ប្រទេសលីប៊ី ៖ យោងតាមរ៉យទ័រថា ការបាញ់តតាំងគ្នាដោយកាំភ្លើងធំចេញពីខ្សែបន្ទាត់រណសិរ្សមួយចំនួន ស្ថិតនៅភាគខាងត្បូងក្រុងទ្រីប៉ូលី អាចស្ដាប់ឮនាយប់ថ្ងៃទី១៩មករា ខណៈនៅក្រុងប៊ែរឡាំងនាថ្ងៃនោះមានកិច្ចប្រជុំកំពូលមួយ សំដៅស្វែងរកច្រកចេញនៃជម្លោះនៅលីប៊ី។
មេដឹកនាំនៃបណ្ដាមហាអំណាចដែលជួបជុំគ្នានៅក្រុងប៊ែរឡាំងរដ្ឋធានីអាល្លឺម៉ង់ នាថ្ងៃទី១៩ មករា បានប្រកាសពីការពង្រឹងការហ៊ុមព័ទ្ធអាវុធប្រឆាំងលីប៊ី ក្នុងក្ដីសង្ឃឹមថា អាចសម្រេចបានបទឈប់បាញ់គ្នាដ៏ស្ថិតស្ថេរមួយ។
សេនាប្រមុខខាលីហ្វាហាហ្វតាបុរសខ្លាំងភាគខាងកើតលីប៊ី ដែលកងទ័ពរបស់លោកបានបើកធ្វើចាប់ពីខែមេសាមក ការវាយលុកមួយលើក្រុងទ្រីប៉ូលី បានចូលរួមក្នុងសន្និសីទនោះតែមិនជួបជាមួយប្រមុខរដ្ឋាភិបាលរួបរួមជាតិទទួលស្គាល់ដោយសហគមន៍អន្តរជាតិ លោកហ្វាយ៉េសអាល់សារ៉ាឡើយ។
ក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយមួយ បណ្ដាមេដឹកនាំនៃប្រទេស ដែលចូលរួមក្នុងកិច្ចប្រជុំបានអំពាវនាវឲ្យមានបទឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយ ហើយអ្នកចូលរួមទាំងអស់សន្យាបោះបង់ចោលការលូកដៃចូលប្រទេសនេះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ