រាជធានីភ្នំពេញ ៖ ទឹកបានលិចជាងកន្លះម៉ែត្រចូលផ្ទះរបស់អ្នកស្រី ផានី ដែលបានទិញបង់រំលោះពីបុរីមួយកន្លែងនៅក្នុងខណ្ឌដង្កោ ជិតកន្លះខែមកហើយ ។ អ្នកស្រី និងក្រុមគ្រួសារ បានាំចាកចេញពីផ្ទះដែលលិចលើចង្កេះមនុស្សចាស់មកជួលផ្ទះគេស្នាក់នៅកណ្តាលក្រុងភ្នំពេញ ។ ទឹកជំនន់បានធ្វើបង្កឲ្យសម្ភារៈនៅក្នុងផ្ទះមួយចំនួនបានខូច រួមទំាងរថយន្តមួយគ្រឿងផង។

ស្រ្តីដែលមានកូនបីម្នាក់នេះកំពុងបារម្ភពីប្រាក់ដែលត្រូវបង់រំលោះឲ្យបុរីក្នុងមួយខែៗជាងជាង៣០០ដុល្លារ។ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅរាជធានីភ្នំពេញរូបនេះថាអ្នកជិតខាងរបស់គាត់ក៏មានបញ្ហាដូចលោកដែរ ។ បញ្ហាមិនអាចលក់ដូរ រកប្រាក់ចំណូល ។ បញ្ហាបារម្ភគ្មានប្រាក់បង់រំលោះផ្ទះប្រចំាខែ និងការខូចខាតព្រទ្យសម្បត្តិជាដើមនោះ។

លោក ពិជ័យ ពលរដ្ឋរងគ្រោះដោយទឹកជំនន់ម្នាក់ទៀតបានត្អូញត្អែរ នៅពេលមានបញ្ហាដូច្នេះ បានធ្វើឲ្យចំណាយប្រចំាថ្ងៃកាន់ច្រើន។ លោកបានជម្លៀសក្រុមគ្រួសាររបស់លោកមកស្នាក់នៅផ្ទះសំណាក់មួយកណ្តាលរាជធនីភ្នំពេញ។ ទំាងថ្លៃម្ហូបអាហារនិងការស្នាក់នៅលោកបានចំណាយអស់ជិត៥០ដុល្លារ។
លោកពោលថា «ប្រពន្ធខ្ញុំគាត់លក់ដូរនៅមុខផ្ទះដែលអាចរកចំណូលបាន១០ទៅ២០ម៉ឺនរៀងក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះខនខានមិនបានរកចំណូលទេ ។ យើងបារម្ភពីការបង់ប្រាក់ឲ្យបុរីក្នុងមួយជាង៥០០ដុល្លារ» ។ លោកពិជ័យ ជាអ្នកលក់ឡាន ដែលរបបនេះក៏ជួបបញ្ហាដែរ នៅពេលពលរដ្ឋមានបញ្ហាសេដ្ឋកិច្ចដោយកូវីដ១៩ ។ លោកថា បើរដ្ឋអាចអន្តរាគមន៍ដល់ម្ចាស់បុរីពន្យាពេលការបង់ប្រាក់រហូតទឹកស្រក់ ហើយពលរដ្ឋអាចចូលរស់នៅជាធម្មតាឡើងវិញនោះ ពលរដ្ឋនឹងរីករាយ ត្រេកអរខ្លំាងណាស់។

ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថ បានចេញវិធានការមួយចំនួនដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលបានខ្ចីប្រាក់ពីធនាគារឬគ្រឹះស្ថានហិរញ្ញវត្ថុ អំឡុងពេលជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩។ វិធានការដែលបានអនុវត្តច្រើនខែមកនេះ មានដូចជាធ្វើសកម្មភាពទន់ភ្លន់ជាមួយអតិថជន មិនរឹបអូសទ្រព្យបញ្ចំរបស់ប្រជាពលរដ្ឋ ដែលគ្មានលទ្ធភាពបង់ប្រាក់ និងការរៀបចំឥណទានឡើងវិញ ដល់អ្នកខ្ចីប្រាក់ ជាដើម។

ការរៀបចំឥណទានឡើងវិញជាវិធានការមួយ ដែលបានអនុវត្តច្រើនជាងគេ។ បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យថាត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០សមាជិករបស់សមាគម ដែលមានប្រមាណ២០ស្ថាប័ននោះ បានរៀបចំឥណទានឡើងវិញដល់អតិថិជនបានចំនួន ២៥៥ ៩៦៨នាក់ ក្នុងទំហំឥណទានសរុបជាង ១២៥០លានដុល្លាអាមេរិក។

ពលរដ្ឋកម្ពុជាប្រមាណ២លាននាក់ត្រូវគេដឹងថាបានខ្ចីប្រាក់ពីគ្រឹស្ថានហិរញ្ញវត្ថុ។ ខ្លះខ្ចីប្រាក់ប្រកបរបរទទួលទាន ខ្លះខ្ចីប្រាក់ធ្វើកសិក្ម និងមានពលរដ្ឋមួយចំនួនទៀត បានខ្ចីប្រាក់ទិញផ្ទះ ទិញដី ទិញសម្ភារៈប្រើប្រាស់ប្រចំាថ្ងៃ។ មានពលរដ្ឋជាច្រើនបានទិញលំនៅឋានរស់នៅបង់រំលោះប្រចំាខែដែរ ។

ការរៀបចំឥនទានឡើងវិញនេះ គឺជាការសម្រួលដល់ការបង់ប្រាក់របស់ប្រជាពលរដ្ឋទៅដល់ធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដោយអាចថានៅពេលមានការលំបាកនេះ ពលរដ្ឋអាចបង់ប្រាក់ទៅម្ចាស់បំណុលតែការប្រាក់ប៉ុណ្ណោះ។ មានន័យថាបានកាត់បន្ថយចំនួនប្រាក់ ដែលត្រូវបង់ប្រចំាខែ។

វិធានការនេះ មានពលរដ្ឋដូចជាចំនួនខាងលើបានចូលរួម ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួន មិនបានចូលរួមឡើយ។ អ្នកមិនចូលរួមលើកឡើងថា នោះមិនបានសម្រួលការលំបាកដល់ពួកគាត់ទេ តែជាវិធានការដើម្បីកុំធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុខាតការប្រាក់តែប៉ុណ្ណោះ។

ពលរដ្ឋម្នាក់ដែលធ្វើការនៅក្នុងវិស័យទេសចរណ៍ហើយបាត់បង់ការងារដោយសារជំងឺកូវីដ១៩ និយាយថា គាត់ត្រូវបង់ប្រាក់ឲ្យធានាគារប្រចំាខែជាង៥០០ដុល្លារក្នុងពេលដែលបានបានទិញផ្ទះបង់រំលោះក្នុងតម្លៃ ជិត៦ម៉ឺនដុល្លារ។

ពលរដ្ឋម្នាក់នេះ បាននិយាយថាក្នុងប្រាក់ដែលគាត់បង់ទៅគ្រឹះស្ថានហិរញ្ញវត្ថុ ជាង៥០០ដុល្លារនោះ ជាង៤០០ដុល្លារគឺជាការប្រាក់ ចំណែកប្រាក់ដើម មានតែជាង១០០ដុល្លារប៉ុណ្ណោះ។ នៅពេលកូវីដ១៩ លោកបានស្នើសុំខាងគ្រឹះស្ថានហិរញ្ញវត្ថុ ជួយសម្រួលការលំបាក ដោយសារគាត់គ្មានការងារធ្វើ។ លោកថាខាងម្ចាស់បំណុល បានឲ្យលោកបង់ជាង៤០០ដុល្លារ ដែលជាចំនួនការប្រាក់។ ដូច្នេះលោកមិនចូលរួមអនុវត្តវិធានការ កែសម្រួលឥណទានឡើងវិញនោះឡើយ។ លោកសុខចិត្តទ្រាំលំបាក បំពេញកាតព្វកិច្ចដដែលគឺបង់ជាង៥០០ដុល្លារ។

ពលរដ្ឋស្នើសុំឲ្យមានវិធានការល្អប្រសើជាងពេលកូវីដ១៩នោះ។ ដូចជាការចញ្ចុះអត្រាការប្រាក់ ឬលើកពេលបង់តែម្តង។ ចំាចប់វិបត្តទឹកជំនន់និងកូវីដ១៩ ចំាឲ្យពលរដ្ឋបង់ប្រាក់បន្តទៀត។ ប្រជាពលរដ្ឋបានលើកឡើងថា «នោះទើបហៅថាបានជួយពលរដ្ឋ»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅថ្ងៃទី២១ ខែតុលា ពេលជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់ បានស្នើសុំម្តងទៀត ដូចអ្វីដែលសម្តេចបានអំពាវនាវកាលពីពេលវិបត្តិកូវីដ១៩ គឺសូមដល់ធនាគារ និងគ្រឹស្ថានហិរញ្ញវត្ថុ មានភាពអនុគ្រោះ និងយោគយល់ចំពោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ សម្តេចបាន អំពាវនាវកុំឱ្យធនាគារ ឬមីក្រូហិរញ្ញវត្ថុ មានការរឹបអូសផ្ទះ ឬទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅដំណាក់កាលនេះ។
ភ្លាមៗក្រោយពីសម្តេចអំពាវានាវដូច្នេះ នៅក្នុងថ្ងៃតែមួយនោះ ធនាគារជាតិកម្ពុជា បានជូនដំណឹងដល់គ្រឹះស្ថានហិរញ្ញវត្ថុទំាងអស់ថា« បន្តកិច្ចសហប្រតិបត្តិការល្អ ក្នុងប្រខណ្ឌកិច្ចការពារអតិថជន និងបន្តផ្តល់ការអនុគ្រោះតាមលទ្ធភាពចំបោះអ្នកខ្ចីប្រាក់ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយាសារទឹកជំនន់» ។
តាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិចង់បញ្ជាក់ថា អ្វីដែលត្រូវអនុគ្រោះនាពេលនេះ ទំនងមិនខុសពីអ្វីដែលបានអនុគ្រោះដោយសារបញ្ហាជំងឺកូវីដ១៩នោះទេ។ វិធានការអនុគ្រោះពលរដ្ឋខ្ចីប្រាក់ពីធនាគារពេលកូវីដ១៩ គឺធនាគារជាតិបានចេញសារាចរណែនាំស្តីពីឥណទានរៀបចំឡើងវិញ ការអនុគ្រោះបន្ធូរបន្ថយកម្រៃសេវាផ្សេងៗពាក់ព័ន្ធនឹងឥណទាននិងឬ លើកលែងការផាកពិន័យផ្សេងៗ នឹងការរឹបអូសទ្រព្យសម្បត្តិដោយមិនមានដឺកាពីតុលាការ ជាដើម។
ចំណែកខាងគ្រឹះស្ថានហិរញ្ញវត្ថុវិញ មិនទាន់ឃើញដាក់ចេញវិធានការណាមួយ ក្រៅពីសេចក្តីណែនាំរបស់ធានគារជាតិឡើយ។ ថ្នាក់ដឹកនាំគ្រឹះស្ថានមួយចំនួន បានឲ្យដឹងថាបានទទួលការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្រ្តីនោះហើយ ហើយខ្លួននឹងអនុវត្តតាម។ តែពេលនេះ មិនទាន់ចាត់ចែងការអនុវត្តបែបណានៅឡើយទេ ដោយសារពេលនេះ បានកំពុងចូលរួមជាមួយរដ្ឋាភិបាលក្នុងការសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។
ពលរដ្ឋនៅភ្នំពេញ ដែលរងគ្រោះដោយទឹកជំនន់ ដែលភាគច្រើនជាអ្នកទិញផ្ទះបង់រំលោះ តាមបុរី ដែលលិចទឹកនោះ លើកឡើងថា ទឹកជំនន់លិចបុរី បានប៉ះពាល់សេដ្ឋកិច្ចគ្រួសារគាត់យ៉ាងខ្លាំង ដោយសារអ្នករស់នៅក្នុងបុរីជាយក្រុង គឺទិញផ្ទះដើម្បីលក់ដូរ ប្រកបរបរទទួលទាននៅនឹងផ្ទះ លុះដល់ទឹកលិចបែបនេះ ខកខានរកទទួលទាន គ្មានប្រាក់បង់ទៅម្ចាស់បុរីឡើយ។ សម្រាប់ពលរដ្ឋនៅភ្នំពេញសូមឲ្យម្ចាស់បុរីលើកពេលបង់រំលោះ តែម្តង រហូតដល់ស្ថានភាព ពលរដ្ឋអាចវិលទៅប្រកបរបរទទួលទានជាប្រក្រតីឡើងវិញ។
លោក កុសល ដែលជាមន្រ្តីរាជការមួយរូបបានបញ្ជាក់ថា លោកចង់ឲ្យមានការយោគយល់ពីម្ចាស់បុរី និងធនាគារចំពោះពលរដ្ឋនៅក្នុងតំបន់ទឹកជំនន់លិចនេះ។
អ្នកបង់រំលោះផ្ទះពីបុរី នៅក្នុងខណ្ឌដង្កោ ឲ្យដឹងថា ផ្ទះល្វែងតូចៗ ដែលសម័យនេះ គេហៅថាវីឡាកូនកាត់នោះ មានតម្លៃចាប់ពី៥ម៉ឹនដុល្លារឡើងទៅ។ ពលរដ្ឋដែលទិញផ្ទះបង់រំលោះមានច្រើនប្រភេទ ខ្លះបង់រំលោះ១០០% ខ្លះបង់តែ ៥០%។ ការបង់រំលោះពលរដ្ឋអាចបង់ជាមួយបបុរី ហើយពលរដ្ឋខ្លះទៀងបង់ជាមួយធនាគារ។ លោកថាបង់ជាធនាគារមានការប្រាក់ទាមជាងបង់ជាមួយបុរី។
អ្នកទិញផ្ទះបង់រំលោះមិនទាន់ប្រាកដថាម្ចាស់បុរី នឹងមានការយោគយល់បែបណាដល់ពលរដ្ឋនោះ។ ចំណែកកសិករជាច្រើនដែលបានខូចខាតដំណាំកសិកម្មនោះ ពិតណាស់ជៀសមិនផុតពីផលលំបាកនៅក្នុងជីវភាព និងកាតព្វកិច្ច ជាមួយម្ចាស់បំណុល ដែលជាបន្ទុកធ្ងន់ធ្ងរនៅពួកគាត់ជួបកូវីដ១៩និងទឹកជំនន់នោះ។
ការសម្រួលឥណទានមិនហាក់មិនបានធ្វើឲ្យពលរដ្ឋធូរស្រាលដូចការកាត់បន្ថយអត្រាការប្រាក់ ឬលើកពេលបង់ប្រាក់មួយរយៈ នោះឡើយ ៕
ចែករំលែកព័តមាននេះ