សំណុំរឿងព្រហ្មទណ្ឌកកស្ទះ ៧១% បាន​ដោះស្រាយ​ក្នុង​រយៈពេល១៥០ថ្ងៃ


រាជធានីភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា នៅក្នុងរយៈពេល១៥០ បន្ទាប់ពីខ្លួនបានប្រកាសយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ នៅតាមសាលារាជធានី ខេត្តមក មានសំណុំរឿង​ព្រហ្មទណ្ឌ​ចំនួន ​២៧៧០០ ​ស្មើនឹង​៧១% ​នៃសំណុំរឿង​ព្រហ្មទណ្ឌ​ដែលកកស្ទះ ​ត្រូវបានដោះស្រាយ​បញ្ចប់​ក្នុង​ដំណាក់កាល​អយ្យការ ​ដំណាក់កាល​ស៊ើបសួរ ​និង​ដំណាក់កាល​ជំនុំជម្រះ​។​

លទ្ធផលការងារដែលបានប្រកាសកាលពីថ្ងៃទី១៦តុលា ក្រសួងយុត្តិធម៌ បានឲ្យបន្តថា ក្នុងនោះ​មានសំណុំរឿង​ចំនួនជាង​១០៣០០ ​ស្មើនឹង​៨២% ​ត្រូវបាន​ជំនុំជម្រះ​រួចរាល់​។ ​ បន្ថែម​ពីនេះ ​សំណុំរឿង​ព្រហ្មទណ្ឌ​ដែលចូលថ្មី​ចំនួនជាង ​២០,២០០​សំណុំរឿង​ ស្មើនឹង​៦១% ​ក៏ត្រូវ​បាន​សាលាដំបូង​រាជធានី​-​ខេត្តទូទាំង​ប្រទេស​បាន​ដោះស្រាយ​នៅក្នុងរយៈពេល​១៥០​នៃយុទ្ធនាការ​ដោះស្រាយ​ការកកស្ទះសំណុំរឿង​នៅតាមសាលា​ដំបូងរាជធានី​-​ខេត្ត។

​ក្រសួងយុត្តិធម៌​បានប្រកាស​ដាក់ចេញ​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​នៅតាម​សាលាដំបូង​រាជធានីខេត្ត ​កាលពីថ្ងៃទី ​១៨ ​ខែឧសភាឆ្នាំ២០២០ បន្ទាប់ពីខាងសង្គមស៊ីវិល និងមជ្ឈមដ្ឋានជាច្រើនបានលើកឡើងថានៅកម្ពុជាមានសំណុំរឿងជាច្រើនបានកកស្ទះ ដែលធ្វើឲ្យប៉ះពាល់សិទ្ធិជនជាប់ចោទ។ ជាមួយគ្នានេះ ការកកស្ទះសំណុំរឿងនេះបានធ្វើឲ្យមានអ្នកជាប់ឃុំមានចំនួនច្រើន ណែនចង្អៀត តាមពន្ធ នាគារ។

មន្រ្តីយុត្តិធម៌បានបញ្ជាក់ថា ការកកស្ទះសំណុំរឿងនៅតុលា ដោយសារកម្ពុជាបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀន នៅក្នុងរយៈពេលចុងក្រោយនេះ។ យុទ្ធការការដោះស្រាយការកកស្ទះសំណុំក្តីនៅតាមតុលាការនេះ ជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលទទួលបានការ គំាទ្រជាច្រើនពីសាធារណជន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលការងារ១៥០ថ្ងៃនេះ ក្រសួងយុត្តិធម៌បាន​ឲ្យដឹងថា សាលាដំបូង​និង​អយ្យការ​អមសាលាដំបូងខេត្ត​ចំនួន​៥ ​រួមមាន​ ខេត្តសៀមរាប ​កោះកុង​ កំពត​ ខេត្តបន្ទាយមានជ័យ ​និង​ខេត្តត្បូងឃ្មុំ​ ទទួលបានជោគជ័យនៃការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនេះជាងគេ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ