ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកឹម សុខា ៖ ការកម្ចាត់ខ្មែរនាំ ឲ្យបាត់បង់ធនធានបម្រើជាតិ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆំាង ដែលត្រូវរំលាយដោយតុលាការ បានលើកឡើងថា ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច…

រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សប្រឆំាង ដែលត្រូវរំលាយដោយតុលាការ បានលើកឡើងថា ការបង្រួបបង្រួមខ្មែរ គឺជាកាតព្វកិច្ច និងជាកិត្តិយសរបស់ខ្មែរ ជាពិសេសរបស់អ្នកដឹកនាំគ្រប់រូប ។ លោកថា ការកម្ចាត់គ្នានាំឲ្យបាត់បង់ពេលវេលា និងធនធាន ដើម្បីបម្រើការពារ និងកសាងមាតុភូមិកម្ពុជា ដើម្បីខ្មែរទាំងអស់គ្នា ។

កម្ពុជាត្រូវបានមជ្ឈដ្ឋានខ្លះថា កំពុងមានវិបត្តិនយោបាយ ដោយសារការ​គណបក្សប្រឆំាងបានរំលាយដោយតុលាការ ហើយ​ថ្នាក់ដឹកនាំ និង​សកម្មជនអតីគណបក្សង្រ្គោះជាតិមួយចំនួនបានភៀសខ្លួន​ទៅរស់នៅក្រៅប្រទេសដោយសារជាប់បណ្តឹង និងការចោទប្រកាន់នានា ។ មានការមើលឃើញថា ស្ថានការណ៍នបាយនៅកម្ពុជា ធ្វើឲ្យខ្មែរមានជម្លោះនឹងខ្មែរ បែកបាក់គ្នាអាចនាំប្រទេសជាតិខាតបង់ប្រយោជន៍ ពិសេស​ប៉ះពាល់ដល់ជីវភាព និងការនៅរបស់ប្រជាពលរដ្ឋ ។

សម្រាប់រដ្ឋាភិបាលមិនបានហៅស្ថានការណ៍នេះថា ជាវិបត្តិន​យោបាយ​នោះឡើយ ។ អ្វីដែលកំពុងកើតមាន គឺជាការអនុវត្តច្បាប់ ។ អ្នកប្រព្រឹត្តខុសត្រូវ​ទទួលទោសតាម​ច្បាប់។ រដ្ឋាភិបាលបានអះអាងថា កម្ពុជាកំពុងមានសន្តិភាព ប្រជាពលរដ្ឋបានកំពុង​រស់នៅយ៉ាងសប្បាយរីករាយ​ជាមួយការអភិវឌ្ឍ ។

ទំនងសំដៅដល់វិបត្តិនយោបាយ ដែលនាំឲ្យសង្គមខ្មែរប្រះឆាគ្នារវាងខ្មែរ និងខ្មែរ ទើបនៅលើបណ្តាញសង្គមរបស់ខ្លួន លោក កឹម សុខា ដែល​បាត់​បង់​សិទ្ធិធ្វើ​នយោបាយ៣ឆ្នាំមកហើយ បានលើកឡើងថា «ខ្ញុំអាណិត ស្រឡាញ់ និងដឹងគុណ​បំផុតចំពោះមាតុភូមិកម្ពុជា និងបងប្អូនជនរួមជាតិខ្មែរ​ មិនអាចបោះបង់បានឡើយ ។​ ទឹកដីយើង មានភូមិសាស្ត្រ​ និងធនធានធម្មជាតិអំណោយផលល្អណាស់ ឲ្យតែយើង​គ្រប់គ្រងបានត្រឹមត្រូវ មិនបំផ្លិចបំផ្លាញ រីឯប្រជាពលរដ្ឋខ្មែរភាគច្រើន​ជាទូទៅមាន​ទឹកចិត្តល្អគួរឲ្យគោរពស្រឡាញ់ណាស់ បើយើងមិនលើកទឹកចិត្តឲ្យមានការរើសអើង សងសឹកគ្នានោះទេ ខ្មែរអាចរស់នៅដោយ ឯករាជ្យភាព ដោយសុខដុមរមនា និងដោយវឌ្ឍនៈភាពសម្រាប់ខ្មែរដូចគ្នា»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ​ អត់អតីតបក្សប្រឆាំងជាង៣ឆ្នាំហើយ លទ្ធិប្រជាធិបតេយ្យនៅតែមាននៅកម្ពុជា ។ លោកបានបញ្ជាក់ថា ប្រជាជនកម្ពុជាអត់ត្រូវការទណ្ឌិតរត់ចោលស្រុកទេ ​។

លោកជិន ម៉ាលិន អ្នកនាំពាក្យក្រសួងយុត្តិធម៌ តែងតែធ្វើការបកស្រាយ​ និង​ពន្យល់ដល់ការចោទប្រកាន់នានាមកដល់រដ្ឋាភិបាលក្នុងការអនុវត្តច្បាប់ ។ លោកបាន​លើកឡើងថា វាជាការចោទប្រកាន់ជ្រាំដែល និងដដែលៗដោយគ្មានមូលដ្ឋានមកលើវិធានការរបស់សមត្ថកិច្ចថា គ្មានមូលដ្ឋានច្បាប់ ដែលតាមពិតសម្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំនិងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្ម និងភស្តុតាងនានាជាច្រើនដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។

លោកបានបញ្ជាក់ថា មានតែក្រុមជនជាប់ចោទទាំងអស់នោះវិញទេ ដែលមិនមានភស្តុតាង និងសក្ខីកម្មរឹងមាំក្នុងការដោះបន្ទុកតាមផ្លូវច្បាប់ ក្រៅតែពីការចោទប្រកាន់សមត្ថកិច្ច និងតុលាការ ជួបជុំគ្នាតវ៉ា រត់គេចខ្លួន និងបដិសេធមិនចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនាពេលកន្លងមក ដែលទាំងនេះមិនមែនជាមធ្យោបាយក្នុងការការពារខ្លូនតាមផ្លូវច្បាប់នោះទេ​ ៕  

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ