រាជធានីភ្នំពេញ ៖ ប្រអប់ឌីសង់ទ័រនៅជាប់មុខផ្ទះមួយល្វែងទល់មុខផ្សារឃ្លាំងរំសេវ ស្រាប់តែឆ្លងចរន្តអគ្គិសនីទុស្សេបែកផ្កាភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះនិងប្រជាពលរដ្ឋរស់នៅក្បែរខាងនាំគ្នាទាញយកបំពង់ពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទប់ស្កាត់ភ្លាមៗកាលពីវេលាម៉ោង១១និង១៥នាទីយប់ថ្ងៃទី១៩ ខែមករា នៅចំណុចផ្ទះលេខ២៤៥ ទល់មុខផ្សារឃ្លាំងរំសេវ តាមបណ្តោយផ្លូវ៤២៨ (មហាវិថីម៉ៅសេទុង) ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីតាំងកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានការឆ្លងចរន្តអគ្គីសនីទុស្សេបែកផ្កាភ្លើងបង្កជាអណ្ដាតភ្លើងឆាបឆេះនៅទីតាំងផ្ទះកើតហេតុខាងលើនោះ ហើយពួកគាត់ក៏ស្រែកឆោឡោផ្អើលដល់ម្ចាស់ផ្ទះដឹង ក៏បើកទ្វារទាំងភ័យស្លន់ស្លោចេញមក និងផ្អើលទាំងអ្នករស់នៅជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទប់ស្កាត់ភ្លាមៗ មិនអោយឆ្លងរាលដាល រួចក៏បានទាក់ទងទៅខាងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តពន្លត់អគ្គីភ័យនៃអធិការរដ្ឋានមកជួយអន្តរាគមន៍ភ្លាមៗផងដែរ តែមិនបានបាញ់ទឹកពន្លត់ទេ ព្រោះនៅទីតាំងកើតហេតុត្រូវបានប្រជាពលរដ្ឋពន្លត់ជិតរលត់អស់ទៅហើយ ។
តាមប្រភពដដែលបានបន្តថា បន្ទាប់មកគេឃើញមានវត្តមានក្រុមការងារអគ្គិសនីចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗផងដែរ ព្រមទាំងបានធ្វើការកាត់ផ្តាច់ចរន្តអគ្គិសនីភ្លាមៗ រួចយកបំពង់ពន្លត់អគ្គិភ័យបាញ់បន្ថែម ហើយភ្លើងក៏រលត់ទៅវិញ ដោយមិនបានឆ្លងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ ហើយក៏មិនមានរងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។
តាមសម្តីម្ចាស់ផ្ទះកើតហេតុបានប្រាប់ឲ្យដឹងថា ប្រអប់ឌីសង់ទ័រដែលឆ្លងចរន្តអគ្គិសនីទុស្សេឆាបឆេះខាងលើនេះ គឺមិនមានឌីសង់ទ័ររបស់ផ្ទះគាត់នៅក្នុងប្រអប់ឌីសង់ទ័រនោះទេ ។ ម្ចាស់ផ្ទះដដែលបានប្រាប់ទៀតថា តាំងពីគាត់ចូលមករស់នៅផ្ទះខាងលើ គឺឌីសង់ទ័ររបស់ផ្ទះគាត់នៅប្រអប់ឌីសង់ទ័រផ្ទះគេផ្សេងទៅវិញ គឺរំលងពីរបីផ្ទះ។
តាមប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ គឺប្រអប់ឌីសង់ទ័រនៅមុខផ្ទះគាត់មានការឆ្លងចរន្តអគ្គិសនីទុស្សេបែកផ្កាភ្លើងពេញមុខផ្ទះរបស់គាត់ ពេលនោះក៏មានអ្នកឃើញហេតុការណ៍បានស្រែកផ្អើលឆោឡោ និងគោះទ្វារហៅពួកគាត់ចេញមកមើលឃើញប្រអប់ឌីសង់ទ័រនោះត្រូវភ្លើងឆេះបាត់ទៅហើយ ។ ភ្លាមៗនោះពួកគាត់ក៏បានយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ជាច្រើនគ្រឿង ទើបភ្លើងរលត់ទៅវិញ ដោយមិនបានឆេះរាលដាលចូលផ្ទះគាត់ ឬខូចខាតទ្រព្យសម្បត្តិមានតម្លៃអ្វីនោះទេ គឺគ្រាន់តែមានផ្សែងហុយខ្មៅរោលប្រឡាក់ពេញពិតាននៅមុខផ្ទះគាត់តែប៉ុណ្ណោះ។ ភ្លាមៗពេលកើតហេតុ ពួកគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យឱ្យចុះមកជួយអន្តរាគមន៍ដែរ តែមិនបានបាញ់ទឹកទេ។
ក្រោយកើតហេតុ ដើម្បីធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្រុមការងារអគ្គីសនីបានកាត់ផ្ដាច់ប្រព័ន្ធភ្លើងនៅម្តុំជួរផ្ទះកើតហេតុខាងលើមួយយប់សិន រង់ចាំព្រឹកទើបរៀបចំប្រអប់ឌីសង់ទ័រថ្មី និងតប្រព័ន្ធភ្លើងថ្មី ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ជាធម្មតាឡើងវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ