ព្រៃឡង់៖ ៩ខែដើមឆ្នាំ២០២០ការត្បាតនិងបង្រ្កាបសកម្ម តែបទល្មើសនៅតែមាន


រាជធានីភ្នំពេញ៖ ក្នុងរយៈ ពេល ៩ ខែឆ្នាំ២០២០ គឺពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សនិងសហគមន៍តំបន់ការពារធម្មជាតិបានចុះល្បាតបានចំនួន ១៨២៣ លើក ដែលក្នុងប្រតិបត្តិការចុះល្បាតនោះ បទល្មើសធនធានធម្មជាតិចំនួន ៩៥៤ ករណីត្រូវបានបង្ក្រាប ហើយបានកសាង និងបញ្ជូនសំណុំរឿងចំនួន ៤០ ករណីទៅតុលាការ  ធ្វើការអប់រំនិងចុះកិច្ចសន្យាបញ្ឈប់សកម្មភាពចំនួន ៤២០ ករណី និងពិន័យអន្តរការណ៍ ៤១ ករណី។

មន្ត្រីឧទ្យានុរក្សបានបង្ក្រាបបទល្មើសនិងរឹបអូសរណាយន្តបានចំនួន ៤៣៣ គ្រឿង រថយន្ត៩ គ្រឿង គោយន្តចំនួន១០៦ គ្រឿង និងម៉ូតូ ៤៦ គ្រឿង រឹបអូសឈើចំនួន ៣០៣ ម៉ែត្រគូប ដោះអន្ទាក់បានចំនួន ១៦៧៧ អន្ទាក់ និងដកហូតនិងរឹបអូសកាំភ្លើងកែច្នៃបានចំនួន ១០៣ គ្រឿង​។

រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថានេះគឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងសហគមន៍នៃតំបន់ការពារធម្មជាតិ ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។

តែលោកបានបញ្ជាក់ថា «ទោះបីជាមានការចុះទប់ស្កាត់ និងបង្ក្រាបទាំងយប់ទាំងថ្ងៃពីសំណាក់មន្ត្រីឧទ្យានុរក្សនិងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិក៏បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូចដូចជាការលបលួចកាប់ឈើ ការទន្ទ្រានរានយកដី ធ្វើជាកម្មសិទ្ធិការបរ បាញ់និងការដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ព្រៃឡង់ដែលចាំបាច់ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបន្តទៀត» ។

បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបាននិងកំពុងសហការអនុវត្តគម្រោងការពារនិងអភិរក្សតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ជាមួយគម្រោងព្រៃឡង់បៃតងគាំទ្រថវិកាដោយ USAID របស់សហ រដ្ឋអាមេរិកសម្រាប់រយៈពេល ៥ ឆ្នាំ (២០១៨-២០២៣) ក្នុងទំហំទឹកប្រាក់ ២១ លានដុល្លារ។

រាជរដ្ឋាភិបាលកម្ពុជានិងដៃគូអភិវឌ្ឍន៍កំពុងអនុវត្តផែនការសកម្មភាពនានាដើម្បីធ្វើប្រសើរឡើងនូវការអភិរក្ស ជីវៈចម្រុះ និង ស្ថានភាពប្រព័ន្ធអេកូឡូស៊ីនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ព្រមទាំងបង្កើតឱ្យមាននិរន្តរភាព និងសមធម៌នៃកាលានុវត្តភាព ផ្នែកសេដ្ឋកិច្ច ជីវភាពសហគមន៍ និងទុនធម្មជាតិសម្រាប់ការវិនិយោគឡើងវិញ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់»និងតំបន់កាពារធម្មជាតិ ជុំវិញតំបន់ព្រៃឡង់។

លោកនេត្រ ភក្រ្តា បានបានគូសបញ្ជាក់ថា គម្រោងនេះ មានកិច្ចសហការជាមួយក្រសួង បរិស្ថាន ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ដើម្បីពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ ផ្តោតលើការងារកំណត់ និងបែងចែកតំបន់គ្រប់គ្រង ការបោះបង្គោលព្រំប្រទល់ ការរៀបចំផែនការគ្រប់គ្រង និងការចុះបញ្ជីដីរដ្ឋ នៅដែនជម្រកសត្វព្រៃ «ព្រៃឡង់» និងតំបន់ការពារ ធម្មជាតិមួយចំនួនជុំវិញ តំបន់ព្រៃឡង់ បណ្តុះបណ្តាល និងពង្រឹងសមត្ថភាព មន្ត្រីឧទ្យានុរក្ស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាសហគមន៍អភិរក្សប្រពៃណីជនជាតិដើមភាគតិច។

សូមបញ្ជាក់ថាដែនជម្រកសត្វព្រៃព្រៃឡង់ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ នៅខែឧសភា ឆ្នាំ ២០១៦ មានផ្ទៃដីជាង ៤៣ ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤ រួមមាន ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ បច្ចប្បន្ននេះមានមន្ត្រីឧទ្យានុរក្សចំនួន ៨៤ នាក់បាននិងកំពុងឈរជើងការពារនៅក្នុងនោះ ខេត្តកំពង់ធំមាន ៣៤ នាក់ ខេត្តស្ទឹងត្រែងមាន ២៤ នាក់ និងខេត្តក្រចេះចំនួន ១២ នាក់ ខេត្តព្រះវិហារចំនួន ១៣ នាក់ ហើយសហគមន៍តំបន់ការពារធម្មជាតិមានចំនួន ១៩ នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដែលបានចូលរួមសហការចុះល្បាតជាមួយមន្ត្រីឧទ្យានុរក្ស៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ