រាជធានីភ្នំពេញ៖ ស្របពេលកំណើនប្រជាជនមានការកើនឡើង ហើយការប្រើប្រាស់បច្ចេកវិទ្យាកាន់តែសំបូរបែបជំរុញឱ្យប្រជាពលរដ្ឋក្នុងស្រុកប្រើប្រាស់ស៊ីមកាតទូរស័ព្ទនិងចំនួនអ៊ីនធឺណែតចល័តមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ តួយ៉ាងគិតត្រឹមចុងឆ្នាំ២០១៩អ្នកប្រើទូរស័ព្ទកើនរហូតដល់ជាង២២លានស៊ីមកាតកើនឡើងប្រមាណជាង១៣%បើប្រៀបធៀបនឹងឆ្នាំ២០១៨។ នេះបើតាមការឲ្យដឹងរបស់លោក អ៊ឹម វុត្ថា អ្នកនាំពាក្យនៃនិយ័តករទូរគមនាគមន៍កម្ពុជា ។
លោកបានមានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី១៣ ខែមករាម្សិលមិញថា លទ្ធផលនៃការអភិវឌ្ឍ និងការធ្វើអាជីវកម្មសេវាទូរគមនាគមន៍ នៅកម្ពុជា គិតត្រឹមចុងខែតុលា ឆ្នាំ២០១៩ រួមមាន៖ ១-) ចំនួនអ្នកជួលជាវ និងប្រើប្រាស់ទូរស័ព្ទ មានចំនួនសរុប ២២,០៧ លានស៊ីមកាត ត្រូវនឹង ១៣៥,៥០% នៃចំនួនប្រជាជនកម្ពុជាសរុប កើនឡើង ១៣,៧៥% បើធៀបនឹងតួលេខចុងឆ្នាំ ២០១៨។ ២-) ចំនួនអ្នកជួលជាវ និងប្រើប្រាស់ទូរស័ព្ទអចល័ត មានចំនួនសរុប ៥៩.៤១៥ ខ្សែ ត្រូវនឹង ០,៣៦% នៃចំនួនប្រជាជនកម្ពុជាសរុប ថយចុះ ៣៣,៤៥% បើធៀបនឹងតួលេខចុងឆ្នាំ២០១៨។ ៣-) ចំនួនអ្នកជួលជាវ និងតភ្ជាប់បណ្តាញអ៊ីនធឺណែតចល័ត មានចំនួនសរុប ១៦,៧៥ លានស៊ីមកាត ក្នុងចំណោមស៊ីមកាតទូរស័ព្ទចល័ត ចំនួន ២២,០៧ លានខាងលើ ត្រូវនឹង ១០២,៨៨% នៃចំនួនប្រជាជនកម្ពុជាសរុប កើនឡើង ២៤,១៤% បើធៀបនឹងតួលេខចុងឆ្នាំ២០១៨។
ប្រភពដដែលបានបន្តថាក្នុងនោះផងដែរចំណុចបន្ទាប់ គឺ ទី ៤-) ចំនួនអ្នកជួលជាវ និងតភ្ជាប់បណ្តាញអ៊ីនធឺណែតអចល័ត មានសរុបចំនួន ២១៥.១៦៥ ខ្សែប៉ុណ្ណោះ ត្រូវនឹង ១,៣២% នៃប្រជាជនកម្ពុជាសរុប កើនឡើង ៣៨,១៨% បើធៀបនឹងតួលេខចុងឆ្នាំ២០១៨។ ៥-) ការស្ថាបនាបណ្តាញខ្សែកាប្លិ៍អុបទិកនៅទូទាំងប្រទេស បានប្រវែងសរុបប្រមាណជា ៤២.៦៩៣ គីឡូម៉ែត្រ ដែលនៅចុងឆ្នាំ២០១៨ មានត្រឹមតែប្រមាណជា ៣ម៉ឺនគីឡូម៉ែត្រជាងប៉ុណ្ពោះ។ ៦-) តភ្ជាប់បណ្តាញកាប្លិ៍អុបទិកក្រោមបាតសមុទ្រដោយផ្ទាល់ជាមួយសហគមកាប្លិ៍ក្រោមបាទសមុទ្រអន្តរជាតិ ចំនួន ២ គឺ AAE-1 (Asia Africa and Europe-1) & MCT (Malaysia -Cambodia- Thailand) ។ ៥) ប្រជាជនកម្ពុជាបានបើក និងប្រើប្រាស់គណនីបណ្តាញសង្គមហ្វេសបុក មានចំនួនសរុបប្រមាណ ៨,៨ លានគណនី (តួលេខត្រឹមចុងឆមាសទី១ ឆ្នាំ២០១៩ ដែលតួលេខក្នុងខែកុម្ភៈ ឆ្នាំ២០១៨ មានត្រឹមតែ ៦,៨ លានគណនីប៉ុណ្ណោះ ។
លោកអ៊ឹម វុត្ថា បានគូសបញ្ជា់ថា «មូលហេតុនៃការកើនឡើងក្នុងការប្រើប្រាស់ទូរស័ព្ទ និងអ៊ីនធឺណែតចល័ត ដោយសារ៖ ១-) ប្រជាជនកម្ពុជាចូលចិត្តភាពជាឯកជន និងចល័ត។ ២-) បច្ចេកវិទ្យាចល័តនិង ឧបករណ៍ស្មាតហ្វូនផ្តល់លទ្ធភាពប្រើប្រាស់កម្មវិធីអនឡាញជាច្រើននិងសម្បូរបែប។ ៣-) តម្លៃឧបករណ៍ស្មាតហ្វូន និងការប្រើប្រាស់បណ្តាញអ៊ីនធឺណិតចល័ត មានតម្លៃសមរម្យ ហើយថោកជាងគេនៅក្នុងតំបន់និង ៤-) មានការប្រើប្រាស់កម្មវិធីប្រើប្រាស់សេវាអនឡាញមួយចំនួន ដូចជា Transport Apps, Mobile Tranfer Money Apps, Online Apps និងកម្មវិធី Apps ដទៃទៀត ព្រមទាំង សេវា OTT និងបណ្តាញសង្គមដទៃទៀត»។
លោកបានបន្តថា ការកើនឡើងនៅចំនួនអ្នកប្រើប្រាស់ទូរសព្ទ័និងអ៊ីធឺណែតចល័តខាងលើនេះ វាបានឆ្លើយតបទៅនឹងគោលនយោបាយដែលថ្នាក់ដឹកនាំដាក់ចេញ ហើយលោកសង្ឃឹមថានៅឆ្នាំ២០២០នេះចំនួននេះនឹងបន្តកើនឡើងបន្ថែមទៀត៕
ចែករំលែកព័តមាននេះ