ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឈ្មួញសន្យាឈប់នាំចូលត្រីពីប្រទេសជិតខាងមកលក់ក្នុងស្រុក

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ ដើម្បីបើកឱកាសអ្នកចិញ្ចឹមត្រី កង្កែប ជាដើម មានលទ្ធភាពលក់ផលិតផលខ្លួននិងជាពង្រឹងវិស័យវារីវប្បកម្មក្នុងស្រុកឲ្យរីកចម្រើនផង ឈ្មួញនាំចូលផលិតផលជលផលពីប្រទេសជិតខាងបានសន្យាថាផ្អាកការនាំចូលត្រី សត្វមួយចំនួនដែលកសិករនៅក្នុងស្រុកចិញ្ចឹមបាន។ ការសន្យាបាននេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់…

រាជធានីភ្នំពេញ ៖ ដើម្បីបើកឱកាសអ្នកចិញ្ចឹមត្រី កង្កែប ជាដើម មានលទ្ធភាពលក់ផលិតផលខ្លួននិងជាពង្រឹងវិស័យវារីវប្បកម្មក្នុងស្រុកឲ្យរីកចម្រើនផង ឈ្មួញនាំចូលផលិតផលជលផលពីប្រទេសជិតខាងបានសន្យាថាផ្អាកការនាំចូលត្រី សត្វមួយចំនួនដែលកសិករនៅក្នុងស្រុកចិញ្ចឹមបាន។ ការសន្យាបាននេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយភាគីពាក់ព័ន្ធ មានសមាគមវារីវប្បករនៅកម្ពុជា និងតំណាងអាជីវករនាំចេញ នាំចូលផល ផលិតផលជលផល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។

កិច្ចប្រជុំនេះ បានធ្វើឡើងស្របពេលដែលមានអ្នកចិញ្ចឹមត្រី មាន់ កង្កែបក្នុងប្រទេស ត្អូញត្អែរពីការធ្លាក់ថ្លៃផលិតផល ដែលខ្លួនផលិតបាន ។ ការធ្លាក់ថ្លៃបើតាមកសិករបណ្តាលមកពីផលិតផលនាំចូលច្រើន ហើយថោកជាងផលិតផលក្នុងស្រុក និងម្យ៉ាងទៀតដោយសារជំងឺកូវីដ​១៩ ពលរដ្ឋផ្អាកពីធីផ្សេងៗដូចជាពិធីមង្គលការ បុណ្យទាននិងដំណើរកម្សាន្តតាមរមណីដ្ឋាននានានោះ តម្រូវការត្រី បន្លែ បានថយចុះ។ កសិករខ្លះថាការធ្លាក់នោះអាចបណ្តាលមកពីកសិករខ្មែរគ្មានបណ្តាញផ្តល់ព័ត៌មានមួយច្បាស់លាស់ ធ្វើការចិញ្ចឹមសត្វ ដំាបន្លែខ្លះជាន់គ្នា មានបរិមាណច្រើនហួសតម្រូវការ។

ក្នុងលទ្ធផលកិច្ចប្រជុំដើម្បីដោះស្រាយបញ្ហានេះក្រសួងកសិកម្មបានបញ្ជាក់ថា សមាគមវារីវប្បករនៅកម្ពុជា បានសន្យាផងដែរថាត្រូវរៀបចំផ្តល់នូវព័ត៌មានដែលទាក់ទងទៅនឹងប្រភេទ បរិមាណផលផលិតផលវារីវប្បកម្មដែលត្រូវដល់ពេលប្រមូលផលនៅតាមខេត្តនីមួយៗ ដល់អាជីវករប្រមូលទិញ នាំចេញ នាំចូលផលិតផលជលផល ដើម្បីចុះប្រមូលទិញផល ផលិតផ​ល​ជលផលដែលផលិតបានក្នុងស្រុកទំាងនោះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

ចំណែកតំណាងអាជីវករនាំចូលនាំចេញផល ផលិតផលជលផល បានយល់ព្រមផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រីដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និងត្រីឆ្តោ ព្រមទំាងប្រភេទត្រីមួយចំនួនទៀតដែលអាចិញ្ចឹមក្នុងស្រុក តាមការជូណដំណឹងរបស់សមាគមវារីវប្បករកម្ពុជា។

សូមជម្រាបថាស្របពេលផ្ទុះជំងឺកូវីដ១៩ ដែលធ្វើឲ្យពលរដ្ឋមួយចំនួនបាត់ការងារធ្វើ រដ្ឋាភិបាលបានជំរុញវិស័យវារីវប្បកម្ម និងការដាំដុះកសិកម្មដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូលក៍ដូចជាជំរុញលើកកម្ពស់ផលិតកម្មកសិកម្មនៅក្នុងស្រ្កដើម្បីផ្គត់ផ្គង់ទីផ្សារដែលធ្លាប់តែនាំចូល។ ស្របពេលពលរដ្ឋផ្តើមនាំគ្នាចិញ្ចឹមសត្វ និងដំាដុះច្រើន ការធ្លាក់ផលិតផលក៍បានកើតឡើងដែលក្នុងនោះបណ្តាលមកពីការនាំចូលផលិតផលក្រៅស្រុកនេះមួយផ្នែក៕