ស្ថានភាព​គុណភាព​ខ្យល់​សម្រាប់​ថ្ងៃ​21​មក​រា ​មាន​ភាពល្អ​ប្រសើរ


រាជធានី​ភ្នំពេញ ៖ យោង​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​តាមដាន​គុណភាព​ខ្យល់​របស់​ក្រសួងបរិស្ថាន រហូត​មក​ដល់​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ស្ថានភាព​គុណភាព​ខ្យល់នៅ​ព្រះរាជាណាចក្រ​កម្ពុជា​មានគុណ​ភាពល្អ ប្រសើរ ។ កំហាប់​ភាគល្អិត​និចល​នៅ​ក្នុង​ខ្យល់ PM2.5 មាន​កម្រិត​នៅ​ក្នុង​រង្វង់​ស្តង់ដារ​កម្រិត​៥០ ដែល​បង្ហាញ​ថា​គុណភាព​ខ្យល់​ទាំង​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​តាម​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះ
រាជាណាចក្រ​កម្ពុជា មានគុណ​ភាពល្អ​ប្រសើរ ។

មន្ត្រី​ជំនាញ​និយាយ​ថា ស្ថានភាព​គុណភាព​ល្អ​ប្រសើរ​វិល​មក​រក​សភាព​ដើម​វិញ​នេះ តាំង​តែ​ពី​ថ្ងៃ​សៅរ៍​ទី​១៨ ខែមករា​ម្ល៉េះ ក្រោយ​ពី​មានការ​កើនឡើង​ហួស​កម្រិតស្តង់ដារ​កាលពី​ថ្ងៃ​ទី១៧ ខែមករា​កន្លង​ទៅ ។ មន្ទីរ​ជំនាញ​ក្រសួងបរិស្ថាន​ក៏​នៅ​តែ​បន្ត​តាមដាន​ជា​ប្រចាំ​នូវ​ស្ថានភាព​គុណភាព​ខ្យល់ និង​បន្ត​ផ្តល់​ព័ត៌មាន​ជា​ប្រចាំ​ដល់​សាធារណជន ។

ក្រសួងបរិស្ថាន ក៏​បាន​ថ្លែងអំណរគុណ​មន្ត្រីជំនាញ​បរិស្ថាន​ទាំងអស់ រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ពិសេស​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ មន្ទីរ​បរិស្ថាន​រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​អនុវត្ត​វិធានការ​មួយ​ចំនួន​តាម​ការ​អំពាវនាវ​របស់​ក្រសួងបរិស្ថាន និង​ស្នើ​សុំ​បន្ត​អនុវត្ត​វិធានការ​នេះ​ជា​ប្រចាំ ដើម្បី​ចូលរួម​ថែរក្សា​ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា ។ ក្រសួងបរិស្ថាន កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ បាន​ចេញ​សេចក្តីជូនដំណឹង​ដល់​មន្ទីរ​បរិស្ថាន​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ អនុវត្ត​វិធានការ​មួយ​ចំនួន​រួម​មាន ៖

១-​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​ការ​ដុត​សំរាម សំណល់​រឹង នៅ​តាម​ទី​ចំហ ការឆេះ​នៅ​តាម​ទី​លាន​ចាក់សំរាម ។
២-​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលីពី​ការដ្ឋាន​សំណង់ និង​ការដ្ឋាន​កែ​លម្អ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ និង​ធូលី​ហុយ​នៅ​តាម​ដងផ្លូវ ។
៣-​សម្អាត​អនាម័យ​នៅ​តាម​ដងផ្លូវ និង​ទី​សាធារ​ណៈ ស្រោច​ទឹក​លើ​ដងផ្លូវ​កុំឱ្យ​ធូលី​ហុយ ។
៤-​ចុះ​អប់រំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុត​សំរាម សំណ​ល់​រឹង ការ​ដុត​ស្មៅ គល់​ជញ្ជ្រាំង និង​សំណល់កសិកម្ម​ផ្សេង​ៗ​ទៀត ។

ការ​កើនឡើង​កំហាប់​ភាគល្អិត​និចល PM 2.5ក្នុង​ខ្យល់​នេះ មិនមែន​មាននៅ​តែ​ព្រះរាជា​ណាចក្រ​កម្ពុជា​ទេ ប៉ុន្តែ​និន្នាការ​នៃ​កំណើន​នេះ​មាននៅ​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់ដោយសារ​តែ​អាកាសធាតុ​នៃ​អនុ​តំបន់​ទន្លេ​មេគ​ង្គ​មាន​ភាព​ស្ងួត​ហួតហែង ។

ប្រភព​និង​សកម្មភាព​សំខាន់​ៗ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​កំហាប់ភាគល្អិត​និចល​PM2.5 មានការ​កើនឡើង​នេះ មាន​ជា​អាទិ៍ ការ​បញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហ​កម្ម ពី​យានយន្ត​ប្រើប្រាស់​ប្រេង​ម៉ា​សូ​៊​ត និងពី​ចំហេះ​ឥន្ធនៈ​ផ្សេង​ទៀត ភ្លើង​ឆេះ​ព្រៃ ការ​ដុតរាន​ព្រៃ ការ​ដុត​វាលស្មៅ ការ​ដុត​គល់​ជញ្ជ្រាំងការ​ដុត​សំរាម ការ​ដុត​សំណល់​រឹង​នៅ​តាម​ទីចំហ និង​ទីលាន​ចាក់​សំណល់​ការដ្ឋាន​សំណង់​ជាដើម ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ