រាជធានីភ្នំពេញ ៖ គិតរហូតមកដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ មានរយៈពេល៣ថ្ងៃហើយ ដែលជាដៃដល់ជាមន្ត្រីយោធាបាញ់សម្លាប់ស្ត្រីទើបបញ្ចប់ការសិក្សានិស្សិតពេទ្យដែលជាគូដណ្ដឹងជិតរៀបការរបស់ខ្លួនបណ្ដាលឲ្យបាត់បង់ជីវិត ។
ការបាញ់សម្លាប់នោះត្រូវបានសង្ស័យថា ផ្ដើមចេញពីការប្រច័ណ្ឌ ហើយជនដៃដល់រូបនោះ កំពុងតែបន្តរត់គេចខ្លួនមិនទាន់បានសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយ ហើយក៏ពុំទាន់មានតម្រុយណាមួយបញ្ជាក់ថា ជននេះកំពុងតែរត់គេចទៅលាក់ខ្លួននៅទីណានៅឡើយដែរ ។ ប៉ុន្តែខណៈដែលព្រះអគ្គីកំពុងតែលេបត្របាក់រូបកាយនាងជាគូដណ្ដឹង ក្រោមការទួញសោក និងអាឡោះអាល័យពន់ពេករកអ្វីប្រៀបផ្ទឹមពុំបានពីក្រុមគ្រួសារសាច់ញាតិនាង ។ ស្រាប់តែនៅក្នុងគណនីហ្វេសប៊ុករបស់ខ្មាន់កាំភ្លើងរូបនោះបានបង្ហោះសារមួយបង្ហាញពីការសោកស្ដាយនូវកំហុសរបស់ខ្លួនគ្រប់យ៉ាងដែលបានប្រព្រឹត្តទៅលើនាងរហូតដល់បាត់បង់ជីវិត ។ មិនតែប៉ុណ្ណោះមុនពេលបាញ់ប្រហារសម្លាប់គូដណ្ដឹងជាង១ម៉ោងជននេះក៏បានបង្ហោះមួយផងដែរដោយបានរៀបរាប់ពីការខិតខំធ្វើការងាររកស៊ីត្រុកៗ ប៉ុន្តែគ្មានអ្នកឲ្យតម្លៃមានតែអ្នកជាន់ពន្លិច ដែលពុំដឹងថា ជននេះចង់និយាយសំដៅទៅលើបុគ្គលណាមួយនោះឡើយ ។
ជនដៃឆៅខាងលើនេះឈ្មោះ យឺន វ៉ាន់ដេត អាយុ២៤ឆ្នាំ មុខរបរជាមន្ត្រីយោធាអង្គភាពកងពលតូចលេខ៧០ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក និងមានមុខរបរក្រៅ២ទៀត គឺជាអ្នកលេងភ្លេង និងជាថៅកែវង់ភ្លេងតន្ត្រីសម័យឈ្មោះ «តន្ត្រីហង្សនាគ »ព្រមទាំងលក់ថ្នាំពេទ្យផងដែរ ។ ជននេះមានទីលំនៅក្នុងភូមិនៅព្រះម្លប់ ឃុំគីរីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ប្រើប្រាស់កាំភ្លើងខ្លីម៉ាក NP42 បាញ់គូដណ្ដឹង១គ្រាប់ត្រូវចំកញ្ចឹង.កធ្លាយទៅថ្ពាល់ខាងឆ្វេង ហើយកាំភ្លើងនេះត្រូវបានរកឃើញនៅកន្លែងកើតហេតុ ។
រីឯឈ្មោះជន ឌីណា អាយុ២៥ឆ្នាំ រៀនចប់និស្សិតពេទ្យ ហើយនាងត្រៀមប្រឡងចូលក្របខណ្ឌ មិនតែប៉ុណ្ណោះនាងមានមុខរបរមួយទៀត គឺជាអ្នកលក់ផលិតផលតាមអនឡាញ ជានេះមុខរបរមួយនេះបានធ្វើឲ្យជនដៃដល់មិនសូវពេញចិត្ត និងតែងតែប្រច័ណ្ឌនាង ហើយបានឈ្លោះប្រកែកគ្នាជារឿយៗផងដែរ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះត្រូវបានក្រុមគ្រសារសាច់ញាតិធ្វើបុណ្យបូជាកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នៅឯស្រុកកំណើតស្ថិតនៅក្នុងភូមិព្រៃរំដួល ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ក្រោមសម្រែកទ្រហោយំទួញសោកស្ដាយស្រណោះអាឡោះអាល័យពន់ពេក ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅវេលាយប់ថ្ងៃបូជាសពនាង នោះជនដៃដល់ដែលកំពុងរត់គេចខ្លួនដែលពុំដឹងថា ដល់ទីណានោះក៏បានបង្ហោះសារមួយតាមគណនីហ្វេសប៊ុកខ្លួនដែលមានខ្លឹមសារថា «មួយជាតិនេះបងខុសធ្ងន់ណាស់ សូម្បីតែមនុស្សខ្ញុំស្រលាញ់ក៏ថែរក្សាមិនបាន បើបងនៅមានជីវិត បងនឹងខំធ្វើបុណ្យឧទ្ទិសកុសលជូនអូន បើមានជាតិក្រោយពិតបងព្រមតាមអូនគ្រប់យ៉ាង ។ សន្យាឈប់រករឿងច្រើន ឈប់ងក់ងរ តាមអូនគ្រប់យ៉ាងកំហុសបងធ្ងន់ណាស់ដោយអត់ឱនមិនបាន » ។
សូមរម្លឹកថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងវេលា៨និង២០នាទីយប់ ថ្ងៃទី១៦ ខែមករា ស្ថិតនៅក្នុងបុរីរំចេកអូឌឹម ភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ