មេ​កន្ទុយលេខ​កំពុងសំងំកើប​លុយ​ ​ពេល​សមត្ថកិច្ច​គ្មាន​សកម្មភាព


ខេត្តបាត់ដំបង​ ៖ គេ​កត់សម្គាល់​ឃើញ​ក្នុង​រយ​:​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ មេ​កន្ទុយលេខ​ទាំង​ធំ​ទាំង​តូច ទាំង​នៅ​តាម​បណ្ដា​ស្រុក​នានា និង​នៅ​ក្នុង​ក្រុង​បាត់ដំបង ហាក់​កំពុង​សំងំ​កើប​លុយ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ត្រជាក់​ល្ហឹម ស្រប​ពេល​ដែល​បទល្មើស​អំពើ​ចោរកម្ម គាស់​ទម្លុះទម្លាយ​លំនៅ​ឋាន​លួច​ទ្រព្យសម្បត្តិ និង​កាច់​សោរ​.​ក​លូច​យក​ម៉ូតូ​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ហើយ​ក៏​ស្រប​ពេល​ដែល​សមត្ថកិច្ច​ហាក់​កំពុង​សំងំ​ស្ងៀម​ភ្លេច​គិត​គូរ​​អំពី​ល្បែង​កន្ទុយលេខ​ព្រោងព្រាត​ទាំងនោះ​ដែរ ។

ទីតាំង​មេ​កន្ទុយលេខ​ធំ​ៗ​ ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន​សព្វ​ថ្ងៃនេះ ត្រូវ​គេ​មើលឃើញ​យ៉ាង​ក្រឡែត​ថា មួយ​ចំនួន​ជ្រក​ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ខ្មែរ និងមួយ​ចំនួន​ទៀត​ជ្រក​ក្រោម​ស្លាក​ទីតាំង​ដែល​មាន​ស្លាក​យីហោ​វេ​លុយ​។ ជា​ពិសេស​ ទីតាំង​បន្លំ​ភ្នែក​បែប​នេះ​ មាននៅ​ក្រុង​បាត់ដំបង​តែ​ម្ដង​។

ជាក់ស្ដែង​ ទីតាំង​មេ​កន្ទុយលេខ​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្បែរ​ភ្លើងស្ដុប​ផ្សា​រលើ ក្នុង​ក្រុង​បាត់ដំបង ដែល​ម្ចាស់​ទីតាំង​នេះ​ឈ្មោះ សៀ ហៅ គ្រូ​សៀ ដែល​កំពុង​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​ «​វេ​លុយ» តែ​នៅ​ខាងក្នុង​ទីតាំង លោកគ្រូ​សៀ មាន​អ្នក​ទ​ទូល​កត់​កន្ទុយលេខ​គ្រប់​ «​ក្រុមហ៊ុន​ឆ្នោត»​ទាំងអស់​។

លោកគ្រូ សៀ ធ្លាប់​បាន​ប្រាប់​កោះសន្តិភាព កាលពី​ពេល​ថ្មី​ៗ​នេះ​ថា «​កន្លែង​ខ្ញុំ​លក់​កន្ទុយលេខ​មិនធំ​ដុំ​ដូច​កាល​មុន​ទេ​»។ សូម​បញ្ជាក់​ថា លោក​គ្រួ​សៀ មេ​កន្ទុយលេខ​ដ៏ធំ​នេះ ធ្លាប់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​២​លើក​ហើយ និង​បាន​បញ្ជូន​ទៅ​តុលាការ​ទៀត​ផង តែ​គ្រូបង្រៀន​រូប​នេះ​មិន​រាងចាល​ទេ ក្រោយ​ពី​ផ្អាក​មួយ​រយៈក៏​បើក​ដំណើ​ការ​វិញ​ដដែល​។

លោកគ្រូ​សៀ បាន​និយាយ​ថា កន្លង​ទៅ​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​ប៉ុន្មាន​ដង​ដែរ តែ​ដោយសារ​គ្មាន​មុខ
របរ ទើប​ខ្ញុំ​ចេះ​តែ​បើក​លួចលាក់​តិច​ៗ​ទៅ​»​។ លោកគ្រូ សៀ បាន​បង្ហើប​ឱ្យ​ដឹង​ដូច្នេះ​ថា «​សព្វថ្ងៃ​ខ្ញុំ​ក៏​មិន​ចំណេញ​អី​ដែរ ព្រោះ​ត្រូវ​បង់លុយ​ច្រើន​ស្ថាប័ន​ពេក​.. ឥឡូវ​សូ​ម្បី​សន្តិ​សុខភូមិ​ក៏​ទៅ​សុំ​លុយ​ប្រចាំខែ​ពី​ខ្ញុំ​
ដែរ​»​។

មិនមែន​មាន​តែ​ទីតាំង​លក់​កន្ទុយលេខ​របស់​លោកគ្រូ សៀ មួយ​ទេ​ដែល​កំពុង​កើប​លុយ​យ៉ាង​ត្រជាក់​ល្ហឹម​ពី​ប្រជាពលរដ្ឋ ដែល​ជ្រក​ក្រោម​ស្លាក​ក្រុមហ៊ុន​វេ​លុយ ឬ ក្រោម​ស្លាក​អាជ្ញាប័ណ្ណ​ឆ្នោត​ខ្មែរ គឺ នៅ​មាន​ច្រើន​ទីតាំង​ទៀត​។ ដូច​ជា​នៅ​ម្ដុំ​ភ្លើងស្ដុប​រំចេក (​ផ្លូវ​ច្រមុះជ្រូក​) នី​ង​នៅ​ម្ដុំ​ខាងត្បូង​ផ្សា​របឹង​ឈូក​។​ល​។ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ទីតាំង​ទាំងនេះ និង​ទីតាំង​ដទៃ​ទៀត​កំពុង​បង្កើន​សកម្មភាព​យ៉ាង​ខ្លាំង​ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ឡើយ បែប​ទំនង​ស្មានថា សមត្ថកិច្ច​ភ្លេច​.. ព្រោះ​ឃើញ​សមត្ថកិច្ច​កំពុង​នៅ​ស្ងាត់ស្ងៀម​។

ជាមួយនឹង​ភាព​ស្ងៀមស្ងាត់​របស់​សមត្ថកិច្ច​នេះ បាន​និង​កំពុង​ធ្វើ​ឱ្យ​មេ​កន្ទុយលេខ​ឡើងដៃ​យ៉ាង​ខ្លាំង​ ។ ជា​សេស​នៅ​ថ្ងៃ​ចេញ​ឆ្នោត​សៀមម្ដង​ៗ គេ​តែង​ឃើញ​សកម្មភាព​អ្នក​ចាក់​ឆ្នោត​នេះ ហាក់​មមារញឹក​ខ្លាំង​ណាស់​នៅ​តាម​កន្លែង​ចាក់​ឆ្នោត​នានា ទាំង​នៅ​ក្នុង​ក្រុង​បាត់ដំបង ទាំង​នៅ​តាម​បណ្ដា​ស្រុក​នានា​។ ប៉ុន្តែ​គេ​នៅ​រង​់​ចាំ​មើល​៍ថា តើ​សមត្ថកិច្ច​នឹង​មាន​វិធានការបែប​ណា​ចំពោះ​ល្បែង​កន្ទុយលេខ​ដែល​កំពុង​កើប​លុយ​ពី​ប្រជា​ពលរដ្ឋ​យ៉ាង​ចំហរ និង យ៉ាង​ត្រជាក់​មេជើង​នេះ​.​?

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៣:២៤ | ក្នុងស្រុក

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង អ៊ូ​រី ហ្វា​យ​នែ​ន បាន​គួប​បញ្ចូល​គ្នា​ដោយ​ជោគ​ជ័យ​ទៅ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​​ប្រាក់​បញ្ញើ​មួយ​កាន់តែ​ធំ និង​រឹង​មាំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ