ជួល​រថយន្ត​ជិះ​ទាំង​គ្រួសារ​ទៅ​ស្តី​ដណ្តឹង​​កូនក្រមុំ​គេ​នៅ​តាកែវ បែរជា​ជួប​គ្រោះ​​ទៅ​វិញ


ខេត្តកំពង់ស្ពឺ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្ក​ឡើង​រវាង​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង​បុក​រះ​ម៉ូតូ​៣​គ្រឿង និង​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត ខណៈ​ពេល​ដែល​រថយន្ត​បង្ក​កំពុង​ធ្វើ​ដំណើរ​ទៅ​ស្តីដណ្តឹង​កូនក្រមុំ​គេ​ម្នាក់​នៅ​ខេត្តតាកែវ បណ្តាល​ឱ្យ​កូនកំលោះ​​បាន​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ និង​អ្នកដំណើរ​ផ្សេង​ទៀត​រង​របួសធ្ងន់​-​ស្រាល​ជា​ច្រើននាក់​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​១០​ព្រឹក ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ 21 22 ស្ថិត​ក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​នៅ​មិន​ទាន់​ស្គាល់​អត្ថ​សញ្ញាណ​នៅឡើយ​ទេ ហើយ​ពេល​នេះ​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​-​ស្រាល​កំពុង​ត្រូវ​បាន​បញ្ជូន​នៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ហើយ​។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ា​កតា​កូមា​មួយ​គ្រឿង​ជិះ​គ្នា​៩​នាក់ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​គោលបំណង​ទៅ​ដណ្តឹង​កូន​ក្រមុំ​របស់​គេ​នៅ​ឯ​ខេត្តតាកែវ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បុក​រះ​ជាមួយ​ម៉ូតូ​ចំនួន​៣​គ្រឿង ហើយ​ភ្លាម​ៗ​នោះ​ដែរ រថយន្ត​បង្ក​មិន​បាន​ឈប់​នោះ​ទេ គឺ​បាន​បន្ត​ទៅ​មុខ ដើម្បី​បើក​រត់គេច​ខ្លួន ។

ប្រភព​ដដែល​បន្ត​ថា ស្រប​ពេល​រថយន្ត​បង្ក​កំពុង​តែ​បើក​គេចខ្លួន​នោះ ក៏​ស្រាប់តែ​ទៅ​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​មួយ​គ្រឿង​ផ្សេង​ទៀតធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ដែល​ជិះ​គ្នា​៥​នាក់យ៉ាង​ពេញ​ទំហឹង​តែម្តង ធ្វើ​ឱ្យ​រថយន្ត​បង្ក​ម៉ាក​តាកូម៉ា​បែក​កង់​ខ្លួនឯង​រេ​ចង្កូត​ធ្លាក់​​ផ្លូវ​ទៅ​ខាងឆ្វេង​ដៃ ហើយ​បុក​ជាមួយ​របង​សាលារៀន បណ្តាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ធ្វើ​បុរស​ម្នាក់​ដែល​ជា​កូន​កំលោះ​ទៅ​ស្តី​ដណ្តឹង​កូនក្រមុំ​គេ​នោះ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ចំណែក​សាច់ញាតិ​ផ្សេង​ទៀត​ដែល​រួម​ដំណើរ​នោះ​រង​របួសធ្ងន់​-​ស្រាល ។

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពេល​កើតហេតុ អ្នក​បើករថយន្ត​បង្ក​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​ស្រមោល​​បន្សល់​ទុក​តែ​រថយន្ត និង​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ។ ហើយ​សព​បុរស​ម្នាក់​ដែល​ត្រូវ​ទៅ​ស្តីដណ្តឹង​កូនក្រមុំ​គេ​នៅ​ខេត្តតាកែវ​នោះ ត្រូវ​បាន​គេ​ដឹង​ថា រស់នៅ​ស្រុក​សំរោង​ទង ខេត្តកំពង់​ស្ពឺ។

បើ​តាម​សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា អ្នកបើកបរ​រថយន្ត​តា​កូមា​នោះ ទើបតែ​ទិញ​រថយន្ត​នោះ​ទេ ហើយ​កូន​របស់​គាត់​ដែល​បាត់បង់​ជី​វិ​ត​នោះ បាន​ជួល​រថយន្ត​នេះ​ឱ្យ​ដឹក​ទៅ​ស្តីដណ្តឹង​កូន​គេ​នៅ​ខេត្តតាកែវ តែ​ចៃដន្យ​អាក្រក់​ជួប​ហេតុការណ៍​បែប​នេះ​តែ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ