ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​សាងសង់​ស្ពានថ្ម​ថ្មី​ឆ្លងស្ទឹង​សង្កែ​ហើយ ដោយ​​យក​លំនាំ​តាម​ស្ពាន​ចាស់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ រដ្ឋបាល​បាល​ខេត្តបាត់ដំបង បាន​រៀបចំ​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋមសិលា​សាងសង់​ស្ពាន​ថ្មី ឆ្លងស្ទឹង​សង្កែ ខេត្តបាត់ដំបង…

ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២០ រដ្ឋបាល​បាល​ខេត្តបាត់ដំបង បាន​រៀបចំ​ពិធី​ក្រុង​ពាលី និង​បញ្ចុះ​បឋមសិលា​សាងសង់​ស្ពាន​ថ្មី ឆ្លងស្ទឹង​សង្កែ ខេត្តបាត់ដំបង ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក ខាន់ ម៉ា​ណេ​រ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន, លោក អ៊ុយ រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ងួ​ន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​លោក លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អស់លោក លោកស្រី ជា​សប្បុរសជន ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​បាន​មក​ចូលរួម​ ។

លោក​ខាន់ ម៉ា​ណេ​រ បាន​បញ្ជាក់​ថា ស្ពានថ្ម​ថ្មី​ដែល​បាន​ធ្វើ​ពិធី​ក្រុង​ពាលី​នា​ឱកាស​នេះ​មាន​ប្រវែង​បណ្តោយ​១០០​ម៉ែត្រ និង​ទទឹង​៨​ម៉ែត្រ ជា​ប្រភេទ​បេតុង ដែល​យក​លំនាំ​ដើម​តាម​ស្ពានថ្ម​ចាស់ និង​សាងសង់​នៅ​ប៉ែក​ខាងត្បូង​(​ប៉ែក​ខាងលើ​) ឃ្លាត​ពី​ស្ពានថ្ម​ចាស់​៦​ម៉ែត្រ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង និង​ខេត្តបាត់ដំបង​។

លោក ងួ​ន រត​នៈ អភិបាលខេត្ត​បាន​ថ្លែង​ថា ដោយ​ពិនិត្យ​ឃើញ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​កកស្ទះ​ច​រា​ណ៍ ជា​ពិសេស​នៅ​ពេល​មាន​ពិធីបុណ្យ​ផ្សេង​ៗ​នៅ​ក្នុង​ក្រុង​បាត់ដំបង ទើប​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តបាត់ដំបង បាន​កៀងគរ​សប្បុរសជន ដើម្បី​ចូលរួម​សាងសង់​ស្ពានបេតុង​ថ្មី​ឆ្លងកាត់​ស្ទឹង​សង្កែ​នៅ​ក្បែរ​ស្ពានថ្ម​ចាស់​នេះ ដែល​ការ​សាងសង់​នេះ​គឺ​ចំណាយ​ថវិកា​ពី​ការ​ចូលរួម​របស់​សប្បុរសជន ។

លោក​អភិបាលខេត្ត​បាន​បន្ត​ថា កន្លង​មក​អាជ្ញាធរ​ខេត្ត​ក៏​មាន​ជំហរ​ក្នុង​ការ​អភិរក្ស​ស្ពានថ្ម​ចាស់​ដែល​ជា​ស្ពាន​បុរាណ​មួយ​នេះ​ឱ្យ​នៅ​គង់វង្ស និង​មានការ​សំណូម​ពី​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ខេត្តបាត់ដំបង នៅ​តាម​បណ្តាញ​សង្គម​ឱ្យ​មានការ​ជួសជុល និង​អភិរក្ស​ស្ពានថ្ម​ចាស់​ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ​នោះ និង​ឲ្យ​មានការ​សាងសង់​ស្ពានថ្ម​ថ្មី​នៅ​ក្បែរ​នោះ ព្រមទាំង​យក​លំនាំ​ដើម​តាម​ស្ពានថ្ម​ចាស់ ។

តាម​អ្នកបច្ចេកទេស បានឱ្យ​ដឹង​ថា ការ​សាងសង់​ស្ពានថ្ម​ថ្មី​នៅ​ប៉ែក​ខាងត្បូង​(​ប៉ែក​ខាងលើ​) ក្បែរ​ស្ពានថ្ម​ចាស់ គឺ​អាច​ជួយ​ពាំង​កម្លាំង​ទឹក ឬ​សំរាម​ផ្សេង​ៗ​ក្នុង​ពេល​មាន​ជំនន់​ស្ទឹង​សង្កែ​ហក់​ឡើង​ខ្លាំង ដោយសារ​តែ​ស្ពានថ្ម​ចាស់​ពិតជា​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ម្យ៉ាងវិញទៀត​ដើម្បី​ជួយ​បញ្ចៀ​សការ​កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​នៅ​ពេល​មាន​ពិធីបុណ្យ​ផ្សេង​ៗ​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ