន​ផល​ពី​អង្គរ​។

លោក​បន្ត​ថា ខ្ញុំ​ស្ម័គ្រចិត្ត សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ និង​រដ្ឋាភិបាល​ក្នុង​ការ​រុះរើ​សំណង់ ភោជ​នីយដ្ឋា​ន​នេះ​តាម​សំណូមពរ​ដោយ​មិន​មាន ការ​បង្ខិតបង្ខំ​ទេ ព្រោះ​កើត​ចេញពី​ការ​ជជែក​រក​ដំណោះស្រាយ​មួយ​ដ៏​ល្អ​បំផុត​ សម្រាប់​ជាតិ​យើងទាំងអស់​គ្នា ដើម្បី​រួមចំណែក​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ល្អ បរិស្ថាន​ស្អាត តាម​តម្រូវការ វិស័យ​ទេសចរណ៍​ទាំង​នៅ​ទី​នេះ ទូ​ទាំង​ប្រទេស និង​ពិភពលោក​។

លោកយិ​ត ចាន់​ដា​រដ្ឋ អគ្គ​នាយក​រង​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ការ​រុះរើ​សំណង់​ភោជនីយដ្ឋាន​នេះ គឺ​ស្ថិត​នៅ​ចំ​ទីតាំង​គម្រោង​ដ៏​ធំ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែល​នឹង​ប្រែក្លាយ​ទី​នេះ ​ឱ្យ​មាន​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ បរិស្ថាន​ស្អាត មាន​គម្រោង​រៀបចំ​ទីលាន​បដិសណ្ឋារកិច្ច គម្រោង​ជួសជុល​ផ្លូវ​មុខ​អង្គរវត្ត គម្រោង​ដាំ​ឈើ និង​វាលស្មៅ​ឱ្យ​មាន​ភាព​បៃតង ​។

ដូច្នេះ ដើម្បី​សម្រេច​គម្រោង អាជ្ញាធរ​ជាតិ​អប្សរា​ចាំ​បាច់​មានការ​សម្របសម្រួល​ជាមួយ​អាជីវករ សុំ​ឱ្យ​មានការ​យោគយល់ និង​ចូលរួម​ទាំងអស់​គ្នា ដើម្បី​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​សាងសង់​និង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​នៅ​ទី​នេះ​បាន​រលូន​និង​ដំណើរការ​ទាន់ ពេល​វេលា​ដែល​គ្រោង​នឹង​បញ្ចប់​មុន​ដំណាច់ឆ្នាំ​២០២០ នេះ ដេ​ី​ម្បី​ផល​ប្រ​យោ​ជ​ន៍​រួម​របស់​ប្រជាជន ខ្មែរ និង​ប្រទេស​ជាតិ​ទាំងមូល​។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ