ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងព្រេង​ទាក់ទង​នឹង​ទំនៀមទម្លាប់​ចោះ​​ត្រចៀក​កូនស្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

តាម​ទំនៀម​ពី​បុរាណកាល​មក​ក្មេង ស្រី​ៗ​សុទ្ធតែ​ចោះត្រចៀក គ្រប់​ៗ​គ្នា​ទាំងអស់ ។ រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ ក៏​នៅ​តែ​ធ្វើ​ចំពោះ​ត្រចៀក​ដែរ គឺ​គេ​ចោះត្រចៀក​ទុក​សម្រាប់​ពាក់​គ្រឿងអលង្ការ ផ្សេង​ៗ មាន កាវ…

តាម​ទំនៀម​ពី​បុរាណកាល​មក​ក្មេង ស្រី​ៗ​សុទ្ធតែ​ចោះត្រចៀក គ្រប់​ៗ​គ្នា​ទាំងអស់ ។ រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ ក៏​នៅ​តែ​ធ្វើ​ចំពោះ​ត្រចៀក​ដែរ គឺ​គេ​ចោះត្រចៀក​ទុក​សម្រាប់​ពាក់​គ្រឿងអលង្ការ ផ្សេង​ៗ មាន កាវ កបិត ទំហូ ជាដើម ។ ឯ​ក្មេង ប្រុស​ៗ​មិន​មាន​ចោះត្រចៀក​ទេ ។

រឿង​នេះ​ខ្ញុំ​បានដឹង​ពី​សំណាក់​ដូន​ចាស់​ម្នាក់​ឈ្មោះ​មាស នៅ​ភូមិ​ពោធិ​ដូ​ត​អស់ គាត់​បាន​ស្លាប់​ប្រហែល​១៨​ឆ្នាំ​ហើយ ។ ដើម​ឡើយ​ខ្ញុំ​សួរ​គាត់​ថា «​យាយ ! ហេតុ​ដូច​មេ​៉​ច​ក៏​ប្រហោង​ត្រចៀក​យាយ​ធំ​ម្ល៉េះ ? តើ​យាយ​ពាក់​កាវ ប៉ុន្មាន​ទៅ ? » យាយ​មាស​ឆ្លើយ​តប​វិញ​ថា «​ចៅ​ឯង​មិន​ទាន់​ដឹង​ទេ ចាស់​ៗ​ជំនាន់​យាយ គេ​មិនសូវ​ពាក់​កាវ​ទេ គឺ​គេ​ពាក់​តែ​ត្រសាល់ ឯ​ត្រសាល់​នោះ បើ​អ្នកមាន​ទ្រព្យសម្បត្ដិ​ច្រើន​គេ​ធ្វើ​ដោយ​មាសប្រាក់ ឬ​ភ្លុក ។

ឯ​អ្នកក្រ​សម្បត្ដិទ្រព្យ​គេ​ធ្វើ​ដោយ​ឈើ​ពាក់​សោះតែ​ទំនេរ​ត្រចៀក​ណា៎​ចៅ ! អាស្រ័យ​ការ​ពាក់ ត្រសាល់​នេះ ទើប​បានជា​ត្រចៀក​យាយ​យារ​ធ្លាក់​ចុះ ហើយ​មាន​ប្រហោង​ធំ​ដូច្នេះ​ឯង »​។

ត្រសាល់​នេះ​រាង​ប៉ុន​មេដៃ មាន​សណ្ឋាន​ប្រហែល​និង​ត្រសាល់​អំបោះ​សព្វ​ថ្ងៃនេះ​ដែរ តែ​ល្អ​ជាង ព្រោះ មាន​ឆ្លាក់​ក្បូរក្បាច់​នៅ​ត្រង់​កញ្ចាំង (​មុខ​) ។ ព្រោះហេតុតែ​មាន​រាងរៅ​ដូច​គ្នា​និង​ត្រសាល់​អំបោះ ទើប​គេ​ហៅ វា​ថា «​ត្រសាល់​» ដែរ ។ តែ​ក្មេង ស្រី​ៗ​ជំនាន់​ដើម គេ​ពាក់​គ្រឿងអលង្ការ​ម្យ៉ាង​ហៅ​ថា «​កន្ទួត​» ។ កន្ទួត​មាន​កញ្ចាំង​ដូច​ជា «​កាវ​ទង​ត្រង់​» សព្វ​ថ្ងៃនេះ​ដែរ តែ​ឥត​មាន​ត្បូង​ទេ ។ នៅ​ត្រង់​កន្លែង​ដាក់​ត្បូង គេ​ធ្វើ​រាង​ដូច​ផ្លែ​កន្ទួត ហើយ​ធ្វើ​ក្រវិល​មូល​មួយ​សម្រាប់​ដោត​ក្នុង​រន្ធ​ត្រចៀក​ចោះ​។ កន្ទួត​នោះ​គេ​ធ្វើ​ដោយ​មាស ឬ​ទង់ហ្វ៊ា ។

ទំនៀម​ចោះត្រចៀក​នេះ មានរឿង​ព្រេង​មួយ​តំណាល​ថា ៖ កាលពី​កន្លង​ទៅ​យូរយារ​ណាស់​មក​ហើយ មាន​កុដុម្ពិកៈ​ម្នាក់ ជា​អ្នកមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ មាន​ខ្ញុំកំដរ​ស្រី​ប្រុស​ជា​ច្រើន មាន​មាសប្រាក់​កែវកង​ពិទូរ្យ​សូរ្យ​កាន សព្វបែបយ៉ាង​។ កុដុម្ពិកៈ​នោះ​ក៏​មានចិត្ដ​ក្បត់ និង​ភរិយា​របស់​ខ្លួន ហើយ​ទៅ​សហាយស្មន់​នឹង​ខ្ញុំបម្រើ​ស្រី​ម្នាក់ ។ លុះ​យូរ​ទៅ ប្រពន្ធដើម​ដឹង​រឿង តែ​មិនដឹង​ធ្វើ​ម៉េច​នឹង​ធ្វើបាប​ខ្ញុំបម្រើ​ស្រី​នោះ​បាន ។

ថ្ងៃមួយ​កុដុម្ពិកៈ មានដំណើរ​ទៅ​ស្រុក​ក្រៅ​ពេញ​មួយ​ថ្ងៃ ប្រពន្ធដើម​បាន​ឱកាស​ក៏​នាំ​ទាសី​ដទៃ​ទៀត​របស់​ខ្លួន​ទៅ​ចាប់​នាង​ស្រី​ជា​សហាយ​របស់​ប្ដី​នោះ​មក​ធ្វើបាប វាយដំច្រំធាក់ និង​ជេរ​បញ្ចោរ​ច្រាស​ឆ្អេះ​យ៉ាង​អស្ចារ្យ រួច​យក​ដែកគោល​មក​បោះ​ត្រង់​ចុង​ស្លឹកត្រចៀក ទាំង​ពីរ​របស់​នាង​នោះ ហើយ​ទុក​ចោល​នៅ​លើ​ផ្ទះ​នោះ​ទៅ ។ លុះ​វេលា​ល្ងាច កុដុម្ពិកៈ ត្រលប់​មក​ពី​ស្រុក​ក្រៅ​វិញ ឃើញ​ដូច្នេះ​ក៏​សួរ​ទៅ​នាង​សហាយ​នោះ​ថា «​យ៉ាងម៉េច​! បានជា​គេ​យក​ដែកគោល​បោះ​ស្លឹកត្រចៀក​ដូច្នេះ?​» ។ នាង​ក៏​ឆ្លើយ​ប្រាប់​តាម​ដំណើរ​សព្វគ្រប់ ។ ប្ដី​ក៏​ដក​ដែក គោល​ចេញ​រក​ថ្នាំលាប​ស្រួលបួល​ហើយ ឱ្យទៅ​នៅផ្ទះ​មួយ ឆ្ងាយ​ពី​គ្នា ។

ចាប់តាំងពី​ថ្ងៃ​នោះ​មក នាង​សហាយ​នោះ​មាន​សេចក្ដី​អៀនខ្មាស​គេ​ជា​ច្រើន ព្រោះ​ត្រចៀក​ខ្លួន​មាន​ស្នាម​ប្រហោង ។ នាង​ចេះ​តែ​និយាយ​នឹង​ប្ដី​ថា ឱ្យ​ជួយ​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​បាត់​ស្នាម​ប្រហោង​ត្រចៀក​នាង ។ កុដុម្ពិកៈ​ធានា​រ៉ាប់រង​ថា នឹង​រក​មធ្យោបាយ​ធ្វើ​ឱ្យ​បាត់​ស្នាម ហើយ​ឱ្យ​បាន​ល្អ​ទៀត​ផង ។ នៅ​យប់​មួយ កុដុម្ពិកៈ​ដេក​សញ្ជឹងគិត​ឃើញ​ថា បើ​អញ​យក​មាស​ទៅ​ឱ្យ​ជាង​រចនា​ធ្វើ​ជា​របស់​អ្វីមួយ​មាន​របៀប​ដូច​ដែកគោល ហើយ​យក​មក​ឱ្យ​នាង​ពាក់​បិទ​ត្រង់​រន្ធ​ស្នាម​នោះ ប្រហែល​នឹង​បាន​ល្អ ។ លុះ​គិត​ហើយ ទើប​កុដុម្ពិកៈ​ចាត់​ឱ្យ​ជាង​ធ្វើ​បាន​ដូច បំណង ដោយ​បង្គាប់​ឱ្យធ្វើ​មាន​កញ្ចាំង​ដាំ​ត្បូង​ពេជ្រ រំលេច​ដោយ​ក្បាច់រចនា ផ្សេង​ៗ យ៉ាង​ល្អ​វិចិត្រ​គួរ​ឱ្យ​ចង់បាន ។

នាង​សហាយ​ក្រោយ​ដែល​បាន​ពាក់​ដែកគោល​មាស​ដាំ​ត្បូង​ពេជ្រ ក៏​ឃើញ​មាន លម្អ​ប្លែក នាំ​ឱ្យ​នាង​មានចិត្ដ​រីករាយ​យ៉ាង​ក្រៃ​លែង​។ លុះ​ថ្ងៃ​ក្រោយមក នាង​ប្រពន្ធដើម​បានឃើញ​ត្រចៀក​នាង​សហាយ​ដែល​ខ្លួន​បោះដែកគោល​នោះ មាន​ពន្លឺ​ភ្លឺ ផ្លេក​ៗ​គួរ​ឱ្យ​ស្រលាញ់​ក៏​សួរ​នាង​នោះ​ថា «​នាង​បាន​អ្វី​មក​ពាក់​នៅ​ត្រចៀក​នោះ​ក៏​ល្អ​ម្ល៉េះ ? នាង​សហាយ​ឆ្លើយ​ថា «​ខ្ញុំ​ពាក់​ដែកគោល​ដាំ​ត្បូង​ពេជ្រ ជំនួស​ដែកគោល​ដែល​អ្នក​បាន​បោះ​កាលពី​ថ្ងៃមុន​នោះ​» ។

នាង​ប្រពន្ធដើម​បានដឹង​ហើយ ក៏​រក​មធ្យោបាយ​ចោះត្រចៀក​ខ្លួន ហើយ​ឱ្យ​ជាង​ធ្វើ​ដែកគោល​ដាំ​ត្បូង​ពេជ្រ​ពាក់ ដូច​នាង​ប្រពន្ធចុង​ដែរ ។ ចាប់តាំងពី​សម័យ​នោះ​មក ស្រី​ៗ​ឯទៀត​ក៏​នាំ​គ្នា​ចោះត្រចៀក​កូនស្រី តាំងពី​នៅ​ក្មេង តូច​ៗ​ទុក​សម្រាប់​ពាក់​គ្រឿង​អ​ល​ងា្ក​ផ្សេង​ៗ ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ៕ ស្រង់​ចេញពី​សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ (​កែសម្រួល​ដោយ​៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ