ខេត្តប៉ៃលិន ៖ ចង់ ឬមិនចង់ ក៏កសិករត្រូវតែស្វែងរកកម្មករ ដើម្បីចូលទៅដកដំឡូងមីនៅក្នុ ងចម្ការរបស់ខ្លួន ដើម្បីដឹកលក់នៅតាមស្តង់នានាក្នុងក្រុង ខណៈអ្នកខ្លះដំឡូងមីរបស់ខ្លួន ដាំ ទើបតែបានប្រហែល១០ខែ ក៏ត្រូវដកយកទៅលក់ ដោយសារជំពាក់បំណុលគេ ខណៈតម្លៃទីផ្សារឡើងខ្ពស់។
ម្យ៉ាងវិញទៀត ពេលឃើញតម្លៃទីផ្សារនាដើមឆ្នាំ២០២០នេះ មានការឡើងថ្លៃជាងមុនគួរសមដែរ ទើបនភរសៀលថ្ងៃទី២០ ខែមករានេះ ប្រជាកសិករម្នាក់ចាប់ផ្តើមសម្រុកដកដំឡូងមីដឹកយកទៅលក់នៅក្នុងស្តង់ក្បែរចម្ការរបស់ខ្លួន ដើម្បីយកប្រាក់សងបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ។ បន្ទាប់ពីប្រមូលផលរួច ពួកគេនឹងភ្ជួរដីប្តូរដាំដំណាំពោតវិញម្តង ដើម្បីរក្សាដីរបស់ខ្លួនឱ្យនៅតែមានជីវជាតិល្អដដែល ។
បើតាមប្រជាកសិករម្នាក់ឈ្មោះ កាន ប៊ុនថន អាយុ២៦ឆ្នាំ រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន បានរៀបរាប់ឱ្យដឹងថា គាត់មានដីចំនួន៣ហិកតា ដោយឆ្នាំនេះ គាត់បានដាំដំឡូងមីទាំងអស់ ហើយក៏បានជួលកម្មករចូលប្រមូលផលជាបណ្តើរៗ ខណៈកាលពីប៉ុន្មានថ្ងៃមុនឃើញថា ដំឡូងមីឡើងខ្ពស់រហូតដល់១គីឡូក្រាម២បាត (ប្រាក់ថៃ) គាត់ក៏បានជួលកម្មករឱ្យប្រមូលផលបានចំនួន២ហិកតារួចមកហើយ សរុបបានចំនួន២៣តោន ។
លោកបន្តទៀតថា លុះបន្ទាប់ពីឃើញកសិករនាំគ្នាចូលទៅដល់ដឹកលក់ច្រើន ស្រាប់តែម្ចាស់ស្តង់ទម្លាក់ថ្លៃនៅត្រឹមតែ១គីឡូក្រាម១.៤ទៅ១.៥បាត (ប្រាក់ថៃ) ប៉ុណ្ណោះ ។ ប៉ុន្តែ លោកក៏ចាប់ផ្តើមផ្អាក រង់ចាំរហូតដល់ពេលនេះ ប៉ះចំពេលដែលម្ចាស់ស្តង់ដំឡូងមីគេទិញថ្លៃ ដោយ១គីឡូក្រាម លក់បាន២បាត (ប្រាក់ថៃ) ឃើញថា តម្លៃបែបនេះ អាចទទួលយកបាន ។
លោកបញ្ជាក់ថា ទិន្នផលដំឡូងមីឆ្នាំនេះ មានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច ខណៈភ្លៀងធ្លាក់មិនគ្រប់គ្រាន់ ហើយដាំជាច្រើនលើកច្រើនសារចំណាយដើមទុនអស់ច្រើន មើលទៅបន្ទាប់ពីប្រមូលផលរួច ប្រហែលជាសងជំពាក់បំណុលគេមិនគ្រប់នោះទេ ព្រោះលោកជំពាក់គេរហូតដល់៣ពាន់ដុល្លារឯណោះ ។ តែទោះបីជាយ៉ាងណាក៏ដោយ នៅឆ្នាំក្រោយៗ ខាងលោកនឹងប្តូរទៅដាំដំណាំពោតវិញម្តង ដើម្បីឱ្យដីក្នុងចម្ការរបស់ខ្លួនមានជីវជាតិល្អប្រសើរឡើងវិញ ។
លោកក៏សូមឱ្យអាជ្ញាធរខេត្ត និងមន្ទីរកសិកម្មខេត្តប៉ៃលិន ជួយរកទីផ្សារកសិផលជូនប្រជា ពលរដ្ឋផងដែរ ដោយពេលប្រមូលផល សូមកុំឱ្យក្រុមឈ្មួញនាំគ្នាទម្លាក់ថ្លៃ ដែលជាហេតុធ្វើឱ្យម្នាក់ៗមានការលំបាក ខាតចុងខាតដើម ហើយសងបំណុលគេមិនគ្រប់នោះឡើយ ។
លើសពីនេះ ក៏សូមឱ្យខាងមន្ទីរជំនាញ ចុះបង្រៀនដល់កសិករនៅតាមភូមិនានាឱ្យចេះផលិតកសិផលរបស់ខ្លួន ទទួលបានផលល្អ ត្រូវតាមស្តង់ដា ហើយទទួលបានទិន្នផលខ្ពស់ផងដែរ ។
ចំណែកឈ្មួញរកស៊ីដឹកដំឡូងមីម្នាក់ឈ្មោះ ឈិន លីន ភេទប្រុស អាយុ៣៣ឆ្នាំ បានរៀបរា ប់ឱ្យដឹងថា ការស៊ីឈ្នួលដឹកដំឡូងមីឱ្យគេនេះ គឺ១តោន លោកទារថ្លៃចំនួន១០០បាត (ប្រាក់ថៃ)។ តែបើដឹកឆ្ងាយ ខាងលោកក៏ទារគេ ម្ចាស់ចម្ការ តម្លៃខ្ពស់ជាងនេះ ។
លោកបន្តទៀតថា លោកក៏ដាំដំឡូងមីនៅក្នុងចម្ការរបស់ខ្លួនដែរ តែអត់សូវបានទទួលទិន្នផលខ្ពស់នោះទេ ព្រោះតែអាកាសធាតុមិនអំណោយផល ហើយដំឡូងមីក៏មិនសូវមានមើលធំៗ លុះជំពាក់បំណុលគេ ក៏បង្ខំចិត្តដកលក់អស់ទៅហើយ រួចទើបទំនេរពីការងារ ក៏ស៊ីឈ្នួលដឹកដំឡូងមីតែម្តង ។ មើលទៅនៅឆ្នាំក្រោយៗទៀត ខាងលោកនឹងប្តូរទៅដាំពោតក្រហម ឬដាំស្វាយកែវរមៀត ព្រោះសង្កេតឃើញថា កសិករដាំដំឡូងមីច្រើននៅឆ្នាំនេះ ស្ទើរតែគ្រប់គ្នា ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ