ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រួយបារម្ភពេក ឪពុកម្តាយឱ្យកូនៗតូច​ពាក់ម៉ាស់ពេល​ទៅរៀន​

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ គេ​​សង្កេត​ឃើញ​ថា ដោយសារមាន​ការ​ព្រួយបារម្ភ​ពីការឆ្លងជំងឺរលាកសួតប្រភេទថ្មី (វីរុសកូរ៉ូ​ណា) ធ្វើ​ឱ្យ​ឪពុកម្តាយ និង​អាណាព្យាបាល​សិស្ស​បាន​ទិញ​ម៉ាស់​ឱ្យ​កូន​ៗរបស់​ពួក​គាត់​ពាក់ពេលទៅរៀន​ ដើម្បី​ការពារ​មិន​ឱ្យ​មានការ​ចម្លងជំងឺប្រភេទនេះ​តាម​រយៈ​ការ​ក្អក ឬ​កណ្តាស់​ ​ពេល​​និយាយ​ឆ្លើយឆ្លង​គ្នា​។…

ខេត្តស្ទឹងត្រែង​ ៖ គេ​​សង្កេត​ឃើញ​ថា ដោយសារមាន​ការ​ព្រួយបារម្ភ​ពីការឆ្លងជំងឺរលាកសួតប្រភេទថ្មី (វីរុសកូរ៉ូ​ណា) ធ្វើ​ឱ្យ​ឪពុកម្តាយ និង​អាណាព្យាបាល​សិស្ស​បាន​ទិញ​ម៉ាស់​ឱ្យ​កូន​ៗរបស់​ពួក​គាត់​ពាក់ពេលទៅរៀន​ ដើម្បី​ការពារ​មិន​ឱ្យ​មានការ​ចម្លងជំងឺប្រភេទនេះ​តាម​រយៈ​ការ​ក្អក ឬ​កណ្តាស់​ ​ពេល​​និយាយ​ឆ្លើយឆ្លង​គ្នា​។

គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមករា ​ពុំ​ទាន់​មានការ​​ភ្ញាក់​​ផ្អើលពីជំងឺនេះ​​នៅឡើយ​ទេ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែមករា នៅ​ក្រុង​ស្ទឹង​ត្រែង​ចាប់ផ្តើម​មានការ​ភ្ញាក់ផ្អើល ហើយ​នាំ​គ្នា​ទៅ​ទិញ​ម៉ាស់​ពាក់​ការពារ​ការឆ្លងជំងឺ​នេះ​។

​លោក ម៉ែ​ន គង់ អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្ទឹងត្រែង​បាន​មាន​ប្រសាសន៍​ថា ទាក់ទង​ទៅ​នឹង​វិធានការ​ការពារឆ្លងជំងឺ​​រលាកថ្លើមប្រភេទថ្មី (វីរុសកូ​រ៉ូ​ណា) នេះ រដ្ឋបាល​ខេត្ត​បាន​អនុវត្ត​ផែនការទប់​ស្កាត់​ការពារ ដែល​ក្នុង​ស​ប្តា​ហ៍​មុន​ ខេត្ត​បានឱ្យ​មន្ទីរ​សុខាភិបាលចុះ​ធ្វើការ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​មណ្ឌល​សុខភាព​ទាំងអស់ ធ្វើការ​អប់រំ ឃោសនា​ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ដោយ​ធ្វើការ​អនាម័យ​ជា​ប្រចាំ ការ​ទទួល​ទាន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន ហើយ​ការ​តាមដាន​កំ​ដៅ​ក្នុង​ករណី​មាន​ជំងឺ​គ្រុនក្តៅ និងជំងឺ​ផ្តាសាយ សូម​ឱ្យ​តាមដាន​ជា​បន្ទាន់ ។

លោកម៉ែន គង់ បាន​បន្ត​ថា បើ​មាន​ករណី​កំ​ដៅ​ឡើង​ខ្លាំង សូម​ឱ្យទៅ​មណ្ឌល​សុខភាព ហើយ​មណ្ឌល​សុខភាព​ត្រូវ​រាយ​ការណ៍​​បន្ទាន់​មក​មន្ទីរ​សុខាភិបាល ដើម្បី​ចាត់វិធានការ​បន្ត​ទៀត ហើយ​ការ​ផ្សព្វផ្សាយ មិនមែន​ហៅ​ប្រជាពលរដ្ឋ​មក​ប្រមូលផ្តុំ​គ្នា​ទេ គឺ​មន្ត្រី​សុខាភិបាល រួម​នឹង​មេ​ភូមិ ថ្នាក់ដឹកនាំ​ឃុំ ធ្វើការ​ផ្សព្វផ្សាយ​ត​គ្នា និង​ដើរ​ចល័ត​ទៅ​តាម​ផ្ទះ​ផ្សេង​ៗ​ទៀត​ក្នុងភូមិ ។ ដោយឡែក​តាម​សាលារៀន ខាង​​មន្ទីរ​អប់រំ​បាន​ជូនដំណឹង​​ក្នុង​ម៉ោង​​សិស្សា​ឱ្យ​សិស្សា​នុ​សិស្ស​មាន​ការ​ប្រុង​ប្រយ័ត្ន បើ​មាន​ករណី​ដូច​ខាងលើ សូម​ទាក់ទងទៅ​​មន្ទីរ​ជំនាញ ។ ​ចំណែក​នៅ​ច្រកព្រំដែន មន្ទីរ​ជំនាញ​បាន​ពិនិត្យ​មើល​តាមរយៈ​ម៉ាស៊ីន​ស្កេ​ន​ផ្សេង​ៗ និង​បញ្ជូន​មន្ត្រី​ជំនាញ​២​រូប​ចុះ​ទៅ​តាមដាន​នៅ​ច្រក​ទ្វា​អន្តរជាតិ​ត្រពាំង​គ្រៀល ដើម្បី​ពិនិត្យ​ពី​សុខភាព​ភ្ញៀវ​ចូល​តាម​ច្រក​ប្រទេស​ឡាវ​។

​លោក អ៊ុ​ង សូ​វៀត ប្រធាន​មន្ទីរ​សុខាភិបាល​​ខេត្ត​បាន​មាន​ប្រសាសន៍​ថា ដោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល គឺ​ឱ្យ​មន្ត្រី​ទាំងអស់​មានការ​ប្រយ័ត្ន​ប្រយែង និង​យកចិត្តទុកដាក់​ការពារ​ខ្លួន និង​តាមដាន​ដល់​ប្រជាពលរដ្ឋ ហើយ​នៅ​មន្ទីរពេទ្យ​មានការ​រៀបចំ​បន្ទប់​ដាច់​ដោយឡែក​មួយ​សំរាប់​ដាក់​អ្នកជំងឺ ប្រ​សិន​មានការ​សង្ស័យ ​ឬ​​កើត​ជំងឺ​ផ្លូវដង្ហើម​។

លោក​ប្រធាន​មន្ទីរសុខាភិបាល​ខេត្ត​បាន​បន្ត​ថា ​បាន​ចាត់​មន្ត្រី​ជំនាញ​ដែល​មានការ​បណ្តុះបណ្តាល​ច្បាស់លាស់ទៅ​ច្រក​ទ្វា​អន្តរជាតិ​ត្រពាំង​គ្រៀល ដើម្បី​ត្រួតពិនិត្យ​អ្នក​ធ្វើ​ដំណើរ​ចេញចូល​តាម​ព្រំដែន ដោយ​មាន​ម៉ាស៊ីន​ស្កេ​ន​ខ្នាត​តូច​អាច​ប្រើប្រាស់​បាន​ក្នុង​ករណី​ចាំបាច់ ហើយ​មួយវិញទៀត​ជាង​១​ស​ប្តា​ហ៍​ហើយ បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​តាម​ច្រក​ព្រំ​ដែន និង​កន្លែង​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​កន្លែង​ចិញ្ចឹមសត្វ​ជាដើម​។ ដោយឡែក ចំពោះ​វិធានការ​នៃ​ការ​លក់​ម៉ាស់​តាម​ឱសថស្ថាន ដែល​មាន​ចំនួន​​១២កន្លែង នៅ​ខេត្តស្ទឹងត្រែង គឺ​បាន​ចាត់​ឱ្យ​មន្ត្រី​គ្រប់គ្រង​ឱសថ ចុះ​ពិនិត្យ​មើល ដើម្បី​ទប់ស្កាត់​កុំឱ្យ​ឡើងថ្លៃ ។

​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​​ជា​ផ្លូវការ​ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​រក​ឃើញ​ករណី​ជំងឺ​​រលាកសួត​ថ្មី ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា នៅ​លើ​ជនជាតិ​ចិន​ម្នាក់ ដែល​ចាក​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន ចូល​មក​កាន់​ប្រទេស​កម្ពុជា តាម​អាកាស​យានដ្ឋាន​អន្តរជាតិ​ព្រះ​សីហ​នុ​។

​លោក ម៉​ម ប៊ុ​ន​ហេង ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត​នា​ព្រលប់​ថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ​បាន​នឹង​កំពុង​ដាក់​នៅ​ដាច់​ដោយឡែក​ពី​គេ​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ