អារម្មណ៍ប្រែប្រួលមិនល្អ ឬឆាប់ខឹងមែនទេ? វាអាចបណ្ដាលមកពីអាហារដែលអ្នកបានទទួលទាន! អាហារមួយចំនួនជះឥទ្ធិពលលើអារម្មណ៍គួរឱ្យកត់សម្គាល់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរចៀសវាងប្រសិនបើកំពុងជួបប្រទះបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ ៖
១. អាហារមានផ្ទុកជាតិកាហ្វេអ៊ីន ៖ ទោះបីជាកាហ្វេអ៊ីនជួយបង្កើនថាមពល ប៉ុន្តែការទទួលទានច្រើនពេកអាចជះឥទ្ធិពលមិនល្អចំពោះសុខភាពរាងកាយ រួមទាំងអារម្មណ៍ផងដែរ។ ការទទួលទានកាហ្វេអ៊ីនអាចបង្កើនហានិភ័យនៃបញ្ហាថប់បារម្ភគួរឱ្យបារម្ភ! កាហ្វេអ៊ីនជះឥទ្ធិពលលើសារធាតុគីមីក្នុងខួរក្បាលដែលធ្វើឱ្យអារម្មណ៍ប្រែប្រួលយ៉ាងឆាប់រហ័ស។
២. អាហារមានផ្ទុកសារធាតុនីត្រាត ៖ ពិសេស គឺសាច់កែច្នៃ! ការទទួលទានសាច់កែច្នៃអាចបណ្ដាលឱ្យអារម្មណ៍មិនល្អ ឈឺក្បាល ហើមពោះ និងឈឺចាប់សន្លាក់ថែមទៀតផង។ ក្រៅពីសារធាតុនីត្រាតហើយនោះសាច់កែច្នៃក៏មានផ្ទុកសម្បូរទៅជាតិសូដ្យូមដែលអាចបង្កបញ្ហាឈឺរមួលក្នុងពោះ។ អាហារកញ្ចប់មួយចំនួនក៏មានផ្ទុកសារធាតុនីត្រាតផងដែរ។ ដូច្នេះដើម្បីជាការប្រសើរកុំទទួលទានច្រើនពេក។ បើអាចចូរជ្រើសរើសសាច់ស្រស់ៗមកចម្អិនទទួលទានល្អជាង។
៣. អាហារនិងភេសជ្ជៈផ្អែម ៖ ពិតណាស់អាហារផ្អែមៗដូចជានំគុកឃី នំខេក និងស្ករគ្រាប់ជាដើម គឺមានរសជាតិឆ្ងាញ់និងអាចជួយបង្កើនថាមពល ប៉ុន្តែការទទួលទានច្រើនពេក គឺមិនល្អសោះឡើយចំពោះសុខភាព រួមទាំងអារម្មណ៍។ អាហារផ្អែមៗអាចផ្ដល់ថាមពលឆាប់រហ័ស ប៉ុន្តែមិនបានយូរដូចអាហារមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនឡើយ។
អាហារផ្អែមៗអាចបណ្ដាលឱ្យអារម្មណ៍មិនល្អនិងឃ្លានផ្អែមខ្លាំង។ អាហារផ្អែមអាចបញ្ចេញអ័រម៉ូនសេរ៉ូតូនីនក្នុងខួរក្បាលជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ ប៉ុន្តែបានត្រឹមរយៈពេលខ្លីប៉ុណ្ណោះ! ប្រសិនបើអ្នកឃ្លានផ្អែមជម្រើសដ៏ប្រសើរ ហើយអាចរក្សាអារម្មណ៍ល្អប្រសើរបានយូរនោះ គឺការទទួលទានផ្លែឈើស្រស់ៗ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ