ប្រជាជន​កម្ពុជា​ចាប់ផ្ដើម​វិនិយោគ​លើ​វិស័យ​ខុន​ដូ​ខណៈ​បរទេស​ក៏​នៅ​តែ​មាន​កំណើន


រាជធានី​ភ្នំពេញ ៖ ការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​ក្នុង​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគិន​ក្នុងស្រុក​បណ្ដើរ​ៗ ដែល​កាលពី​ដំបូង​ៗ​ការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ​នេះ គឺ​ភាគច្រើន​ជា​ការ​វិនិយោគ​ដោយ​ជនបរទេស ហើយ​អ្នក​ជាវ​ខុន​ដូ​ទៀត​សោត​ក៏​មានការ​ប្រែប្រួល​ផង​ដែរ មាន​ន័យ​ថា​ទាំង​អ្នក​អភិវឌ្ឍន៍​និង​អ្នកទិញ​ខុន​ដូ សម្រាប់​ស្នាក់​នា​ពេល​នេះ​គឺជា​ម្ចាស់​ស្រុក​តែ​ម្តង ។

លោកស្រី អាន សុធី​តា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ CBRE ប្រចាំ​ប្រទេសកម្ពុជា បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​ឃើញ​ថា​វិស័យ​អភិវឌ្ឍន៍​ខុន​ដូ នៅ​កម្ពុជា មានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​នៅ​ក្នុងស្រុក ហើយ​ទីផ្សារ​ក៏​មានការ​ប្រកួតប្រជែង​ខ្លាំង​ផង​ដែរ ដោយ​មាន​អ្នក​ក្នុងស្រុក​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ទិញ​សម្រាប់​វិនិយោគ ឬ​សម្រាប់​ស្នាក់​នៅ ។ ​លោកស្រី​បាន​និយាយ​ថា « នៅ​ពេល​ដែល​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ធ្វើ​អោយ​តម្លៃ​នៃ​ការ​លក់​ក៏​កាន់តែ​ល្អ​ប្រសើរ និង​ធ្វើ​អោយ​អ្នក​អភិវឌ្ឍន៍​បង្កើន​ការ​យកចិត្តទុកដាក់​លើ​គុណភាព​កាន់តែ​ខ្លា​ង​ជាង​មុន​ផង​ដែរ » ។

លោកស្រី​បាន​បន្ត​ថា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ការ​វិនិយោគ​លើ​វិស័យ​ខុន​ដូ គឺ​ផ្ដោត​ទៅ​លើ​អតិថិជន​ជា​ជនបរទេស ហើយ​អ្នក​វិនិយោគ ក៏​ភាគច្រើន​មក​ពី​បរទេស​ដូច​គ្នា​។ កាលនោះ ប្រភេទ​ខុន​ដូរ​ដែល​ផ្គត់ផ្គង់​សម្រាប់​អតិថិជន ត្រូវ​បាន​មើលឃើញ​ថា​ជា​លំដាប់​ទំនើប និង​មាន​តម្លៃ​ខ្ពស់ ។ ការ​ផ្ដោត​ទៅ​លើ​អតិថិជន​លំដាប់​ខ្ពស់​កាល​ណោះ ក៏​ក្នុង​ន័យ​មួយ ដើម្បី​ទាក់ទាញ​វិនិយោគិន​បរទេស​មក​ទិញ​អោយ​បាន​ច្រើន និង​បន្ត​ដាក់​ទុន​វិនិយោគ នៅ​កម្ពុជា ក៏​ប៉ុន្តែ​បច្ចុប្បន្ន​នេះ មានការ​ផ្លាស់​ប្តូរ​មក​ជា​ការ​ផ្គត់ផ្គង់​សម្រាប់​អ្នក​ចំណូល​មធ្យម និង​ផ្ដោត​ទៅ​លើ​អតិថិជន​ក្នុងស្រុក​ច្រើនជាង ។

លោកស្រី អាន សុធី​តា មាន​ប្រសាសន៍​បញ្ជាក់​ថា « ដោយសារ​តែ​មានការ​ផ្លាស់​ប្តូរ​បែប​នេះ ទើប​ប្រជាជន​កម្ពុជា បាន​ចាប់ផ្ដើម​ផ្លាស់​ប្តូរ​ពី​ការ​រស់នៅ​ក្នុង​បុរី ក្នុង​វីឡា មក​រស់នៅ​ក្នុង​ខុន​ដូ​វិញ​បណ្ដើរ​ហើយ​ផង​ដែរ » ។ លោកស្រី​បន្ត​ថា ក្នុង​ពេល​ដែល​វិស័យ​សំណង់​មានការ​រីក​លូតលាស់ បូក​រួម​ទាំង​វិស័យ​ខុន​ដូ​ផង​នោះ រាជរដ្ឋាភិបាល​ក៏​បាន​យកចិត្តទុកដាក់​ទៅ​លើ​គុណភាព​ដើម្បី​ផ្ដល់​ទំនុកចិត្ត​ចំពោះ​អ្នក​វិនិយោគ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​កំពុង​បណ្ដាក់ទុន និង​ត្រៀម​មក​បណ្ដាក់ទុន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​សព្វ​ថ្ងៃនេះ រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ថ្មី និង​ជំរុញ​អោយ​មានការ​អនុវត្ត​ច្បាប់​ថ្មី​នេះ​កាន់តែ​តឹងតែង ដែល​ធ្វើ​អោយ​អ្នក​វិនិយោគ​កាន់តែ​ជឿជាក់​លើ​គុណភាព​សំណង់​នៅ​កម្ពុជា ។

បើ​តាម​អ្នក​វាយតម្លៃ​ដទៃ​ទៀត កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ បាន​និង​យាយ​ថា ស្ថានភាព​វិស័យ​ខុន​ដូ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ប្រហាក់ប្រហែល​នឹង​ប្រទេស​ជិតខាង​ដែរ ដោយ​ដំឡូង​ឡើយ​អ្នក​អភិវឌ្ឍន៍​និង​អ្នកទិញ​ខុន​ដូ គឺជា​ជនបរទេស ក៏​ប៉ុន្តែ​ក​ក្រោយមក​ទាំង​អ្នក​អភិវឌ្ឍន៍ និង​អ្នកទិញ​ជា​អតិថិជន​ក្នុងស្រុក ។ កម្ពុជា ចាប់ផ្ដើម​វិវត្តន៍​ទៅ​រក​ស្ថានភាព​បែប​នេះ​បណ្ដើរ​ហើយ ក្នុង​នោះ​គេ​ឃើញ​ថា ប្រជាជន​កម្ពុជា ជា​ពិសេស​យុវវ័យ​សម័យ​ថ្មី និង​អ្នក​ដែល​ទើប​រៀប​ការ​ថ្មីថ្មោង ចាប់ផ្ដើម​ស្វែងរក​ខុន​ដូ សម្រាប់​ស្នាក់​នៅ ជា​ជាង​ស្វែងរក​លំនៅ​ឋាន​ជាប់​ដី​និង​នៅ​ឆ្ងាយ​ពី​កន្លែងធ្វើការ​របស់​ពួក​គេ ។

បើ​តាម​លោក​ពីង សេរី នាយក​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​បានអោយ​ដឹង​ថា ការ​អភិវឌ្ឍន៍​ខុន​ដូ គួរតែ​មានការ​ផ្លាស់​ប្តូរ ។ ជា​បទ​ពិសោធន៍​អ្នក​អភិវឌ្ឍន៍​ខុន​ដូ មុន​ៗ មិនសូវ​បាន​គិត​ពី​ចំណត​ធំ​ទូលាយ​ប៉ុន្មាន​ទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូ មាន​ផលវិបាក​ក្នុង​ការ​រក​ចំណត​ទុកដាក់​យានយន្ត​របស់​ខ្លួន ។ អ្វី​ដែល​សំខាន់​មួយទៀត ការ​រក​ទីតាំង​ដើម្បី​សង់​ខុន​ដូ ក៏​ជា​កត្តា​សំខាន់​មួយ​ផង​ដែរ សម្រាប់​អ្នក​អភិវឌ្ឍន៍​ខុន​ដូ​នៅ​កម្ពុជា ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​កំណើន​ខុន​ដូ នៅ​កម្ពុជា​ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ បាន​ជំរុញអោយ​កម្ពុជា​មាន​អគារ​ខ្ពស់​ៗ​កាន់តែ​ច្រើន ក្នុង​នោះ​បើ​តាម​ការ​សង្កេត​ជាក់ស្ដែង និង​របាយការណ៍​កន្លង​មក អ្នកកាន់កាប់​អចលនទ្រព្យ​អគារ​ខ្ពស់​ៗ​ជា​ពិសេស​អគារ​ខុន​ដូ នៅ​កម្ពុជា​ភាគច្រើន​ជា​វិនិយោគិន​ជនជាតិ​ចិន ដូច​ជា​តាម​វិ​ថី​សំខាន់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​មើលឃើញ​ថា អគារ​ទាំងនោះ ជា​កម្មសិទ្ធិ​របស់​វិនិយោគិន​ចិន ដូច្នេះ​ហើយ​ធ្វើ​អោយ​ជនជាតិ​ចិន ក្លាយជា​វិនិយោគិន​ឈរ​លំដាប់​ទី​១​នៅ​កម្ពុជា ។

​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា ចេញផ្សាយ​ដោយ​ធនាគារ​នៃ​កម្ពុជា បាន​បង្ហាញ​ថា ចាប់តាំងពី​ឆ្នាំ ១៩៩៣ រហូត​ដល់​ដំណាច់ត្រីមាស​ទី​៣ នៃ​ឆ្នាំ ២០១៩​កន្លង​ទៅ​នេះ លំហូរ​វិនិយោគទុន​ផ្ទាល់​ពី​បរទេស ( FDI ) មាន​ទំហំ​ទឹកប្រាក់​ជាង​៣៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​ភាគច្រើន​មក​ពី​តមបន់​អាស៊ី​ខាងកើត​រួម​មាន ចិន កូរ៉េ​ខាងត្បូង ហុងកុង វៀតណាម សិង្ហ​បុរី ជប៉ុន តៃវ៉ាន់ ម៉ា​ឡេ​ស៊ី ថៃ ជាដើម ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ