រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីពីទូទឹកកកបង្កជាអគ្គិភ័យឆាបឆេះផ្ទះថ្មប្រក់ស័ង្កសីមួយខ្នង ហើយភ្លើងបានឆាបឆេះសម្ភារៈនៅខាងក្នុងផ្ទះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គិភ័យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង៩យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខJ9 ផ្លូវលេខ១ ស្ថិតក្នុងបុរីមង្គលភ្នំពេញ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់បានពរកូនរត់ចេញមកពីក្នុងផ្ទះកើតហេតុខាងលើដោយសភាពភ័យស្លន់ស្លោ។ ស្របពេលនោះក៏ស្រាប់តែឃើញមានផ្សែងហុយខ្មួលខ្មាញ់លាយលំជាមួយនឹងអណ្តាតភ្លើងបានឆាបឆេះចេញមកពីខាងក្នុងផ្ទះនោះ បង្កអោយមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរខាងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងបាននាំគ្នាទាញទុយោបាញ់ទឹកពន្លត់។
តាមប្រភពដដែលបានបន្តថា លុះមួយស្ទុះក្រោយមក គេឃើញសមត្ថកិច្ចមូលដ្ឋានរួមជាមួយរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវចំនួន១គ្រឿងបានចុះមកធ្វើការបាញ់ទឹកពន្លត់អស់រយៈពេលប្រមាណជា១៥នាទីក្រោយមក ទើបអណ្ដាតភ្លើងក៏បានរត់ទៅវិញជាស្ថាពរ ដោយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន២រថយន្ត។
តាមសម្តីពីសមត្ថកិច្ចមូលដ្ឋានបានរៀបរាប់ប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះខាងលើឈ្មោះ ព្រហ្ម លក្ខ័ណា ភេទស្រី អាយុ៣១ឆ្នាំ ហើយផ្ទះមួយខ្នងដែលត្រូវអគ្គិភ័យឆាបឆេះខាងលើនេះ គឺមិនមែនជាប្រភេទផ្ទះល្វែងរបស់បុរីមង្គលភ្នំពេញនោះទេ គឺសល់ពីទីធ្លាធំ ទើបម្ចាស់ផ្ទះខាងលើបានសង់ផ្ទះមួយខ្នងប្រភេទថ្មប្រក់ស័ង្កសីទំហំ៤ម៉ែត្រគុណនិង៨ម៉ែត្រ ដើម្បីឱ្យប្អូនប្រុសរស់នៅជាមួយនឹងគ្រួសាររបស់គាត់។
តាមប្រភពដដែលបានបន្តថា ខណៈពេលដែលកើតហេតុ គឺមានតែស្ត្រីម្នាក់មានសតិមិនគ្រប់ដែលត្រូវជាប្អូនថ្លៃរបស់ម្ចាស់ផ្ទះខាងលើជាអ្នកនៅក្នុងខាងហេតុការណ៍ខាងលើនេះ ប៉ុន្តែខណៈពេលដែលសមត្ថកិច្ចធ្វើការសាកសួរ ស្ត្រីដែលជាប្អូនថ្លៃរបស់ម្ចាស់ផ្ទះបាននិយាយស្តីមិនដឹងរឿងអ្វីទាំងអស់។
តាមប្រភពដដែលបានបន្តទៀតថា ហេតុការណ៍អគ្គិភ័យខាងលើនេះមិនបង្កឲ្យឆាបឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ គឺឆាបឆេះរងការខូចខាតតែសម្ភារៈមួយចំនួនតូចដែលនៅខាងក្នុងផ្ទះមួយខ្នងខាងលើប៉ុណ្ណោះ។ ចំពោះមូលហេតុគឺដោយសារតែឆ្លងចរន្តអគ្គិសនីពីទូទឹកកក ទើបបង្កឱ្យផ្ទុះបែកផ្កាភ្លើងឆាបឆេះជាអណ្ដាតភ្លើងតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ