ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជា​អំពាវនាវ​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នៅ​ពេល​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន វៀតណាម នៅ​ពេល​ខាង​មុខ​នេះ ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២២ ខែមករា​នេះ​យ៉ាង​ដូច្នេះ​ថា ៖«​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ នៅ​សល់​តែ​២​ថ្ងៃ​ទៀត ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​នឹង​មក​ដល់ ។ មួយ​ឆ្នាំ​ៗ​ពិតជា​លឿន​មែន ហើយ​មិនយូរ​ប៉ុន្មាន ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ក៏​នឹង​មក​ដល់​ទៀត​នៅ​ខែមេសា​ខាង​មុខ​» ។

សម្តេច​បាន​បន្ត​ថា សព្វ​ថ្ងៃនេះ បងប្អូន​ខ្សែស្រឡាយ​កាត់​ចិន​ក៏​មាន​កាន់តែ​ច្រើន ហើយ​បងប្អូន​មាន​ជីវភាព​រស់នៅ​កាន់តែ​ធូរធារ​ផង​ដែរ ។ តាម​ធម្មតា​ឲ្យ​តែ​ចូល​ឆ្នាំ​ចិន​ម្តង​ៗ គឺ​បាន​សប្បាយ​ដល់​បងប្អូន​ខ្មែរ​ផង​ដែរ ដូច​ពាក្យ​កំពុង​ពេញ​និយម​និយាយ​ថា «​ចូល​ឆ្នាំ​ចិន​ស្រវឹង​ខ្មែរ​» ។ សម្តេច​បញ្ជាក់​ថា ៖« តែ​សូម​ចៀសវាង​កុំ​នាំ​បញ្ហា​ដល់​ខ្លួន​ដោយសារ​ការ​សប្បាយ​ភ្លេច​គិត​មិន​បាន​ប្រុង​ប្រយ័ត្ន ជា​ពិសេស​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ ។ សូម​ជូនពរ​បងប្អូន​ខ្មែរ​-​ចិន និង​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​ចម្រុងចម្រើន និង​ទទួល​បាន​លាភ​សំណាង និង​ហេង​ហេង​គ្រប់​ៗ​គ្នា​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ​» ។

សម្រាប់​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​ដែរ នគ​បាល​ជាតិ​កម្ពុជា​ដាក់​ចេញ​វិធានការ​សន្តិសុខ​០៦​ចំណុច​សម្រាប់​ការ​ការពារ​សន្តិសុខ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី ចិន វៀតណាម កូរ៉េ​ខាង​មុខ​នេះ ។ អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន បាន​ចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០២០​នេះ​បាន​ដាក់​ចេញ​ផែន​ចំនួន​៦​ចំណុច​សំខាន់​ៗ ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​របៀបរៀបរយ និង​សុវត្ថិភាព​សង្គម​បាន​ល្អ​ប្រសើរ​ជូន​ប្រជាពលរដ្ឋ​ចូលរួម​អបអរសាទរ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​របស់​ប្រជាជន​ចិន វៀតណាម និង​កូរ៉េ នៅ​ពេល​ខាង​មុខ​នេះ ។

វិធានការ​ទាំង​០៦​ចំណុច​នេះ រួម​មាន ៖ ការ​យកចិត្តទុកដាក់​ប្រមូល​ព័ត៌មាន ពាក់ព័ន្ធ​សភាពការណ៍​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ពិសេស​ក្ដាប់​ឲ្យ​បាន​នូវ​ឧបាយកល​សកម្មភាព​បង្ក​អសន្តិសុខ ឬ​ការ​ញុះញង់​នានា​ធ្វើ​ឲ្យ​សង្គម​មាន​ចលាចល និង​ចាត់វិធានការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ នៅ​តាម​ទី​អា​រ៉ា​ម ព្រះ​វិហារ​ចិន វៀតណាម កូរ៉េ ក៏​ដូច​ជាទី​សក្ការៈ និង​រមណីយដ្ឋាន​មួយ​ចំនួន ដែល​មានការ​ប្រារព្ធ​ពិធីបុណ្យ​ផ្សេង​ៗ ។ ក្នុង​នោះ​ត្រូវ​យកចិត្តទុកដាក់​បង្ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ ជា​ពិសេស​សកម្មភាព​បង្ក​ការ​អុកឡុក​ដោយ​ក្មេង​ទំនើង និង​ត្រូវ​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ ។

នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​បាន​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​រៀបចំ​សណ្តាប់ធ្នាប់​ចរាចរណ៍​បង្ការ​ភាព​កកស្ទះ និង​បង្កើន​ការ​រឹត​បន្តឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​សំដៅ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បង្ក​លក្ខណៈ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​សួរសុខទុក្ខ​បងប្អូន ឬ​ទៅ​កម្សាន្ដ​តាម​តំបន់​រមណីយដ្ឋាន​នានា ប្រព្រឹត្ត​ទៅ​ដោយ​ក្តី​សប្បាយ​រីករាយ និង​សុវត្ថិភាព ។ លោក​ក៏​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី រំលឹក​ដាស់តឿន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​អគ្គិភ័យ ជា​ពិសេស​ទៀន​ធូប នៅ​ពេល​សែនព្រេន​ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿង​ឆេះ ព្រមទាំង​ហាមឃាត់​មិន​ឲ្យ​ដុត​ផាវ កាំជ្រួច ឬ​បង្ក​សម្លេង​ផ្ទះ​ផ្សេង​ៗ ។

ជាមួយ​គ្នា​នោះ​ដែរ នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ក៏​បាន​បញ្ជា​ឲ្យ​ប្រមូលផ្តុំ​កម្លាំង និង​មធ្យោបាយ​ប្រចាំការ ដើម្បី​ត្រៀម​ចេញ​អន្តរាគមន៍​ពន្លត់ និង​សង្គ្រោះ​ហេតុការណ៍​អគ្គិភ័យ​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​ត្រូវ​ពង្រឹង​បន្ថែម​ការងារ​ប្រចាំ​បញ្ហា​គ្រប់​ថ្នាក់ និង​ការងារ​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​សភាពការណ៍​ដែល​កើត​មាន​ឡើងជា​យថាហេតុ​ឲ្យ​បាន​ទាន់​ពេលវេលា និង​មាន​ប្រសិទ្ធភាព​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ