ប្រទេសអីុស្រាអែល កាលពីថ្ងៃទី១៦ កក្កដា បានទទួលយកការឈប់បាញ់ប្រឆាំងជ្រោយហ្គាហ្សា នាថ្ងៃទី១៧ កក្កដា រយៈពេល៥ម៉ោង ហើយការឈប់បាញ់បណ្ដោះអាសន្ននោះគឺសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ដល់តំបន់ហ្គាហ្សា ។ កងទ័ពអីុស្រាអែលបញ្ជាក់ថាជាផ្លែផ្កានៃការចរចាជាមួយអ.ស.ប ការសម្រេចចិត្ដរបស់អីុស្រាអែលនោះនឹងអាចបើកច្រកមនុស្សធម៌ទៅកាន់ហ្គាហ្សា នាថ្ងៃទី១៧ កក្កដា វេលាម៉ោង១០ទៅម៉ោង១៥ម៉ោងក្នុងស្រុក ក៏ប៉ុន្ដែកងទ័ពអីុស្រាអែលនឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លាប្រសិនបើក្រុមហាម៉ាស់បាញ់គ្រាប់រ៉ុក្កែតដាក់អីុស្រាអែល អំឡុងពេលឈប់បាញ់មនុស្សធម៌នោះ ។
ចំណែកក្រុមហាម៉ាស់វិញ ប្រកាសនាថ្ងៃទី១៧ កក្កដា ថា ខ្លួនយល់ព្រមចំពោះការឈប់បាញ់បណ្ដោះអាសន្ននោះស្នើឡើងដោយ
អ.ស.ប ដើម្បីហេតុផលមនុស្សធម៌ដែរ ។ ក្នុងសេចក្ដីប្រកាសមួយអ្នកនាំពាក្យរបស់ហាម៉ាស់លោក សាមី អាំប៉ូ ស៊ូគ្រីថ្លែងថា ក្រុមហាម៉ាស់យល់ព្រមចំពោះបទឈប់បាញ់រយៈពេល៥ម៉ោងនោះ ។
ការប្រកាសពីការយល់ព្រមលើបទឈប់បាញ់មនុស្សធម៌នោះធ្វើឡើងក្រោយពីទិវាបង្ហូរឈាមថ្មីមួយដោយកងទ័ពអីុស្រាអែលបានវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាបំផុតលើជ្រោយហ្គាហ្សា ហើយក្រុមហាម៉ាស់បាញ់គ្រាប់រ៉ុក្កែតជាច្រើនសិបគ្រាប់ដាក់ដែនដីអីុស្រាអែល ក្រោយបរាជ័យនៃបទឈប់បាញ់គ្នា ស្នើឡើងដោយប្រទេសអេហ្សុីប ដែលសំណើនោះអីុស្រាអែលទទួលយក តែពួកហាម៉ាស់បានបដិសេធ ។
យោងតាមពួកអ្នកជួយសង្គ្រោះប៉ាឡេស្ទីនថា ជនប៉ាឡេស្ទីនយ៉ាងតិច២៥នាក់ក្នុងនោះមានកុមារ៨នាក់បានត្រូវស្លាប់ កាលពីថ្ងៃទី១៥ កក្កដា ។ កុមារ៤នាក់ស្លាប់ក្នុងការទម្លាក់គ្រាប់បែកមួយ ដែលកម្ទេចខ្ទមមួយរបស់ពួកអ្នកនេសាទ ស្ថិតនៅមាត់សមុទ្រ នៃទីក្រុងហ្គាហ្សា ជិតកំពង់ផែជាកន្លែងមានកុមារ១ក្រុមកំពុងធ្វើការហើយខ្ទមនោះស្ថិតនៅជិតសណ្ឋាគារមួយដែលពួកអ្នកកាសែតស្នាក់នៅដែរ ។ សរុបជនប៉ាឡេស្ទីន២២២នាក់បានត្រូវស្លាប់ហើយជាង១.៦០០នាក់ត្រូវរបួសរយៈពេល៩ថ្ងៃនៃការវាយលុករបស់អីុស្រាអែលលើជ្រោយហ្គាហ្សា ៕
ចែករំលែកព័តមាននេះ