រាជធានីភ្នំពេញ៖ ទិវាបុណ្យជាតិអូស្ត្រាលីនាថ្ងៃទី២៦ ខែមករា គឺជាឱកាសមួយក្នុងការប្រារព្ធខួបនៃចំណងទាក់ទងជាប្រវត្តិសាស្ត្រដ៏យូរលង់រវាងប្រទេសអូស្ត្រាលី និង កម្ពុជា។
ឯកឧត្តម Pablo Kang ដែលជាឯកអគ្គរាជទូតអូស្ត្រាលីទើបនឹងតែងតាំងថ្មីសម្រាប់កម្ពុជា បានមានប្រសាសន៍ថា «ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរបស់យើងនាពេលបច្ចុប្បន្ននេះ បានបង្កើតឡើងតាមរយៈដំណើរការស្វែងរកសន្តិភាព និងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ» ។
ឯកឧត្តមបានបន្តទៀតថា «ក្នុងនាមជាមិត្តភក្កិជិតស្និទ្ធនិងយូរអង្វែង យើងតែងធ្វើការនិងដោះស្រាយបញ្ហារួមគ្នា។ នៅពេលខ្លះយើងមានទស្សនៈផ្សេងគ្នាដែលអាចឱ្យយើងឈានដល់ស្មារតីនៃការលើកបញ្ហានានាចេញមកដោយសុទ្ធចិត្ត និងដោយការគោរពគ្នាទៅវិញទៅមក» ។
ចំណុចសំខាន់នៃទំនាក់ទំនងអូស្ត្រាលី-កម្ពុជា បានស្ដែងឡើងតាមរយៈថវិកាជំនួយប្រមាណ៥០ លានដុល្លារសហរដ្ឋអាមេរិក ដែលអូស្ត្រាលីនឹងត្រូវវិនិយោគលើកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាឆ្នាំនេះ។ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា អូស្ត្រាលីធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកពាក់ព័ន្ធនានានៅកម្ពុជា ដែលរួមមានស្ថាប័នរាជរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន។ នេះបើយោងតាមប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ។
ជាក់ស្តែងគម្រោងសំខាន់មួយក្នុងគម្រោងជំនួយសំខាន់ជាច្រើនរបស់អូស្ត្រាលីមកកម្ពុជា នោះគឺការអនុវត្តបែបបទការងារដោយវិធីសាស្ត្រផ្តោតលើប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់សិទ្ធិរបស់ជនដែលមានពិការភាព និងការប្រឆាំងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ ដែលកម្ពុជាកំពុងជួបប្រទះ។
ចាប់តាំងពីទិវាបុណ្យជាតិអូស្ត្រាលីនាឆ្នាំកន្លងទៅ ស្ថានទូតអូស្ត្រាលីនិងរាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យដំណើរការនូវគំនិតផ្ដួចផ្ដើមសំខាន់មួយដើម្បីគាំទ្រដល់វិស័យទាំងពីរនេះ។ គំនិតផ្ដួចផ្ដើមនោះ ហៅថា «គម្រោងសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជា ដើម្បីសេវាកម្មប្រកបដោយសមធម៌និងនិរន្តរភាព» ឬហៅកាត់ថាកម្មវិធី «ACCESS» ។
តាមរយៈកម្មវិធី ACCESS នេះ ប្រទេសអូស្ត្រាលីកំពុងបន្តគាំទ្ររាជរដ្ឋាភិបាលក៏ដូចជាអង្គការមិនមែនរដ្ឋាភិបាល ដើម្បីប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពសម្រាប់ការផ្ដល់សេវាក្នុងវិស័យសេវាសង្គមសំខាន់ៗ។
លោកជំទាវ ញាន សុចិត្រា សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គមនៃក្រសួងកិច្ចការនារី បានមានប្រសាសន៍ឲ្យដឹងថា «គម្រោងសហប្រតិបត្តិការអូស្ត្រាលី-កម្ពុជាដើម្បីសេវាកម្មប្រកបដោយសមធម៌និងនិរន្តរភាព» គឺផ្តោតសំខាន់លើការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពសម្រាប់ការផ្ដល់សេវាក្នុងវិស័យសេវាសង្គមសំខាន់ៗ ពាក់ព័ន្ធនឹងការជួយដល់ជនរងគ្រោះនៃអំពើហិង្សា បញ្ហាយែនឌ័រ ជាដើម ដែលក្នុងនោះគឺមានក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ច អតីត យុវជន ជាអ្នកអនុវត្តគម្រោង ។
លោកជំទាវមានប្រសាសន៍បញ្ជាក់ថា សម្រាប់ក្រសួងកិច្ចការនារី តាមរយៈគម្រោងខាងលើគឺបានប្រគល់ជូនអង្គការដៃគូចំនួន ៧ ដែលមានទាំងអង្គការក្រៅស្រុកនិងក្នុងស្រុក សម្រាប់អនុវត្តគម្រោងនេះ ដែលគម្រោងទាំងមូលគ ឺគ្របដណ្តប់ ១៥ ខេត្ត ដែលការអនុវត្តជំហានដំបូងសម្រាប់ឆ្នាំ ២០១៩-២០២១ គឺផ្តោតលើខេត្តអទិភាពចំនួន ៣ គឺខេត្តកំពង់ចាម កំពង់ស្ពឺ និងខេត្តសៀមរាប ។
លោកជំទាវ ញាន សុចិត្រា សុចិត្រា អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍសង្គមនៃក្រសួងកិច្ចការនារីបានបញ្ជាក់ថា «គម្រោងនេះមានសារៈសំខាន់បំផុត ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ និងអភិវឌ្ឍន៍សមត្ថភាពនៃស្ថាប័នដែលជាអ្នកផ្តល់សេវាកម្មធ្វើយ៉ាងណាឲ្យពួកគាត់ផ្តល់សេវាកម្មដល់ជនរងគ្រោះប្រកបដោយគុណភាពនិងប្រសិទ្ធ» ។ លោកជំទាវបន្តថា សម្រាប់ក្រសួងកិច្ចការនារី សម្រាប់គម្រោងនេះគឺផ្តោតលើការទប់ស្កាត់ផ្នែកហិង្សាលើស្ត្រី និងការផ្តល់នូវសេវាជួយដល់ជនរងគ្រោះ ដែលសេវាសំខាន់ៗទាំងនោះគឺមានដូចជាសេវាកម្មខាងសុខាភិបាល សង្គម និងយុត្តិធម៌ជាដើម ។
ឯកឧត្តមឯកអគ្គរាជទូត Kang បានមានប្រសាសន៍ថា «ខ្ញុំមានកិត្តិយសណាស់ដែលបានទៅធ្វើទស្សនកិច្ចស្វែងយល់ពីគម្រោង «ACCESS» នៅខេត្តសៀមរាបនាពេលថ្មីៗកន្លងទៅនេះ។ ការផ្តោតការយកចិត្តទុកដាក់លើគោលការណ៍និរន្តរភាព មានន័យថា គំនិតផ្ដួចផ្ដើមនានាដែលអូស្ត្រាលីបាននិងកំពុងអនុវត្តនៅកម្ពុជានឹងនៅតែបន្ត ទោះជាកម្មវិធីជំនួយរបស់យើងត្រូវបានបញ្ចប់់ក៏ដោយ»។
សូមរម្លឹកថា ប្រទេសអូស្ត្រាលី បានបង្កើតទំនាក់ទំនងការទូតជាមួយកម្ពុជាក្នុងឆ្នាំ១៩៥២ និងបានដើរតួនាទីបន្តដឹកនាំដំណើរការស្វែងរកសន្តិភាពចាប់តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ១៩៨០។ ប្រទេសអូស្ត្រាលីក៏មានមោទនភាពផងដែរ ដែលបានក្លាយជាគោលដៅសម្រាប់ការសិក្សាថ្នាក់សាកលវិទ្យាល័យរបស់និស្សិតកម្ពុជា ក្នុងនោះរួមមានការផ្ដល់ជំនួយដោយផ្អែកលើតម្រូវការតាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលី ដោយផ្អែកលើតម្រូវការ។
ស្ថិតក្នុងដំណាក់កាលអន្តរការដែលកំពុងបោះជំហានឆ្ពោះទៅរកស្ថានភាពជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាបតាំងពីឆ្នាំ២០១៦ ប្រទេសកម្ពុជាបានទទួលជំនួយឧបត្ថម្ភរបស់អូស្ត្រាលី ដើម្បីឆ្លើយតបនឹងការប្រឈមនានាដែលកើតចេញអំពីសកម្មភាពអភិវឌ្ឍន៍ថ្មីៗ ក្នុងនោះរួមមានការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បរិយាបន្នសង្គម ផលិតភាពកសិកម្ម និងគោលនយោបាយថាមពលនិងទឹក។
ឯកអគ្គរាជទូតអូស្ត្រាលីបានមានប្រសាសន៍បន្តទៀតថា «អូស្ត្រាលីនឹងបន្តធ្វើការជាមួយកម្ពុជាដើម្បីឆ្លើយតបនឹងរាល់ផលប៉ះពាល់នានា ដែលកើតចេញពីសកម្មភាពអភិវឌ្ឍន៍។ ក្នុងនាមជាភ័ក្ត្រនិងអ្នកជិតខាងរបស់ខ្លួន ប្រទេសអូស្ត្រាលីមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការគាំទ្រដល់ស្ថេរភាព វិបុលភាព និងភាពធន់ នៅប្រទេសកម្ពុជានិងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ» ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ