ក្រសួងកសិកម្ម​ដាក់​វិធានការ​ការពារ និង​អំពាវនាវ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​ប្រាំង


រាជធានី​ភ្នំពេញ ៖ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចេញ​សេចក្តី​អំពាវនាវ និង​វិធានការ​ទប់ស្កាត់​ឆ្លើ​ង​ឆេះ​ព្រៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ។

ក្រសួងកសិកម្ម​បាន​ឲ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ​ធាតុអាកាស​ទូទៅ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ពី​រដូវវស្សា​ចូល​ដល់​រដូវ​លំហើយ ហើយ​បន្ត​ចូល​រដូវប្រាំង​ដែល​ធាតុអាកាស​មាន​សភាព​ក្តៅហែង​ស្ងួត​ខ្លាំង​ជា​កត្តា​ងាយ​បង្ក​នូវ​ភ្លើង​ឆេះ​ព្រៃ ។ ក្រសួង​បន្ត​ថា ក្រៅពី​បាតុភូត​ធម្មជាតិ​ដែល​អាច​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ប្រការ​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​នោះ គឺ​ភ្លើង​ឆេះ​ព្រៃ​ដែល​បង្ក​ឡើង​ដោយសារ​សកម្មភាព​របស់​មនុស្ស​ផ្ទាល់ ។ កត្តា​ចម្បង​ដែល​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​ញឹកញាប់​បំផុត​នា​រដូវប្រាំង តាម​រយៈ​សកម្មភាព​មាន​ជា​អាទិ៍​ការ​កាប់​ឆ្ការ​ដុត​រាន​ព្រៃ ដើម្បី​ដាំ​ដំណាំ​កសិកម្ម​ផ្សេង​ៗ ការ​ធ្វើ​កសិកម្ម​ពនេចរ ការ​តាំងទី​លំនៅ​ដ្ឋា​ន​ថ្មី ការ​ដុត​ព្រៃ ដើម្បី​ចាប់​សត្វ​ការ​បន្សល់​ដើម​ភ្លើង​នៅ​ក្នុង​ព្រៃ​តាម​រយៈ​ការ​ធ្វេសប្រហែស​របស់​មនុស្ស​។​ល ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​កត់សម្គាល់​ឃើញ​ថា ភ្លើង​ឆេះ​ព្រៃ​ជា​រៀង​រាល់​ឆ្នាំ​បាន​បង្ក​ឱ្យ​មាន​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដល់​ការ​បាត់បង់​ធនធាន​ព្រៃឈើ ព្រៃ​លិច​ទឹក និង​វាល​ដាល​រហូត​ដល់​ឆេះ​ស្រូវ និង​ភូមិករ​របស់​ប្រជាពលរដ្ឋ ហើយ​បាន​បង្ក​វិនាសកម្ម និង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​សង្គម​សេដ្ឋកិច្ច​ជនបទ សេដ្ឋកិច្ចជាតិ ធនធានធម្មជាតិ និង​បរិស្ថាន ។ ដោយ​សង្កេត​ឃើញ​បញ្ហា​ប្រឈម​ទាំងនេះ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សូម​ធ្វើការ​ណែនាំ​ដល់​អង្គភាព​ជំនាញ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រដ្ឋបាល​មូលដ្ឋាន រួម​ទាំង​សហគមន៍​ព្រៃឈើ សហគមន៍​នេសាទ និង​សហគមន៍​កសិកម្ម​ផង​ដែរ ដើម្បី​អនុវត្ត​វិធានការ​ដូច​ខាងក្រោម ៖ ១-​ទប់ស្កាត់​ការ​ប្រើប្រាស់​ភ្លើង​ជា​មធ្យោបាយ​ដើម្បី​យក​ឃ្មុំ ការ​ដុត​ស្ទាក់​ចាប់​សត្វ និង​ការ​ដុត​វាលស្មៅ ដើម្បី​យក​ល្បាស់​ធ្វើ​ចំណី​សត្វពាហនៈ ។

២-​ទប់ស្កាត់​ការ​កាប់​ឆ្ការ គាស់​រាន ឈូស​ឆាយ ដុត​ព្រៃឈើ និង​ព្រៃ​លិច​ទឹក ដើម្បី​ពង្រីក​ផ្ទៃដី​ដំណាំ​កសិកម្ម ឬ​ក្នុង​គោលបំណង​ផ្សេង​ៗ​ទៀត​ដែល​ជា​សកម្មភាព​ល្មើសច្បាប់ និង​នាំ​មក​នូវ​ភ្លើង​ឆេះ​ព្រៃឈើ ព្រៃ​លិច​ទឹក និង​រាលដាល​រហូត​ដល់​ឆេះ​ស្រូវ និង​ភូមិ​របស់​ប្រជាពលរដ្ឋ ។ ៣-​ក្នុង​កា​ចាំបាច់​ដែល​ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ​ក្នុង​ការ​ដុត​កាក​សំណល់​ឈើ​ព្រៃ ក្រោម​គោលបំណង ដាំ​ដំណាំ​កសិកម្ម និង​សកម្មភាព​ស្របច្បាប់​ផ្សេង​ទៀត ត្រូវ​ជូនដំណឹង​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រាជធានី​-​ខេត្ត​សាមី ដើម្បី​ណែនាំ​អនុវត្ត​វិធានការ​បច្ចេកទេស​សម​ស្រប​ដែល​អាច​ធានា​សុវត្ថិភាព​ចំពោះ​ភ្លើងព្រៃ ។

៤-​ការ​រុករក​ផល អនុ​ផល​ព្រៃឈើ​ជា​ប្រពៃណី និង​សកម្មភាព​ផ្សេង​ទៀត​ដែល​ចាំបាច់ ត្រូវ​ប្រើ​ភ្លើង​ជា​មធ្យោបាយ (​ដុត​រណ្ដៅ​ជីរ​) ត្រូវ​ណែនាំ​ពន្លត់ភ្លើង​ឱ្យ​អស់​ជា​ចាំបាច់ មុន​ពេល​ចាក​ចេញពី​ដើមឈើ​ច្នោះ​ជ័រ ឬ​ទីតាំង​ដែល​ប្រើ​ភ្លើង​នោះ ។ ៥-​ក្នុង​ករណី​កើត​មាន​ភ្លើង​ឆេះ​ព្រៃ​ត្រូវ​ប្រញាប់​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់ តាម​រយៈ​ការ​ប្រកាស​អាសន្ន ហើយ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ត្រូវ​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ការ​ប្រើ​កម្លាំង​សរុប​រួម​មាន ប្រជាពលរដ្ឋ សហគមន៍ សិស្សានុសិស្ស ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​។​ល ។ ដែល​ឈរជើង​នៅ​ក្នុង​មូលដ្ឋាន​នោះ ដើម្បី​រួម​គ្នា​ទប់ស្កាត់ និង​ពន្លត់​ភ្លើងព្រៃ​ឲ្យ​មាន​ប្រសិទ្ធភាព ។

៦-​ក្រោម​ការ​ការ​ដឹកនាំ​របស់​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​-​រាជធានី មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ចំពោះ​ជន​ណា​ដែល​បានកា​ប់រក​រាន​ដុត​ព្រៃ និង​កាន់កាប់​ដី​ព្រៃឈើ​ដែល​ឆេះ ហើយដោយ​អនាធិបតេយ្យ​ដែល​ផ្ទុយ​នឹង​ច្បាប់ និង​បទ​បញ្ហា​នានា​របស់​រាជរដ្ឋាភិបាល ។ ៧-​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ក្នុង​ការ​ហាមឃាត់​ចូល​ប្រើប្រាស់​ដី​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ដែល​ឆេះ​រួច ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រុក្ខជាតិ​ដុះ​ឡើង​វិញ​តាម​លក្ខណៈ​ធម្មជាតិ ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា អនុលោម​តាម​ច្បាប់​ស្តី​ពី​ព្រៃឈើ និង​ច្បាប់​ស្តី​ពី​ជលផល​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ត្រូវ​មាន​ករណី​យ កិច្ច​ទទួលខុសត្រូវ​ថែរក្សា​ការពារ​ព្រៃឈើ បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ចូលរួម​ថែរក្សា ជម្រក​មច្ឆជាតិ ការពារ​បង្ការ និង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ