ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធឿ​ន ធា​រ៉ា និង​សុខ សា​វិ​ន ប៉ះ​ថៃ​ដណ្ដើម​ប្រាក់​លាន​នៅ​លើ​សង្វៀន​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​កសិ​កម្ម និង​កីឡាករ​សុខ សា​វិ​ន មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ស៊ីអិន​ស៊ី​នា​ថ្ងៃ​សៅរ៍​​នេះ…

រាជធានី​ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ធឿ​ន ធា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​កសិ​កម្ម និង​កីឡាករ​សុខ សា​វិ​ន មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ នៅ​លើ​សង្វៀន​ទូរ​ទស្សន៍​ស៊ីអិន​ស៊ី​នា​ថ្ងៃ​សៅរ៍​​នេះ ។

អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​មាន​សមត្ថភាព​អាច​យកឈ្នះ​គូប្រកួត​ដណ្ដើម ប្រាក់​លាន​បាន​ឬ​អត់ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

ការ​ប្រកួត​នៅ​ថ្ងៃនេះ​កីឡាករ​ធឿ​ន ធា​រ៉ា ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ កង​មឿង​ឆាង ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ ធឿ​ន ធា​រ៉ា ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​ដែល​មាន បទ​ពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជា​យូរ​ឆ្នាំ​មក​ហើយ ។ មួយ​រយៈ​មកនេះ​គេ​ឃើញ​ធឿ​ន ធា​រ៉ា
ឡើង​សង្វៀន​ប្រកួត​ជា​ញឹកញាប់​ទៀត​ផង​ជា​ពិសេស​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ។ លើក
នេះ​ទទួល​បាន​ឱកាស​ឡើង​ប្រកួត​ដណ្ដើម​ប្រាក់ លាន​ជាមួយ​កីឡាករ​ថៃ​ដែល​មាន​ថ្វីដៃ​ប្រកួត​មិនធម្មតា ។ ដូច្នេះ​បើសិនជា​ធឿ​ន ធា​រ៉ា មិន​បាន​ត្រៀមខ្លួន​ទុក​មុន​ទេ ប្រាក់​លាន​អាច​នឹង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​កីឡាករ​ថៃ​ជាក់​ជា​មិន​ខាន​។

មួយគូ​ទៀត​កីឡាករ សុខ សា​វិ​ន មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​លីង​លំ ប៉​.​យុទ្ធភូមិ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​និង​ធ្លាប់​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​យើង​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្ដាប់​ដៃ​របស់​គេ​មិន​តិច​នាក់​ទេ ។ ទោះបី​យ៉ាងណា សុខ សា​វិ​ន ដែល​ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប​មាន​ស្នៀត​កែង​និង​ជង្គង់​ល្អ​ច្បាស់​ជា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​នោះ​ទេ ។ ចាំ​មើល​គូ​នេះ​ប្រកួត​ចប់ នរណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន​ប្រដាល់​។

ដោយឡែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ ថុ​ល ថេ​ង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង កសិកម្ម ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ធន់ ស៊ី ហុង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង ការពារ​ជាតិ ។ កីឡាករ អេ​លី​ត សុខ​ចិន មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ វ៉ា​ន់ វឿ​ន មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​គូ​បើក​ឆាក​ចុង​ក្រោយ​កីឡាករ ញ៉​ន សម្បត្តិ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ សុះ គាត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ