សិង្ហបុរី៖តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនផលិតឱសថអាមេរិក Arcturus Therapeutics Holdings Inc បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនអាចនឹងបញ្ជូនទៅប្រទេសសិង្ហបុរីនូវវ៉ាក់សាំងកូវីដដំបូងគេ ដែលខ្លួនកំពុងអភិវឌ្ឍជាមួយអ្នកវិទ្យាសាស្ត្រក្នុងស្រុកនៅដើមឆ្នាំក្រោយ។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងនៅពេលដែលក្រុមហ៊ុនប្រកាសលទ្ធផលបឋមវិជ្ជមានពីការសាកល្បងព្យាបាលនៅដំណាក់កាលដំបូង ដែលកំពុងបន្តនៅប្រទេសសិង្ហបុរី នេះបើយោងតាមរបាយការណ៍របស់ Straits Times ។

លោក Andrew Sassine ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបាននិយាយថា Arcturus បានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចសិង្ហបុរី (EDB) ក្នុងទឹកប្រាក់បន្ថែមរហូតដល់ ២២០លានដុល្លារ។

EDB នឹងផ្តល់ប្រាក់កម្ចីដែលមានកំណត់ចំនួន ៤៥លានដុល្លារ ក្នុងរយៈពេល ៦០ថ្ងៃ ដោយផ្អែកទៅលើការប្រគល់ឯកសារជាក់លាក់។ ប្រាក់កម្ចីនេះនឹងត្រូវសងតាមរយៈប្រាក់សួយសារលើការលក់ពាណិជ្ជកម្មវ៉ាក់សាំងនាពេលអនាគត ហើយប្រាក់កម្ចីនេះនឹងត្រូវបានលើកលែង ប្រសិនបើការអភិវឌ្ឍវ៉ាក់សាំងមិនទទួលបានជោគជ័យ។

EDB និង Arcturus បានឈានដល់កិច្ចព្រមព្រៀងផ្គត់ផ្គង់មួយសម្រាប់សិទ្ធិក្នុងការទិញវ៉ាក់សាំង ARCT-021 រហូតដល់ ១៧៥លានដុល្លារ ក្នុងតម្លៃដែលបានចរចារជាមុន ដោយរំពឹងថាការដឹកជញ្ជូននឹងត្រូវបានរំពឹងទុកនៅត្រីមាសទី១ ឆ្នាំ ២០២១៕
ចែករំលែកព័តមាននេះ