ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងព្រេង​និទាន​ពី​ប្រវត្តិ​ព្រះ​គណេស

4 ឆ្នាំ មុន
  • ភ្នំពេញ

ព្រះ​គណេស​ជា​ទេព​របស់​ឥណ្ឌា មានខ្លួន​ជា​មនុស្ស ក្បាលដំរី តាម​ប្រក្រតី​មាន​ដៃ​បួន អ្នក​ឥណ្ឌា​រាប់អាន​ថា ជា​ទេព​ប្រចាំ​សេចក្ដី​ជំពាក់​ស្មុគស្មាញ និង​ជា​អ្នក​ផ្ដល់​នូវ​សេចក្ដីសម្រេច​កិច្ច​ផ្សេង​ៗ ។ ហេតុ​ដូច្នោះ​ព្រះ​គណេស ទើបបាន​នាម​ជា…

ព្រះ​គណេស​ជា​ទេព​របស់​ឥណ្ឌា មានខ្លួន​ជា​មនុស្ស ក្បាលដំរី តាម​ប្រក្រតី​មាន​ដៃ​បួន អ្នក​ឥណ្ឌា​រាប់អាន​ថា ជា​ទេព​ប្រចាំ​សេចក្ដី​ជំពាក់​ស្មុគស្មាញ និង​ជា​អ្នក​ផ្ដល់​នូវ​សេចក្ដីសម្រេច​កិច្ច​ផ្សេង​ៗ ។ ហេតុ​ដូច្នោះ​ព្រះ​គណេស ទើបបាន​នាម​ជា ពិ​ឃេ​ស្វរៈ ប្រែ​ថា «​អ្នកជា​ធំ​ក្នុង​សេចក្ដី​ជាប់ជំពាក់​» និង​សិទ្ធិ​ជាតា ប្រែ​ថា «​អ្នក​ឲ្យ​សេចក្ដីសម្រេច​ផល​» ។

មាន​គតិ​ប្រកាន់​ថា អ្នក​ណា​បាន​ក្រាប​សំពះ​បូជា​ព្រះ​គណេស នឹង​មាន​សេចក្ដីចម្រើន​សិរី​សួស្ដី​ជ័យ​មង្គល (​ព្រោះ​ព្រះ​គណេស មាន​ជាយា​ពីរ​អង្គ ឈ្មោះ​ពុទ្ធិ និង​សិទ្ធិ ហើយ​មាន​ឱរស​ឈ្មោះ​ក្សេ​ប និង​លាភ រាប់​ថា​ជា​មង្គល​ទាំង​ព្រម​) ។

អ្នកស្រុក​ហិណ្ឌូ កាល​នឹង​ប្រកប​កិច្ច​ពិធី​ក្នុង​លទ្ធិ​សាសនា ឬ​សិក្សា​រៀនសូត្រ រៀន​សិល្ប៍វិទ្យា គេ​ក៏​ពោល​ពាក្យ​នមស្ការ​ព្រះ​គណេស សូម​សេចក្ដី​ប្លត​ភ័យ ឲ្យ​ផុត​ការ​ជំពាក់​ទាក់ទាម ហើយ​ដើម្បី​នឹង​សូម​សេចក្ដីសម្រេច​ផល​ក្នុង​កិច្ច​នោះ​ជា​មុន ។ ហេតុនេះ​ព្រះ​គណេស​ជា​ទេព​ប្រចាំ​សិល្ប៍វិទ្យា​នៃ​ក្រុម​សិល្បករ ទើប​សៀម​ឆ្លាក់​រូប​ព្រះ​គណេស​ដាក់​ក្នុង​ដួង​ត្រា​ប្រចាំ​ក្រុម​វង់​មូល​ដែល​ឡោម​រូប​ព្រះ​គណេស​មាន​ប្រាំពីរ​វង់ ជា​គ្រឿង​សម្គាល់​ដល់​កែវ ៧​ដួង ដែល​ជា​តំណាង​សិល្បៈ​៧​យ៉ាង​គឺ ១-​ការ​ជាង​ស្មូន ២-​ចិត្រ​កម្ម ៣-​តុ​រ្យា​ង្គ​សិល្បៈ ៤-​នាដ​សិល្បៈ ៥-​វាទ​សិល្បៈ ៦-​ស្ថាបត្យកម្ម និង ៧-​អក្សរសាស្ត្រ ។

សៀវភៅ​វណ្ណគតិ​របស់​ឥណ្ឌា ឯខាង​ដើម សុទ្ធតែ​មាន​ពាក្យ​សម្រាប់​នមស្ការ​ព្រះ​គណេស ដើម្បី​សូម​ប្រសិទ្ធិ​ប្រសា​ធ (​សេចក្ដីសម្រេច​ផល​) ដល់​សៀវភៅ​រឿង​នោះ​ថា គ​ណេ​សាយ នបៈ ប្រែ​ថា «​សូម​ថ្វាយបង្គំ​ដល់​ព្រះ​គណេស​» ។ សូ​ម្បី​តែ​ក្មេង​ទៅ​សាលារៀន កាល​នឹង​ផ្ដើម​មើល​អាន​សៀវ​ភៅ ក៏​ពោល​ពាក្យ​នមស្ការ​ព្រះ​គណេស​ជា​មុន​ថា ហរិ ឱមៈ ស្រី​គណ​បត​យេ ន​មៈ ប្រែ​ថា «​ហរិ ឱមៈ យើងខ្ញុំ​សូម​លំអោនកាយ​ចំពោះ​ព្រះ​គណ​បតី​ជា​អ្នកមាន​សិរី​» ។

អ្នកស្រុក​ហិណ្ឌូ​ដែល​ជឿ​មាំ​ក្នុង​លិទ្ធ​សាសនា កាល​នឹង​ប្រកប​ការ​លក់ដូរ ឬ​ទៅ​ផ្លូវ​ឆ្ងាយ គេ​មិន​លះបង់​ការ​ពោល​ពាក្យ​ស្ដុតិ​ព្រះ​គណេស​ឡើយ ហេតុ​ទាំងនោះ ក៏​ដើម្បី​នឹង​សូម​សេចក្ដី​គ្រប់គ្រង ហើយ​សូម​ឲ្យ​ផុត​សេចក្ដី​ជំពាក់​ទាក់ទាម ផ្សេង​ៗ​ដែរ ។ ព្រះ​គណេស​មាន​នាម​មួយ​យ៉ាង​ទៀត​ថា ហេរ​ម្ពៈ ប្រែ​ថា «​អ្នកគ្រប់គ្រង​ការពារ​» ។ ក្នុង​ទេវស្ថាន​ខាង​លទ្ធិ​សៃ​វៈ និង​ទី​ដែល​រាប់អាន​ព្រះ​សិវៈ​ជា​ធំ គ្រប់កន្លែង មាន​ទី​តាម​ជួរ​ថ្នល់ មាន​ទី​តាម​ជួរ​ថ្នល់ ជួរ​ផ្លូវ​កណ្ដាលវាល និង​ក្រោម​ដើមឈើ​ដោយ​អន្លើ ក៏​ច្រើន​តែ​មាន​រូប​ព្រះ​គណេស​ប្រតិស្ឋាន​ទុក​នៅ ដើម្បី​ប្រជាជន​គ្រប់​ជាតិ គ្រប់​វណ្ណៈ ដែល​ដើរ​តាម​ផ្លូវ​ទៅ​លក់ដូរ ឬ​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ នឹង​បាន​ឱកាស​ក្រាប​សំពះ​បូជា សូម​សេចក្ដី​គ្រប់គ្រង ហើយ​និង​ការ​សម្រេច​ផល​។

ក្នុង​គតិ​ទមិឡ​ប្រកាន់​ថា​៖ ព្រះ​គណេស​ជា​ទេព​ប្រចាំ​ស្រុក ទំនង​ដូច​អារក្ស​ស្រុក ឬ​អ្នកតា​របស់​ខ្មែរ ។ ក្រៅ​អំពី​នេះ​ទៅ​ទៀត នៅ​មាន​រាប់អាន​ព្រះ​គណេស​ជា​ទេព​ប្រចាំ​ផ្ទះ ដែល​គេ​ត្រូវ​បូជា​ក្នុង​វេលា​ចូល​ដេក ឬ​វេលា​ភ្ញាក់ពីដេក គឺ​ពេល​លប់មុខ​រួច​មុន​ទេព​អង្គ​ដទៃ​ទាំងអស់ ។ ទេព​អង្គ​ដទៃ​ក្នុង​ទី​នេះ​ស​ម្ដៅ​យក ព្រះ​សិវៈ (​ឥសូរ​) ព្រះ​វិស្ណុ (​នារាយណ៍​) និង​ព្រះអាទិត្យ (​ព្រះអាទិត្យ​ក្នុង​ទី​នេះ​ស​ម្ដៅ​យក​ព្រះព្រហ្ម តែ​សៀម​ស​ម្ដៅ​យក​ព្រះ​ខន្ធ​កុមារ​មក​ជំនួស​ព្រះព្រហ្ម​) និង​ព្រះ ឧមា នូវ​ព្រះ​លក្ស្មី​។

ពួក​ព្រាហ្មណ៍​កាលបើ​ត្រូវ​រាយមន្ត​ក្នុង​កិច្ច​ពិធី រមែង​សូត្រ​ឡើងជា​ដំបូង​ថា​«​ឱម​» ដែល​ជា​ពាក្យ​ប្រកបដោយ​សំឡេង​រួម​អក្សរ​ថា អ​. ឧ​. ម​. ។ អ​. បាន​ដល់​ព្រះព្រហ្ម ឧ បាន​ដល់ ព្រះ​វិស្ណុ ម​. បាន​ដល់​ព្រះ​សិវៈ​២​នេះ​ក៏​ឃើញ​បាន​ថា សូ​ម្បី​តែ​ក្នុង​ការ​ពោល​ពាក្យ​បូជា​ព្រះ​ជា​ម្ចាស់ ដែល​ជា​ទេព​ជាន់ខ្ពស់​បំផុត​ហើយ​ក្ដី ក៏​នៅ​តែ​មិន​ផុត​ចំណែក​នៃ​ព្រះ​គណេស គឺ​នៅ​តែ​យក​ទៅ​រួម​ផង​ជា​ដរាប។ ព្រះ​គណេស កាល​មាន​គេ​និយម​បូជា​ច្រើន ទើប​មាន​រូប​តាំង​ជា​ទូទៅ​ទៅ​ក្នុង​ប្រទេស​ឥណ្ឌា​។

អ្នកស្រុក​ឥណ្ឌា កាល​នាំ​លទ្ធិ​សាសនា​ហិណ្ឌូ​ទៅ​ផ្សាយ ឬ​លើកគ្នា​ចេញ​ទៅ​តាំង​ភូមិលំនៅ ធ្វើការ​លក់ដូរ​ក្នុង​ប្រទេស​ដទៃ ក៏​ច្រើន​តែ​មាន​រូប​ព្រះ​គណេស ជាប់​នឹង​ខ្លួន​ទៅ​ផង ។ ហេតុនេះ ទើប​រូប​ព្រះ​គណេស​មាន​ផ្សាយ​ចេញ​ទៅ​ជា​ច្រើន ដល់​ទៅ​ប្រទេស​ទី​បេ និង​តាត ។ ចំណែក​ខាង​ឯកើត គឺ​ជ្រោយ​ឥណ្ឌូចិន ភូមា សៀម និង​ខ្មែរ រហូត​ទៅ​ដល់​ចិន និង​ជប៉ុន ដែល​ឆ្លង​សមុទ្រ​ទៅ​ក៏​មាន នៅ​កោះ​ជ្វា បា​ហ្លី និង​បរ​ណេ​អូ ក៏​មាន ។ តែ​រូប​ព្រះ​គណេស​ក្នុង​ប្រទេស​អម្បាល​នេះ មាន​លក្ខណៈ​ដួល​ទៅ​តាម​គតិ​និយម​រាប់អាន ដូច​យ៉ាង​ព្រះ​គណេស​របស់​ចិន ក៏​ទ្រង់គ្រឿង​បែប​ចិន និង​ប្រដាប់​ក៏​ប្លែក​ទៀត ។

តាម​ប្រក្រតី​ព្រះ​គណេស​កាន់​ភ្លុក​ដំរី​មួយ​កំណាត់ តែ​ព្រះ​គណេស​របស់​ចិន ជប៉ុន និង​ទី​បេ កាន់​មើម​ឆៃប៉ូវ​មាន​ស្លឹក​ឆែក​បី ស្រ​ដៀង​នឹង​រូប​ត្រីសូរ​វ​ជិ​រា​វុ​ធ ។ ព្រះ​គណេស​របស់​សៀម តាម​រូបភាព​ដើម មិន​ដុះពោះ​ស្អុយ​ដូច​ព្រះ​គណេស​ឥណ្ឌា​ទេ ហើយ​ជួនកាល​ក៏​មាន​ភ្លុក​ទាំង​ពីរ​ខាង​មាន​ទំនង​ដូច​ព្រះ​គណេស​ចិន ជប៉ុន និង​ទី​បេ ។ ព្រះ​គណេស​ខ្មែរ មាន​ភ្លុក​តែ​ម្ខាង​ក៏​មាន មាន​ភ្លុក​ទាំង​សងខាង​ក៏​មាន ។ ចំណែក​ព្រះ​គណេស​របស់​ឥណ្ឌា មាន​ភ្លុក​តែ​ម្ខាង​ទេ ព្រោះ​ភ្លុក​ម្ខាង​ទៀត​នោះ ថា​ត្រូវ​បរ​សុ​រាម​ចោល​ដោយ​ពូថៅ​ត្រូវ​បាក់​ទៅ​ហើយ តែ​ព្រះ​គណេស​យក​មក​កាន់​ជា​អាវុធ​ខ្ជាប់​នៅ​ដៃ​ខ្លួន ។

មានរឿង​និទាន ទាក់ទង​នឹង​ព្រះ​គណេស​នេះ​ច្រើន​យ៉ាង​ណាស់ តែ​សូម​លើកយក​ខ្លះមក​ពោល​ក្នុង​ទី​នេះ ដើម្បី​បង្ហាញ​នូវ​ប្រភព​ខ្លះ ដែល​ជា​ប្រវត្តិ​នៃ​អាទិទេព​អង្គ​នេះ ៖

១- ក្នុង​គម្ពីរ​ព្រហ្ម​វៃ​វត្ត​បុរាណ ពោល​ថា កាល​ព្រះ​ប​ព៌​ត ជា​មហេសី​ព្រះ​សិវៈ ព្រះ​នាង​មិន​មាន​ឱរស ព្រះ​សិវៈ​ទ្រង់​នាំ​ព្រះ​នាង​ឲ្យ​ធ្វើ​ពិធី​បន្សាក​ព្រឹត្តិ គឺ​បូជា​ព្រះ​វិស្ណុ (​នារាយណ៍​) ក្នុង​ថ្ងៃ​១៣​កើត​ខែមាឃ ហើយ​ឲ្យ​ធ្វើ​ជា​និច្ច​រៀង​ទៅ​រាល់ថ្ងៃ អស់​កាល​មួយ​ឆ្នាំ ដោយ​ចាត់​រក​ផ្កាឈើ ផ្លែ​ឈើ នំ ទឹកដោះ សប្បិ (​ទឹកដោះ​ជ្រាយ​) នវនីត (​ទឹកដោះ​ស្ងួត​) ភាជនៈ នូវ​កែវកង ចិញ្ចៀន មាសប្រាក់ ឲ្យ​ជា​ទ​ក្ខិ​ណ​ទាន​ព្រាហ្មណ៍​មួយ​ពាន់​រូប​រាល់ថ្ងៃ រហូត​ដល់​ការ​ពិភ័ក្ដិរក្សា​ជួយ​ចិញ្ចឹម​ពួក​ព្រាហ្មណ៍​ទាំងនោះ​ផង ។

អ្នក​ធ្វើ​ពិធី​ត្រូវ​មាន​សីល​ឲ្យ​បាន​បរិសុទ្ធ​កាយវាចា​ចិត្ត សម្លឹង​តែ​ចំពោះតែ​ព្រះ​ហរិ​នារាយណ៍​ជា​ម្ចាស់ ។ ព្រះ​ប​ព៌​ត ធ្វើ​ពិធី​ជា​អំឡុង​មក ក៏​នៅ​តែ​មិន​បាន​ព្រះ​ឱរស​ទៀត ទ្រង់មាន​សេចក្ដី​តូច​ព្រះ​ទ័យ​ក្រៃ​លែង ។ ខណៈនោះ​ស្រាប់តែ​ឮ​សំឡេង​ប្រាកដ​ឡើង​ថា ឲ្យ​ត្រឡប់​ទៅ​បន្ទប់ នឹង​កុមារ​ដែល​ជា​អង្គ​ព្រះ​ក្រ​ស្ណៈ​មក​កើតជា​ឱរស ។ ព្រះ​នាង​បាន​ព្រះ​កុមារ​ដូច​បំណង ពួក​ទេព​ជ្រាប​ដំណឹង​ក៏​នាំ​គ្នា​ទៅ​សម្ដែង​សេចក្ដី​ត្រេកអរ​ថ្វាយ​សាធុការពរ​។ ក្នុង​ទេព​អម្បាល​នេះ មាន​ព្រះ​ស​និ (​ព្រះ​សៅរ៍​) ស្ថិត​នៅ​ទីនោះ​ផង តែ​ព្រះ​ស​និ មិន​ហ៊ាន​ក្រឡេក​មើល​កុមារ​ទេ ទ្រង់​ឱន​ឈ្ងោក​មើល​តែ​ផ្ទៃ​ព្រះ​រោង ។ ព្រះ​ប​ព៌​តី​ត្រាស់​សួរ​ថា ហេតុ​ដូច​ម្ដេច​បានជា​ធ្វើ​ដូច្នោះ ?

ព្រះ​ស​និ តប​ថា គ្រាមួយ​នោះ ដោយ​ទ្រង់​រវល់​តែ​នឹង​ភាវនា​រឭក​ដល់​ព្រះ​វិស្ណុ ភ្លេច​គិតដល់​ការ​លួងលោម​យកចិត្ត​ភរិយា ភរិយា​ក្រោធ​ក៏​ផ្ដាសា​ថា បើ​ព្រះ ស​និ ក្រឡេក​មើល​អ្នក​ឯណា ឲ្យ​អ្នក​នោះ​ដល់​នូវ​សេចក្ដី​វិនាស ហេតុនេះ​ទើប​ខ្លួន​មិន​ហ៊ាន​ក្រឡេក​មើល​មុខ​អ្នក​ណា​សោះ ព្រោះ​ខ្លាច​ផល​អាក្រក់​បាន​ដល់​អ្នក​ដែល​ខ្លួន​ក្រឡេក​មើល ។ ព្រះ​ប​ព៌​តី​ទ្រង់​សណ្ដាប់​ហើយ ក៏​មិន​ទ្រង់​ប្រកាន់ទោស ព្រោះ​ទ្រង់​យល់​ឃើញ​ថា របស់​ណា​នឹង​គប្បី​កើត របស់​នោះ​ក៏​ត្រូវ​តែ​កើត​ដូច​ព្រហ្ម​លិខិត​កំណត់​ទុក ទើប​អនុញ្ញាត​ឲ្យ​ព្រះ​ស​និ ក្រឡេក​មើល​ព្រះ​កុមារ​បាន​។

ទើប​ព្រះ ស​និ​សូម​ប្ដឹង​ឲ្យ​ព្រះ ធម្មរាជ (​ព្រះ​យម​) ជួយ​ជា​កសិណ ហើយ​ក្រឡេក​មើល​ព្រះ​កុមារ ។ ក្នុង​រំពេច​នោះ​ឯង ព្រះ​សិរ​នៃ​ព្រះ​កុមារ​ក៏​ដាច់​ចេញ​អំពី​ព្រះ​សូរង​ខ្ទាត​ឡើង​ទៅ​លើ​គោ​លា (​គឺ​ឋានសួគ៌​ព្រះ​ក្រ​ស្ណៈ ព្រោះ​ជា​ព្រះ​សិរ​ដែល​បែងភាគ​ចុះ​មក​កើតជា​កុមារ ទើបត្រូវ​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ រឿង​ក្នុង​វគ្គ​នេះ មាន​ផ្សេង​ៗ​គ្នា​) ។

ឃើញ​អស្ចារ្យ​ដូច្នោះ ព្រះ​ប​ព៌​តី​ស្ទុះ​ចូល​ទៅ​ស្រវាឱប​កាយ​ព្រះ​កាយ​កុមារ ដែល​បាត់​ព្រះ​សិរ​ទៅ​ហើយ​នោះ ផ្ដួល​ផ្ដេក​ព្រះ​កាយ​ទ្រង់​ព្រះ​កន្សែង ។ ដើម្បី​នឹង​សម្ដែង​អធ្យាស្រ័យ​មេត្រី​នឹង​ព្រះ​ប​ព៌​តី ពួក​ទេព​ក៏​នាំ​គ្នា​ខ្សឹកខ្សួល​ទៅ​ផង វៀរតែ​ព្រះ​វិស្ណុ​១​អង្គ ស្ដេច​ឡើង​គង់​លើ​គ្រុឌ​ហិចហោះ​ទៅ​ឯ​ទន្លេ​បុស្ស​ភ​ទ្រ ឃើញ​ដំរី​មួយ​ដេក​លក់ បែរ​ក្បាល​ទៅ​ទិស​ខាងជើង ក៏​កាត់​ក្បាលដំរី​នោះ នាំ​មក​ត​ព្រះ​សូរង​នៃ​ព្រះ​កុមារ​ៗ ទើប​ត្រឡប់​រស់​ឡើង​វិញ មាន​ព្រះ​សិរ​ជា​ដំរី ។ (​គម្ពីរ​ខ្លះ​ថា ដំរី​នេះ​មាន​ភ្លុក​តែ​ម្ខាង​) ។ ព្រះ​ប​ព៌​តី​ក៏​ប្រទាន​រង្វាន់​មាន​តម្លៃ ដល់​ពួក​ទេព​និង​ព្រាហ្មណ៍ ចំណែក​ព្រះ​ស​និ ក៏​ត្រូវ​ព្រះ​ប​ព៌​តី​ដាក់​បណ្ដាសា ឲ្យ​ដើរ ឃ្វា​ច​ៗ តាំង​អំពី​កាលនោះ​មក ។

លក្ខណៈ​ប្រព្រឹត្ត​ទៅ​របស់​បណ្ដា​ទេពតា តាម​ដែល​ពោល​មកនេះ មើលទៅ​ក៏​មិន​ខុស​អ្វី​នឹង​មនុស្ស​សាមញ្ញ ហើយ​ទោះបីជា​រឿង​ដែល​ចេញ​មក​អំពី​ព្រហ្ម​វៃ​វ​ត៌​បុរាណ សឹង​ជា​គម្ពីរ​ដែល​លើកតម្កើង​ព្រះព្រហ្ម​ក៏​ដោយ តែ​សេចក្ដី​នៃ​រឿង​សម្ដែង​ក៏​នៅ​តែ​ប្រាថ្នា​នឹង​លើកតម្កើង​ព្រះ​ក្រ​ស្ណៈ ដែល​ព្រះ​វិស្ណុ​បែងភាគ​ចុះ​មក​កើត ។ ព្រោះ​ដូច្នោះ​ទើប​រាប់​បាន​ថា ជា​រឿង​របស់​និកាយ​វៃស្ណវៈ ដែល​រាប់​ព្រះ​វិស្ណុ​ជា​ធំ ។ ព្រះ​គណេស​ដែល​ថា​ជា​ឱរស​ព្រះ​សិវៈ និង​ព្រះ​នាង​ប​ព៌​តី គួរ​អ្វី​ត្រឡប់​ជា​ភាគ​ព្រះ​ក្រ​ស្ណ? ។ ឯ​រូប​ព្រះ​គណេស​ក្នុង​រឿង​ដែល​ពោល​នេះ ច្រើន​ជា​ក្មេង​វារ មាន​ក្បាល​ជា​ដំរី ហៅ​ឈ្មោះ​ថា ពាល​គណេស (​ព្រះ​គណេស​ក្មេង​) ។

ត្រឹមតែ​នាំ​រឿង​កំណើត​ព្រះ​គណេស​មក​ពោល​ជា​រឿង​ដំបូង ក៏​ធ្វើ​ឲ្យ​ឃើញ​ថា ជា​រឿង​ជំពាក់​ស្មុគស្មាញ​ណាស់​ទៅ​ហើយ ហើយ​រឿង​ជាមួយ​គ្នា​នេះ កាល​ធ្លាក់​មក​ដល់​ស្រុក​អាយ​ក៏​មាន​ផ្ទៃរឿង​ត្រូវ​គ្នា តែ​ចំពោះ​សេចក្ដី​វិញ​មាន​បែកខ្ញែក​ទៅ​ច្រើន​ណាស់ ។

ឯ​រឿង​របស់​សៀម​ស្ដី​អំពី​កំណើត​ព្រះ​គណេស មាន​សេចក្ដី​ដូច្នេះ ៖

២- នាង​អប្សរ​មួយ​អង្គ ធ្វើ​ខុស​ព្រោះ​ប្រាសចាក​ធម្ម​គតិ​នៃ​ចរិត​ស្រី​ទេពអប្សរ​ទាំងឡាយ ក៏​ត្រូវ​ច្យុត​ចុះ​មក​កើតជា​ដំរីទឹក​ឈ្មោះ​អសុរ​ក​ង្កី ធ្វើ​ឲ្យ​កើត​សេចក្ដី​ក្ដៅក្រហាយ​ដល់​ត្រៃលោក ។ ព្រះ​ទ្រង់​ព្រះ​តម្រិះ​ឲ្យ​ខន្ធ​កុមារ​ទៅ​បង្ក្រាប តែ​ត្រូវធ្វើ​ពិធី​សោកាន្ត​ជា​មុន​សិន ទើប​ឲ្យ​ប្រជុំ​ទេវតា និង​អ្នក​សិទ្ធា​វិទ្យាធរ​នា​ភ្នំ​កៃលាស ហើយ​អញ្ជើញ​ព្រះព្រហ្ម ព្រះ​នារាយណ៍​មក​ចម្រើន​ព្រះកេសា លុះ​ដល់​ថ្ងៃ​មង្គល ព្រះ​នារាយណ៍​ស្រាប់តែ​ស្ដេចផ្ទំ​ស្កល់ ព្រះ​ឥសូរ​មាន​ទេវ​ឱង្ការ​ឲ្យ​ព្រះ​ឥន្ទ​យក​មហា​ស័ង្ខ​ទៅ​ផ្លុំ​តើន​បន្ទុំ ។

ព្រះ​នារាយណ៍​ទ្រង់​ឮ​រន្ទះសំឡេង​ស័ង្ខ បើកព្រះនេត្រ ឃើញ​ព្រះឥន្ទ្រ​ក៏​ត្រាស់​សួរ​ថា «​លោក​សន្និវាស​​មាន​ហេតុភេទ​យ៉ាង​ម្ដេច​ខ្លះ​»​? ព្រះឥន្ទ្រ​ទូល​ថា «​ព្រះ​ឥសូរ​មាន​ព្រះ​ឱង្ការ ឲ្យ​ស្ដេច​យាង​ទៅ​ចម្រើន​ព្រះកេសា​ព្រះ​ខន្ធ​កុមារ​» ។ ព្រះ​នារាយណ៍​ភ្លាំងភ្លាត់​ព្រះ​ឱស្ឋ​ថា «​កូន​កំបុត​ក្បាល រកតែ​អញ​ដេក​ឲ្យ​លក់​ស្រួល​មិន​បាន​» ។ រួច​ស្ដេច​យាង​មក​ជាមួយ​ព្រះឥន្ទ្រ​។ ខណៈ​ដែល​ព្រះ​នារាយណ៍​ត្រាស់​ដូច្នោះ ដោយ​អំណាច​វាចា​សិទ្ធិ ព្រះ​សិរ​ព្រះ​ខន្ធ​កុមារ​ទាំង ៦ (​ព្រះ​ខន្ធ​កុមារ​មាន​សិរ ៦) ក៏​អន្តរធាន​បាត់​ទៅ ព្រះ​ឥសូរ​មាន​ទេវ​ឱង្ការ​ឲ្យ​ព្រះ​វិស្សកម្ម​ទៅ​កាន់​មនុស្សលោក រក​កាត់​យក​ក្បាលមនុស្ស​ណា​ដែល​ដល់​នូវ​មរណភាព មក​ត​ព្រះ​សិរ​ព្រះ​ខន្ធ​កុមារ ។

ព្រះ​វិស្សកម្ម ទទួល​ទេវបញ្ជា​ហើយ ក៏​មក​ត្រាច់​រក​ក្បាលមនុស្ស ដែល​ដល់​នូវ​មរណៈ​ក្នុង​ថ្ងៃ​នោះ តែ​មិន​មាន​អ្នក​ឯណា​ស្លាប់​សោះ ប្រទះ​តែ​ដំរី​ដេក​បែរ​ក្បាល​ទៅ​បស្ចិមទិស ក៏​កាត់​យក​ក្បាលដំរី ទៅ​ត​ជា​ព្រះ​សិរ​ព្រះ​ខន្ធ​កុមារ ទើប​ព្រះ​ជា​ម្ចាស់​ទាំង​៣​ព្រះ​អង្គ​ព្រមព្រៀង​គ្នា ផ្លាស់​ព្រះ​នាម​ឲ្យ​ហៅ​ថា​«​ព្រះ​វិឃ្នេស​» ។ ស្រេច​ហើយ​វិឃ្នេស ក៏​សម្ដែង​តេជះ​ឲ្យ​មាន​ព្រះ​ករ​៤​ព្រះ​ករ​មួយ​កាន់​ព្រ័ត្រ​ប្រកាំ ព្រះ​ករ​មួយ​កាន់​កង្វេរ ព្រះ​ករ​មួយ​កាន់​ដុំ​ដែក ព្រះ​ករ​មួយទៀត​កាន់​ដុំ​ដែក​ក្រហម ទ្រង់​មុ​សិ​កៈ គឺ​កណ្ដុរ​ជា​ពាហនៈ ស្ដេច​ទ្រង់​ទៅ​យ​នុ​នា​នទី ។

ទ្រង់​ចូល​ប្រយុទ្ធ​នឹង​អសុរ​ក​ង្កី​ៗ​ទប់ទល់​ពុំ​បាន ក៏​គេច​ចៀស​មុជ​ទៅ​ក្នុង​ទន្លេ លាក់ខ្លួន​នៅ​ក្នុង​កណ្ដាល​ប្រវាល​មហាសមុទ្រ ។ ព្រះ​វិឃ្នេស​ហា​ព្រះ​ឱស្ឋ ស្រូប​យក​ទឹក​ទាល់តែ​រីង ឃើញ​តួ​អសុរ​ក​ង្កី ទើប​យក​ភ្លុក​ខាងឆ្វេង​ចោល​ត្រូវ​អសុរ​ក​ង្កី នូវ​បរិវារ​ទាំង​សែន​កោដ្ឋ ដល់​នូវ​សេចក្ដីស្លាប់ ហើយ​ទើប​ខ្ពុរ​ទឹក​ចេញ​ទុក​នៅ​ដូច​ដើម រួច​ស្ដេច​ត្រឡប់​ទៅ​គាល់​ព្រះ​ឥសូរ ។

៣- រឿង​ព្រះ​គណេស​របស់​យើង ខុស​គ្នា​អំពី​រឿង​ព្រះ​គណេស​របស់​ព្រាហ្មណ៍ ហើយ​មិន​គ្រាន់តែ​ខុស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មានរឿង​ពុទ្ធសាសនា​ទៅ​ចូល​លាយឡំ​ផង ដូច​ក្នុង​រឿង​នេះ​មួយអន្លើ​ទៀត​ពោល​ថា ៖

កាល​ព្រះ​វិស្សកម្ម ទៅ​កាត់​ក្បាលដំរី​មក​ហើយ ព្រះ​ឥសូរ​រាយមន្ត​ត​ភ្ជាប់​នឹង​រាង​ព្រះ​ខន្ធ​កុមារ​ជា​ច្រើន​ដង តែ​មិន​ជាប់​ដល់​តិច​សោះ ត្រូវ​ឲ្យ​ព្រះ​វិស្សកម្ម​ចុះ​ទៅ​ឋានមនុស្ស​លោក អារាធនា​ព្រះ​គិ​រិ​មា​ន្ទ​អហរ​ន្ត​ជា​ម្ចាស់​ឲ្យ​ឡើង​មក​សូត្រ​សែក​គាថា​មហា​ផ្សារ ទើប​ត​ព្រះ​សិរ​ព្រះ​ខន្ធ​កុមារ​ឲ្យ​ជាប់​សម្រេច​បាន ។

នៅ​មានរឿង​ដែល​ខ្ពស់​ជាង​នេះ​ឡើង​ទៅ​ទៀត តំណាល​ថា ព្រះ​ឥសូរ​រៀប​សោកាន្ត​ព្រះ​ខន្ធ​កុមារ ទើប​ត្រាស់​ឲ្យ​ហៅ​ទេវតា​រក​ឫក្ស​ពេល​ជា​មង្គល ព្រះ​រាហូ​ទំនាយ​ថា វេលា​សោកាន្ត នឹង​មាន​ហេតុ សូម​ឲ្យ​និមន្ត​ព្រះពុទ្ធ​ជា​ម្ចាស់​ឡើង​មក​គង់​ជា​មង្គល និង​ចម្រើន​ព្រះពុទ្ធ​មន្ត ។ ព្រះ​ឥសូរ​ទ្រង់​ព្រះ​ក្រោធ ត្រាស់​ថា «​យើង​ឥសូរ​ក៏​ជា​មោលី​សុរាល័យ​និមន្ត​ឡើង​មក​ថ្វី​មិន​ត្រូវ​» ហើយ​ត្រាស់​ឲ្យ​ធ្វើ​ពិធី​តាម​ទំនើង​ព្រះ​ហឫទ័យ ឲ្យ​អញ្ជើញ​ទេវតា​មក​ទាំងអស់ តែ​ភ្លេច​អញ្ជើញ​ព្រះ​អង្គារ ព្រះ​អង្គារ​ទ្រង់​ខ្ញាល់ ក៏​ទ្រង់​បំបាំងកាយ​ចូល​ទៅ​ក្នុង​រោង​ពិធី កាត់​យក​ព្រះ​សិរ​ព្រះ​គណេស​ព្រះ​គិ​នាយ​កុមារ យក​ទៅ​ទម្លាក់​ចោល​ក្នុង​សមុទ្រ ។

រឿង​តទៅ​ក៏​ស្រ​ដៀង​នឹង​រឿង​ដែល​ពោល​មក​ហើយ គឺ​ព្រះ​វិស្សកម្ម​ទៅ​កាត់​ក្បាលដំរី​បាន​ពីរ​មក ត​នឹង​រាង​កាយ​កុមារ​ទាំង​ពីរ​ក៏​មិន​ជាប់ តោងទៅ​និមន្ត​ព្រះពុទ្ធ​ជា​ម្ចាស់​ឡើង​មក​សូត្រ ទើប​ត​ព្រះ​សិរ​ព្រះ​គណេស​គិ​នាយ​ជាប់​ជា​ក្បាលដំរី​ទាំង​ពីរ ទើប​ព្រះ​ឥសូរ​ទទួល​រាប់អាន​ព្រះពុទ្ធ​ជា​ម្ចាស់​តាំងពី​នោះ​រហូត​មក ។

៤- ក្នុង​វៃ​វ​ត៌​បុរាណ​មួយអន្លើ​ទៀត​ថា ព្រះ​សិវៈ​ទ្រង់​ព្រះ​ក្រោធ​នឹង​ព្រះអាទិត្យ ប្រហារ​ព្រះអាទិត្យ​ឲ្យ​ដល់​នូវ​មរណៈ តែ​ពេល​ក្រោយ​ទ្រង់​ជប់​ឲ្យ​រស់​ឡើង​វិញ តែ​ទោះបី​ដូច្នោះ ព្រះ​កស្ស​ប​ឫសី (​ទេព​ជា​បិតា​របស់​ព្រះអាទិត្យ​) ក៏​នៅ​តែ​ព្រះ​ក្រោធ ទើប​ផ្ដាសា​ឲ្យ​ឱរ​ស្ឋ​ព្រះ​សិវៈ​កំបុត​ក្បាល ព្រះ​សិវៈ​ត្រូវ​ទៅ​កាត់​ក្បាលដំរី​ឯរាវ័ណ​របស់​ព្រះឥន្ទ្រ មក​ត​ជំនួស​វិញ ។

៥- កំណើត​ព្រះ​គណេស​មួយ​រឿង​ទៀត ពោល​ថា​៖ ព្រះ​សិវៈ​ច្រើន​តែ​ស្ដេច​ចូល​ទៅ​កាន់​ទី​ដែល​ព្រះ​ប​ព៌​តី​កំពុង​ស្រង់ទឹក ដោយ​ព្រះ​នាង​មិនដឹង​ខ្លួន​។ ឯ​ព្រះ​នាង​តែង​យក​ក្អែល​រមៀត​ដែល​លាប​ព្រះ​កាយ​មក​សូន្យ ហើយ​និម្មិត​ជា​ប្រុស​រូបល្អ​សម្រាប់​ជា​ទ្វារបាល ។ ថ្ងៃមួយ ព្រះ​សិវៈ​ស្ដេច​ចូល​ទៅ​រក​ព្រះ​ប​ព៌​តី ក៏​ត្រូវ​អ្នក​ចាំ​ទ្វារ​ហាមឃាត់ មិន​ឲ្យ​ស្ដេច​ចូល​ទៅ ហើយ​ផ្ដៅ​វាយ​បណ្ដេញ​ព្រះ​សិវៈ​២​ខ្វាប់ ព្រះ​សិវៈ​ទ្រង់​ក្រោធ​នឹង​ការ​ប្រព្រឹត្ត​ផ្ដេសផ្ដាស​របស់​ឆ្មាំ ក៏​សម្ដែង​ព្រះ​តេជះ ក៏​តស៊ូ​នឹង​អ្នក​ចាំ​ទ្វារ​មិន​បាន សូ​ម្បី​តែ​ព្រះ​វិស្ណុ​និង​ពួក​ទេព​មក​ជួយ ក៏​នៅ​តែ​តស៊ូ​នឹង​អ្នក​ចាំ​ទ្វារ​មិន​បាន នៅ​ទីបំផុត​ព្រះ​វិស្ណុ​ក៏​ប្រើ​ឧបាយ​និម្មិត​ជា​ស្រី​រូបល្អ អ្នក​ចាំ​ទ្វារ​រវល់​តែ​សម្លឹង​មើលរូប​ស្រី​មាយា ទើប​ជា​ឱកាស​ឲ្យ​ព្រះ​វិស្ណុកា​ត់ក​អ្នក​ចាំ​ទ្វារ​ដាច់​ទៅ ។

រឿង​នេះ ជ្រាប​ដល់​ព្រះ​ប​ព៌​តី ព្រះ​ប​ព៌​តី​ទ្រង់​ខ្ញាល់​ជា​អនេកប្រការ ទាល់តែ​ព្រះ​សិវៈ​ត្រាស់​ឲ្យ​ទេពតា ទៅរ​កកាត់​យក​ក្បាលសត្វ ដែល​ដេក​យក​ក្បាល​ទៅ​ឧត្តរទិស​មក ទេពតា​អង្គ​នោះ​បាន​កាត់​ក្បាលដំរី​មក​ត អ្នក​ចាំ​ទ្វារ​ទើប​មាន​ក្បាល​ជា​ដំរី ហើយ​ព្រះ​សិវៈ​ទ្រង់​តាំង​ឲ្យ​ជា​ធំ ក្នុង​ពពួក​ទេព​ដែល​ទទួល​បម្រើ​ព្រះ​សិវៈ ដែល​ហៅ​ថា «​វិនាយក​» មួយ​ពួក​ទេព​ដែល​ទទួល​បម្រើ​ព្រះ​សិវៈ ដែល​ហៅ​ថា «​វិនាយក​» មួយ​ពួក «​គណៈ​»​មួយ​ពួក អ្នក​ចាំ​ទ្វារ​ទើបបាន​ឈ្មោះ​ថា «​គណេស​» ឬ (​គណ​បតី ឬ​វិនាយក​) ។

៦- នៅ​មានរឿង​គណេស​មួយទៀត ពោល​ថា ព្រះ​សិវៈ​ពណ៌នា​ឲ្យ​ព្រះ​គណេស​ស្ដាប់​ថា ហេតុ​អ្វី​ព្រះ​គណេស​មាន​ព្រះ​សិរ​ជា​ដំរី ដោយ​តម្រាស់​ថា គ្រាមួយ យើង​និង​ព្រះ​ប​ព៌​តី​ទៅ​កាន់​ដងព្រៃ​ហិមា​ល័យ​ប​ព៌​ត ដើម្បី​សេចក្ដី​សម្រាន្ត ខណៈនោះ បានឃើញ​ដំរី​ញី​មួយ​រួមរស់​ជាមួយ​ដំរី​ឈ្មោល យើង​ទាំង​ពីរ​ក៏​កើត​តម្រេក​ឡើង ទើប​ប្លែង​ជា​ដំរី​ឈ្មោល ចំណែក​ប​ព៌​តី​ប្លែង​ជា​ដំរី​ញី ហើយ​ក៏​បាន​រួម​សន្ថវៈ​តាម​សេចក្ដី​ចំណង់ ទើបបាន​កើត​ខ្លួន​បា​មក មាន​សិរ​ជា​ដំរី ៕ ស្រង់​ចេញពី​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ