ខេត្តកំពត ៖ បច្ចុប្បន្ន អ្នកមានលុយមានអំណាចខ្លះ បាននាំគ្នាទៅចាប់ដីនិងធ្វើរបងដ៏រឹងមាំម្នាក់មួយប្លង់ៗ នៅលើភ្នំចង្ហោន ក្នុងដីព្រៃ សហគមន៍ជាប់ជួរភ្នំឧទ្យានជាតិព្រះមុនីវង្យបូកគោ ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ។

ដោយសារនៅលើភ្នំត្រូវបានគេលួចធ្វើរបងបេតុងរំលោភយកដីបានកើតមានជម្លោះ ដណ្ដើមគ្នាកាន់កាប់ដីភ្នំនោះ លោកអាំង សុភាព ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត រួមទាំងលោកអ៊ុក ចាន់ មន្ត្រីរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត រួមទាំងមន្ត្រីជំនាញស្រុកទឹកឈូ បានចុះមកពិនិត្យមើលព្រំដីដែលមានទំនាស់គ្នាបែកផ្សែងនោះ និងដីគេធ្វើរបងរំលោភយកដីរដ្ឋ កាលពីព្រឹកថ្ងៃទី21 ខែមករា 2020 ។

លោកអាំង សុភាព ចៅក្រមសើុបសួរសាលាដំបូងខេត្តនិយាយថា ក្រុមការងារចុះមកថ្ងៃនេះគ្រាន់តែមកពិនិត្យភូមិសាស្ត្រព្រំដីភាគីទំនាស់ លោកមិនទាន់កាត់ឱ្យអ្នកណាឈ្នះឬអ្នកណាចាញ់នៅឡើយទេ ។
លោកចៅក្រមសើុបសួរសាលាដំបូងខេត្តនិងលោកប្រធានការិយាល័យភូមិបាលស្រុកទឹកឈូ មិនបាននិយាយទាក់ទិនពីរឿងអ្នកធ្វើរបងរំលោភយកដីរដ្ឋទេ ។

ដោយឡែក លោកកែវ មុនី ហៅផុស ជាមន្ត្រីនគរបាលដែលរងការចោទប្រកាន់ពីពលរដ្ឋម្នាក់ឈ្មោះឆាយ ផាន់នី ភេទប្រុស អាយុ46ឆាំ្ន ថាលោកជាមន្ត្រីនគរបាលបានដើរចង្អុលបង្ហាញព្រំដីរបស់ខ្លួនខុសពីការពិត ។ លោកបាននិយាយថាដីរបស់ខ្លួនដែលមានចំនួន10ហិកតានេះ បានកាន់កាប់តាំងពីឆាំ្ន1993មកម្ល៉េះ ។

លោកឆាយ ផាន់នី ជាពលរដ្ឋរស់ក្នុងភូមិចង្ហោន បាននិយាយប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី21 មករាថា ដីរបស់គាត់មាន7ហិកតាបានកាន់កាប់21ឆាំ្នមកហើយ តែបើរដ្ឋដកដីវិញគឺលោកប្រគល់ឱ្យរដ្ឋវិញ ។ លោកឆាយ ផាន់នី និយាយប្រាប់បន្តថា បើដកដីលើភ្នំវិញលោកសុំឱ្យដកឱ្យអស់ ទាំងអ្នកធ្វើរបងបេតុងរាប់សិបកន្លែងទៀត ទើបលោកព្រម ។

ទាក់ទងមន្ត្រីផ្សេងៗរាប់ទាំងអ្នកមានអំណាចផងនោះ បានទៅរុករានយកដីព្រៃសហគមន៍រហូតដល់ដីឧទ្យានជាតិទៀត ។ បើយោងតាមការអះអាងពីពលរដ្ឋនៅភូមិចង្ហោននិយាយថា ពួកគាត់គ្រោងនឹងទៅជួបលោកអភិបាលខេត្តកំពត ឱ្យចុះមកពិនិត្យដីព្រៃភ្នំរាប់ពាន់ហិកតា ដែលកំពុងត្រូវបានគេយកទៅលក់និងធ្វើកម្មសិទ្ធិ ដែលកំពុងក្លាយជាសាច់ជ្រូកបីជាន់ទៅហើយនេះ តើរដ្ឋយកវិញឬយ៉ាងណាឱ្យច្បាស់ ងាយស្រួលគ្រប់គ្រង កុំឱ្យស្ទាក់ស្ទើរដូចសព្វថ្ងៃ៕


ចែករំលែកព័តមាននេះ