ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​បាន​ចូល​ស្តាប់​សវនាការ​លោក កឹ​ម សុខា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​សវនាការ​ជម្រះក្តី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់ស​ប្តា​ហ៍​ទី​២ ដែល​គ្រោង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​សវនាការ​ជម្រះក្តី​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់ស​ប្តា​ហ៍​ទី​២ ដែល​គ្រោង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​២២ និង​ទី​២៣ ខែមករា ។ មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា បាន​ឲ្យ​ដឹង​ថា តុលាការ​បានអនុញ្ញាត​ឲ្យ​មេធាវី​ការពារ​ក្ដី ចាក់ខ្សែ​វី​ដេ​អូ​ពេញពី​ការ​ថ្លែង​របស់​លោក កឹ​ម សុខា នៅ​ប្រទេស​អូស្ត្រាលី​កាលពី​ឆ្នាំ​២០១៣ ដែល​មាន​រយៈពេល​ជាង​១​ម៉ោង គឺ​ខ្សែ​វី​ដេ​អូ​នេះ​ហើយ​ដែល​លោក​ត្រូវ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ។

មេធាវី​ការពារ​ក្ដី​របស់​លោក កឹ​ម សុខា គឺលោក ចាន់ ចេ​ន បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ខែមករា​ថា ខ្សែ​វី​ដេ​អូ​ពេញ​ពី​ការ​ថ្លែង​របស់​លោក កឹ​ម សុខា បញ្ជាក់​ថា លោក កឹ​ម សុខា មិន​បាន​ប្រព្រឹត្ត​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ។ លោក​ថ្លែង​ថា «​អាទិត្យ​ហ្នឹង គួរ​ត្រូវ​បាន​ចាក់​នូវ​ភ័ស្តុតាង​ដែល​សហ​មេធាវី​ការពារ​សិទ្ធិ បាន​ដាក់​ជូន​តុលាការ ជា​ខ្លឹមសារ​វី​ដេ​អូ​គាត់​មាន​ប្រសាសន៍​នៅ​ប្រទេស​អូស្ត្រាលី​១​ម៉ោងជាង ។ ការ​ចាក់​វី​ដេ​អូ​ដែល​គាត់​និយាយ​នៅ​ប្រទេស​អូស្ត្រាលី​ហ្នឹង គឺជា​ការ​បង្ហាញ​សុចរិត​ភាព ដែល​កូនក្តី​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​» ។ លោក​មេធាវី​ឲ្យ​ដឹង​ទៀត​ថា សវនាការ​នៅ​ស​ប្តា​ហ៍​ទី​២​នេះ ក៏​មាន​វត្តមាន​លោក កឹ​ម សុខា និង​សហ​មេធាវី​ចូលរួម​តតាំង​ក្តី​ដែរ ។

ភាគី​រាជរដ្ឋាភិបាល បាន​យក​វី​ដេ​អូ​ខ្លី​របស់​លោក កឹ​ម សុខា ធ្វើ​ជា​ភ័ស្តុតាង​សំខាន់​បំផុត​ក្នុង​ការ​ចាប់ខ្លួន​លោក កឹ​ម សុខា កាលពី​ឆ្នាំ​២០១៧​។លោក គី តិច មេធាវី​របស់​រាជរដ្ឋាភិបាល ធ្លាប់​បាន​ថ្លែង​ការពារ​ខ្សែ​វី​ដេ​អូ​ខ្លី​ៗ ដែល​សមត្ថកិច្ច​យក​មក​ធ្វើ​ជា​មូលដ្ឋាន​ចោទប្រកាន់​លោក កឹ​ម សុខា ថា ទោះ​វី​ដេ​អូ​នោះ​ត្រូវ​កាត់​ជា​កង់​ៗ​ក្តីប៉ុន្តែ​លោក កឹ​ម សុខា បាន​ទទួលស្គាល់​ថា រូបភាព សំឡេង នៅ​ក្នុង​វី​ដេ​អូ​នោះ​មិនមែន​ជា​ការ​ក្លែងបន្លំ​នោះ​ទេ ។ មេធាវី​ការពារ​ក្តី​របស់​លោក កឹ​ម សុខា មួយរូប​ទៀត​គឺ​លោកស្រី ម៉េ​ង សុភា​រី និយាយ​ថា ការ​យកសម្ដី​របស់​លោក កឹ​ម សុខា និយាយ​ក្នុង​វី​ដេ​អូ​តែ​ជាង​២​នាទី ដែល​រាជរដ្ឋាភិបាល​ប្រើប្រាស់​​ជា​ភ័ស្តុតាង​ក្នុង​ការ​ចោទប្រកាន់​នោះ គឺ​មានការ​កាត់ត​ធ្វើ​ឱ្យ​មានការ​ភ័ន្ត​ច្រឡំ និង​ខុស​ពី​គោលបំណង​ពិត​របស់​លោក កឹ​ម សុខា ។

ក្នុង​សវនាការ​លើក​ទី​២​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​អង្គភាព​សារព័ត៌មាន​និង​អង្គការ​សង្គម​ស៊ី​វិល​ស្នើ​សុំ​ចូលរួម​ស្ដាប់​សវនាការ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ ខែមករា គឺ​អាច​ចាត់​តំណាង​របស់​ខ្លួន​ម្នាក់ ដើម្បី​ចូលរួម ខណៈបន្ទប់​សវនាការ​នៅ​សល់​កន្លែង​អង្គុយ​ចំនួន​១០ ។លោក កឹ​ម សុខា បាន​បន្ថែម​វី​ដេ​អូ​ឃ្លី​បខ្លី​ៗ​សរុប​ចំនួន​៣៥​ឃ្លី​ប ជូន​តុលាការ​ក្នុង​ការដោះ​បន្ទុក​ពី​បទ​ចោទនៅ​ក្នុង​សវនាការ លោក កឹ​ម សុខា បានបន្ថែម​វី​ដេ​អូ​ឃ្លី​ប​សរុប​ចំនួន​៣៥​ឃ្លី​ប​ជូន​តុលាការ​ក្នុង​ការ​ដោះ​បន្ទុក តែ​ភាគី​តំណាង​រាជរ​ដ្ឋា​ភិបាល​​អះអាង​ថា វី​ដេ​អូ​ទាំងនេះ​ក៏​អាច​ដាក់បន្ទុក​ដល់​លោក កឹ​ម សុខា វិញ​ក៏​អាច​ថា​បាន​ដែរ​។

លោក គី តិច ប្រធាន​ក្រុម​មេធាវី​តំណាង​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា សវនាការ​នេះ​បាន​ចូលដល់​ស​ប្តា​ហ៍​ទី​២ ថ្ងៃ​ទី​២២ ខែមករា ដោយ​តំ ណា​ង​អយ្យការ​បាន​លើក​ឡើង​ពី​សកម្មភាព​ល្មើស​ដែល​បាន​ប្រព្រឹត្ត​ពី​ឆ្នាំ​១៩៩៣​រហូត​ដល់​ពេល​ចាប់ខ្លួន​ឆ្នាំ​២០១៧ ។ ទោះបីជា​យ៉ាងណា លោកមេធាវី គី តិច បាន​លើក​ឡើង​ថា ភ័ស្តុតាង​ថ្មី​ដែល​ដាក់​ជូន​តុលាការ​ដោយ​ជន​ត្រូវ​ចោទ​លោក កឹ​ម សុខា នេះ ​មិន​ទាន់​ដឹង​ថា​ ដោះ​ឬ​ដាក់បន្ទុក​គាត់​ឬ​យ៉ាងណា​ទេ ។ លោក​មេធាវី គី តិច បាន​លើក​ឡើង​ថា នៅពេល​សវនាការ លោក កឹ​ម សុខា បាន​ទទួល ស្គាល់​សម្តី​គាត់​ថា​បាន​ធ្វើ​ក្នុង​រយៈពេល​ជាង​២០ ឆ្នាំ​មក​ហើយ ។ លោក​មេធាវី​បាន​សង្កត់ធ្ងន់​ថា
ប្រ​សិន​មិន​មានការ​ទប់ស្កាត់​ទេ តាម​រយៈ​អំពើឬ​ព្យសនកម្ម​នឹង​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​សេចក្តី​សុខ​របស់​ពលរដ្ឋ​និង​សង្គម​ជាតិ ។

លោក ផែង ហេង មេធាវី​ការពារ​សិទ្ធិ​របស់ លោក កឹ​ម សុខា បាន​លើក​ឡើង​ថា ការ​ដាក់​វីដេ​អូ​ឃ្លី​ប​សរុប​ចំនួន​៣៥​ឃ្លី​ប​ជូន​តុលាការ​គឺ​ដើម្បី​បញ្ជាក់​ថា លោក កឹ​ម សុខា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​មុន​ចេញ​សេចក្តី សម្រេច ។ តុលាការ​បាន​ចោទ​លោក កឹ​ម សុខាថា​បាន​ប្រព្រឹត្ត​ល្មើស​តាំងពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ២០១៧ ។ សវនាការ​នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមករា ក្រុម​មេធាវី​ការពារ​ក្តី​បាន​ដាក់​ភ័ស្តុតាង​ដើម្បី​ដោះ​បន្ទុក​ពី​បទ​ចោទ​ខាងលើ ។ កាលពី​ស​ប្តា​ហ៍​មុន លោក កឹ​ម សុខា បាន​ដាក់​ឯកសារ​ជា​វី​ដេ​អូ​ឃ្លី​ប​(​យូ​អេស​ប៊ី​)​ចំនួន​២ ហើយ​ពេល​នេះ​មាន​វី​ដេ​អូ​ឃ្លី​ប​ចំនួន​៣៣​ឃ្លី​ប​ទៀត​បាន​ដាក់​ជូន​ក្នុង​តុលាការ ។

គួរ​បញ្ជាក់​ថា លោក កឹ​ម សុខា អតីត​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចោទ​ពី​បទ​ស​ន្ទិដ្ឋិ​ភាព​ជាមួយ​បរទេស ឬ​បទ​ក្បត់ជាតិ តាម​មាត្រា៤៤៣​នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ តាម​មាត្រា​៤៤៣​នេះ បើសិនជា​តុលាការ​រក​ឃើញ​ទោស គឺ​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធនាគារ​ពី​១៥​ឆ្នាំ​ដល់​៣០​ឆ្នាំ ៕

កែសម្រួលដោយ