ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញកំពុងយកចិត្តទុកដាក់រៀបចំប្រាសាទដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ គម្រោងនេះបង្ហាញក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបានលើកឡើងថា នៅខេត្តបន្ទាយមានជ័យតាមរបាយការណ៍មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មានប្រាសាទចំនួន៣៧ ទួលប្រាសាទ៤២៩ ទួលបុរាណចំនួន១៤៦ បារាយណ៍ចំនួន២០ ស្រះបុរាណចំនួន១០៣ ផ្លូវបុរាណចំនួន១១ និងស្ថានីយបុរាណចំនួន១០ ។ ចំពោះប្រាសាទបុរាណដែលមហាជនស្គាល់ គឺប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៩ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តខ្ទង់ម៉ឺននាក់។ ចំពោះប្រាសាទមេបុណ្យមានមហាជនក្នុង១ថ្ងៃរាប់ពាន់នាក់ទៅលេង បន្ទាប់ពីរៀបចំកែលំអដោយលោកជំទាវម៉ៅ ម៉ាល័យ ភរិយារបស់លោកកែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានកសាងស្ពានឈើប្រវែងជិត១.០០០ម៉ែត្រ តភ្ជាប់ពីទីទួលទៅប្រាសាទមេបុណ្យ ។
លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តថ្លែងថា ខេត្តបន្ទាយមានជ័យឆ្នាំ២០២០នេះ ដោយបានការយកចិត្តទុកដាក់ពីលោកជំទាវ ម៉ៅ ម៉ាល័យ បានរៀបចំរមណីយដ្ឋានមួយទៀត គឺអាងជើងក្រួស ដែលជារមណីយដ្ឋានធម្មជាតិ សម្រាប់អ្នកទេសចរទៅលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយខ្មែរខាងមុខនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ