លោក កឹម សុខា នឹងចូលរួមសវនាការតាមដីកាកោះតុលាការ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះបានអះអាងថា នឹងចូលរួមក្នុងសវនាការតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករាខាងមុខនេះ ។…
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះបានអះអាងថា នឹងចូលរួមក្នុងសវនាការតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករាខាងមុខនេះ ។…
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះបានអះអាងថា នឹងចូលរួមក្នុងសវនាការតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមករាខាងមុខនេះ ។ នេះបើតាមលោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា ។ លោក មុត ចន្ថា បានឲ្យដឹងក្រោយពីមានជំនួបរវាងលោក កឹម សុខា និងលោកស្រី Asa Eriksson សមាជិកាសភានៃគណបក្សសង្គមប្រជាធិបតេយ្យ ដែលជាគណបក្សកាន់អំណាចធំជាងគេនៅរាជាណាចក្រស៊ុយអែត កាលពីល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០២០ថា ៖ «លោក កឹម សុខា គឺជាអ្នកអនុវត្តច្បាប់ ដូចអ្វីដែលចៅក្រមស៊ើបអង្កេតបានទទួលស្គាល់ថា លោក កឹម សុខា គឺជាអ្នកអនុវត្តច្បាប់និងបទបញ្ជាយ៉ាងពេញលេញ ដូច្នេះលោក កឹម សុខា នឹងចួលរួមសវនាការ» ។
លោក មុត ចន្ថា បានឲ្យដឹងថា តំណាងស្ថានទូតស៊ុយអែតនៅកម្ពុជា នឹងចូលរួមតាមដានសវនាការរបស់លោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះដែរ ។ នៅក្នុងជំនួបនេះ លោក មុត ចន្ថា បានឲ្យដឹងថា លោកស្រី Asa Eriksson មានបំ ណងជួបសម្តែងការគួរសម សួរសុខទុក្ខ និងសំណេះសំណាល ខណៈដែលលោក កឹម សុខា ធ្លាប់ត្រូវបានរាជរដ្ឋាភិបាលស៊ុយអែដអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសស៊ុយអែដ នៅឆ្នាំ ១៩៩៤ ក្នុងនាមលោកជាសមាជិកសភា និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សរបស់រដ្ឋសភា ដើម្បីសិក្សាស្រាវជ្រាវអំពីការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។ លោក មុត ចន្ថា បានអះអាងថា ទង្វើរបស់លោក កឹម សុខា បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានា ដើម្បីបម្រើ ការពារ កសាងនូវអ្វីដែលជាផលប្រយោជន៍របស់ប្រទេសនិងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ។
សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកំណត់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ដើម្បីបើសវនាការល់សំណុំរឿង«សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា តាមមាត្រា៤៤៣នៃក្រមព្រហ្មទណ្ឌ ។ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែ
កញ្ញា ឆ្នាំ២០១៧ និងត្រូវបានឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩សាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យលោក កឹម សុខា នៅគេហដ្ឋានរបស់លោកវិញ ប៉ុន្តែមិនឲ្យធ្វើសកម្មភាពទាក់ទងនឹងនយោបាយ ។ តុលាការបានអះអាងថា ការសម្រេចឲ្យនៅគេហដ្ឋានវិញ ដោយសារតែលោក កឹម សុខា បានគោរពត្រឹមត្រូវតាមកាតព្វកិច្ចនៃការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងមានកិច្ចសហការល្អក្នុងដំណើរការនីតិវិធីរបស់តុលាការ ។ កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការថ្មីដែលលោក កឹម សុខា ត្រូវអនុវត្តចាប់ពីពេលនេះមានបីចំណុចគឺ ទី១-មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា ទី២-មិនត្រូវធ្វើសកម្មភាពនយោបាយ និងទី៣-ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់សមត្ថកិច្ច ។
ចំពោះស្ថានភាពនយោបាយនៅកម្ពុជានឹងមានភាពល្អប្រសើរឡើងវិញ ក្រោយពីសវនាការរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃ១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ ។ នេះបើតាមការអះអាងរបស់លោក មុត ចន្ថា មនុស្សជំនិតលោក កឹម សុខា ។ ក្រោយពីមានជំនួបរវាងលោក កឹម សុខាមួយលោកស្រី Asa Eriksson សមាជិកាសភា នៃគណបក្សសង្គមប្រជាធិបតេយ្យដែលជាគណបក្សកាន់អំណាចធំជាងគេនៅរាជាចក្រស៊ុយអែដ លោក មុត ចន្ថា បានថ្លែងយ៉ាងដូច្នេះថា ៖«យើងតែងតែសង្ឃឹមថា ក្រោយសវនាការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែ មករា ស្ថានភាពនយោបាយនឹងប្រសើរ ។ យើង តែតែសង្ឃឹមនេះដោយសារយើងឃើញថារស់នៅក្រោមដំបូលរបស់កម្ពុជា ។ ដូច្នេះយើងត្រូវ ចូលរួមចំណែកជួយប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ» ។ទាក់ទងនឹងសំណួរថា តើនឹងមានជំនួបក្រៅ
ផ្លូវការរវាងលោក កឹម សុខា ជាមួយសម្តេចតេជោ ហ៊ុន សែន ដែរឬទេ ? លោក មុត ចន្ថា ថ្លែងថា៖ «ចំណុចនេះ ខ្ញុំទុកឲ្យអ្នកសារព័ត៌មានតាមដានទៅចុះ ព្រោះមកដល់ពេលនេះយើងមិនមានអ្វីប្លែកនោះទេ»។
ជាមួយគ្នានេះ លោក មុត ចន្ថា ក៏បានឲ្យដឹងថា ចំពោះការចួលរួមវិភាគទានមនុស្សធម៌ជាមួយជាមួយរាជរដ្ឋាភិបាល ក្នុងការជួយដល់ជនរងគ្រោះដោយសារឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែបកន្លងមកនេះ គឺលោក កឹម សុខា តែងតែចូលរួមចំណែកក្នុងសង្គម ។ ជាក់ ស្តែង កាលពីអតីតកាល លោកបានចូលរួមក្នុងនោះមានការជិះទូកទៅជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាដើម ។ទស្សនៈលោក កឹម សុខា គឺថា នៅពេលពលរដ្ឋរងគ្រោះត្រូវជួយសង្គ្រោះគ្នា មិនមែនជាពេលវេលាចោទប្រកាន់ឈ្លោះគ្នានោះទេ ។
ដូច្នេះអ្វីដែលសម្តេចតេជោស្វាគមន៍ចំពោះការចូលរួមរបស់លោក កឹម សុខា គឺបង្ហាញថាខ្មែរទាំងអស់គ្នារួមគ្នាដោះស្រាយបញ្ហារបស់ខ្មែរ ។ លោកបន្ថែមថា លោក កឹម សុខា បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងនិងពង្រីកទំនាក់ ទំនងល្អជាមួយបណ្តាប្រទេសនានា ដើម្បីបំម្រើ ការពារ កសាងនូវអ្វីដែលជាផលប្រយោជន៍ របស់ប្រទេសនិងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ។សូមជម្រាបថាលោក កឹម សុខា បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន២ពាន់ដុល្លារដល់ជនរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគានៅខេត្តកែបកន្លងមកដែរ ។ ការជួយឧបត្ថម្ភនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុុន សែនប្រកាសស្វាគមន៍ និងថាលោក កឹម សុខា មិនចេះចោទប្រកាន់ឬដាក់កំហុសអ្នកណា នៅពេលជួបឧបទ្ទវហេតុ ពោលគឺខុសពីមន្ត្រីរាជរដ្ឋាភិបាលមួយចំនួន បានចាក់រុកនិងទម្លាក់កំហុសឲ្យគ្នានៅពេលជួបអាសន្ន និងមិនចេះជួយគ្នាថែមទៀត ៕
ចែករំលែកព័តមាននេះ