ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ច្បាប់​សង់​ប៉ុណ្ណេះ បែរ​សង់​ប៉ុណ្ណោះ ចុះ​ផ្អាក​ការដ្ឋាន​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ការដ្ឋាន​សំណង់​អគារ​ឃ្លាំង ​និង​របង​ថ្ម​មួយ​កន្លែង ​ត្រូវ​បាន​លោក​ឃឹម ស៊ុន​សូ​ដា អភិ​បាល​ខណ្ឌ​កំ​បូល​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ ​និង​វាស់វែង​បន្ទាប់​ពី​មានការ​សង្ស័យ​ថា ម្ចាស់​ទីតាំង​ខាងលើ​សាងសង់​លើស​ពី​ការ​សុំ​ច្បាប់​និង​ការ​អនុញ្ញាត​ឲ្យ​សាងសង់​។​ ក្រោយ​ពី​ការ​វាស់វែង​រួច​បាន​រក​ឃើញ​ថា…

រាជធានីភ្នំពេញ ៖​ ការដ្ឋាន​សំណង់​អគារ​ឃ្លាំង ​និង​របង​ថ្ម​មួយ​កន្លែង ​ត្រូវ​បាន​លោក​ឃឹម ស៊ុន​សូ​ដា អភិ​បាល​ខណ្ឌ​កំ​បូល​បញ្ជា​ឲ្យ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ ​និង​វាស់វែង​បន្ទាប់​ពី​មានការ​សង្ស័យ​ថា ម្ចាស់​ទីតាំង​ខាងលើ​សាងសង់​លើស​ពី​ការ​សុំ​ច្បាប់​និង​ការ​អនុញ្ញាត​ឲ្យ​សាងសង់​។​

ក្រោយ​ពី​ការ​វាស់វែង​រួច​បាន​រក​ឃើញ​ថា សំណង់​នេះ​ពិតជា​មិន​មាន​ភាព​ប្រក្រតី​ឡើយ ដោយ​សង់​មិន​ត្រឹមត្រូវ​គឺ​សុំ​ច្បាប់​ប៉ុណ្ណេះ ​បែរជា​សង់​ប៉ុណ្ណោះ​លើស​ពី​ការ​អនុញ្ញាត​រាប់រយ​ម៉ែត្រការ៉េ​ ។ ​ដោយសារ​តែ​ការ​សង​ខុស​បទដ្ឋាន​បច្ចេកទេស​បែប​នេះ ​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ខ្លាច​មាន​ហានិភ័យ​កើតឡើង​ជាយថាហេតុ​នៅ​ថ្ងៃ​ណាមួយ​នោះ​ ទើប​លោក​អភិបាល​ខណ្ឌ​បាន​ឲ្យ​កម្លាំង​ដែល​ចុះ​ទៅ​ត្រួតពិនិត្យ​នោះ​ផ្អាក​សកម្មភាព​សាងសង់​ជា​បន្ទាន់ រង់ចាំ​ឲ្យ​ម្ចាស់​សុំ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​សិន​។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២០ ​មករា ឆ្នាំ​២០២០ ​នៅ​ចំណុច​ការដ្ឋាន​សំណង់​ឃ្លាំង និង​របង​ថ្ម​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ស្នោរ​ខាងលិច សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ​ក្រោម​ការ​ដឹកនាំ​ដោយ​ដោយ​លោក​គន់ ចាន់​សុភា​រី នាយករង​រដ្ឋបាល​ខណ្ឌ និង​លោក​វ៉ា​ន់ ដុល្លា ប្រធាន​ការិយាល័យ​ផែនការ​និង​អភិវឌ្ឍន៍​ខណ្ឌ​កំ​បូល ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ ​លោក​គន់ ចាន់​សុភា​រី នាយករង រដ្ឋបាល​ខណ្ឌ​កំ​បូល​បាន​និយាយ​ថា សំណង់​ដែល​កំពុង​ដំណើរការ​សាងសង់​នេះ​ជា​ប្រភេទ​សំណង់​ឃ្លាំង​ដែល​សាងសង់​ពី​ដែក​រួម​ជាមួយ​របង​ថ្ម​ព័ទ្ធ​ជុំវិញ​ផង​ដែរ ដែល​មាន​ម្ចាស់​ឈ្មោះ​សុខ ច​ន្ធូ ភេទ​ស្រី ។​គាត់​បាន​សុំ​ច្បាប់​សាងសង់​ពី​អាជ្ញាធរ​ខណ្ឌ​ហើយ​ដែរ ប៉ុន្តែ​អ្វី​ដែល​លោក​អភិបាល​ខណ្ឌ​បញ្ជា​ឲ្យ​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​និង​វាស់វែង​រហូត​ឈាន​ដល់​ការ​ផ្អាក​ការ​សាងសង់​ជា​បណ្ដោះអាសន្ន​នេះ​គឺ​មានការ​សង្ស័យ​ថា​ម្ចាស់​សំណង​នេះ​មិន​គោរព​តាម​ការ​អនុ​ញ្ញាត​នៅ​ក្នុង​ច្បាប់​ដែល​បាន​ស្នើរ​សុំ​និង​ការ​អនុញ្ញាត​ឲ្យ​សាងសង់​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេលធ្វើការ​វាស់វែង​ជាក់ស្ដែង​នោះ​កម្លាំង​បាន​រក​ឃើញ​ថា សំណង់​មួយ​នេះ​ពិតជា​ល្មើសច្បាប់​ដោយ​សង់​ទំហំ​និង​ប្រវែង​លើស​ពី​ការ​ស្នើរ​សុំ​និង​ការ​អនុញ្ញាត​មែន ដោយនៅ​ក្នុង​ច្បាប់​បាន​ស្នើរ​សុំ​សង់​ឃ្លាំង​ត្រឹមតែ​៣០០​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ម្ចាស់​បាន​សង់​រហូត​ដល់​ទៅ​៩០០​ម៉ែត្រការ៉េ គឺ​លើស​ចំនួន​៦០០​ម៉ែត្រការ៉េ​។​

ចំណែក​របង​ថ្ម​វិញ​ការ​ស្នើរ​សុំ​សាងសង់​នៅ​ក្នុង​ច្បាប់​គឺ​ត្រឹមតែ​ប្រវែង​១១០​ម៉ែត្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រវែង​ដែល​វាស់​ឃើញជាក់ស្ដែង​គឺ​បាន​សង់​រហូត​ដល់​ទៅ​២១៨​ម៉ែត្រ ដែល​បាន​សង់​លើស​ប្រវែង​១០៨​ម៉ែត្រ​។​បន្ទាប់​មក​កម្លាំង​ក៏​បាន​ផ្អាក​មិន​ឲ្យ​សាងសង់​បន្ត​ឡើយ និង​បាន​ណែនាំ​ឲ្យ​ម្ចាស់​សុំ​ច្បាប់​ឡើង​វិញ​ឲ្យ​បាន​ត្រឹមត្រូវ​សិន ទើប​អនុញ្ញាត​ឲ្យ​សង់​បន្ត​ទៀត​បាន​៕​​

អត្ថបទសរសេរ ដោយ