ជំនន់ទឹកភ្លៀងឆក់យកជីវិតពលរដ្ឋ១២នាក់ប៉ះពាល់ផ្ទះជិត៤ម៉ឺនខ្នង


រាជធានីភ្នំពេញ៖ ចំនួនពលរដ្ឋស្លាប់ដោយគ្រោះទឹកជំនន់បានកើនដល់១២នាក់គិតត្រឹមព្រឹកថ្ងៃទី១៤តុលា​នេះ នៅក្នុងនោះ៥នាក់ជាកុមារ។ ជាមួយការជន់លិចចំនួន ១៩ខេត្ត-រាជធានី នៅទូទំាងប្រទេសនាពេលនេះ គ្រោះធម្មជាតិដែលកំពុងផ្តល់ការលំបាកដល់ពលរដ្ឋកម្ពុជានេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ៣៩ ៧០២គ្រួសារស្មើប្រមាណ១៥៨ ៨០៨នាក់។ នេះបានតាមរបាយការណ៍ប្រចំាថ្ងៃ របស់គណៈកម្មាធិ ការជាតិគ្រប់គ្រង​គ្រោះមហន្តរាយ។

ស្ថានប័នមានសមត្ថកិច្ចខាងលើ បានឲ្យដឹងបន្ថែមថាជំនន់ទឹកភ្លៀងនាពេលនេះ បាន ប៉ះពាល់ផ្ទះពលរដ្ឋប្រមាណ ៣៩ ៤៨៥ខ្នង ហើយផ្ទះដែលខូចខាត ចំនួន៣០ខ្នង។ សាលារៀនបានលិចទឹកចំនួន ៤០២ខ្នង។ ស្រូវប្រមាណ១១៦ ៧៦៤ហិកតាបានលិច លង់ក្នុងនោះមានប្រមាណ ៦ ២៨៦ ហិកតា បានខូចខាត។ ក្រៅពីនោះមានផ្លូវលំ ប្រឡាយ ទំបន់មួយចំនួនទៀត បានរងផលប៉ះពាល់ផងដែរ។

ខេត្តក្រុងដែលរងប៉ះពាល់ដោយទឹកជំនន់មានរាជធានីភ្នំពេញ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ធំ សៀមរាប តាកែវ មណ្ឌលគិរី​ខេត្តព្រះសីហនុ កំពង់ឆ្នាំង កោះកុង ព្រះវិហារ កំពង់ចាមជាដើម។ នៅភ្នំពេញអាជ្ញាធរកំពុងព្រួយបារម្ភពីជំនន់ស្ទឹងព្រែកត្នោត។

នៅព្រឹកថ្ងៃ ទី១៤ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កំពុងបន្តដឹកនាំក្រុមការងារក្រសួងចុះពិនិត្យនិងបញ្ជាការងារអន្តរា គមន៍នៅលើទំនប់សណ្តរស្ទឹងព្រែកត្នោតដែលបានកំពុងជន់លិចដោយទឹកជំនន់ស្ទឹងព្រែកត្នោត ដើម្បីជួយសម្រួលធ្វើយ៉ាងណាបន្ថយការប៉ះពាល់ឲ្យបានជាអតិបរមាដល់ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ប្រឈម ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារ ដើម្បីសហការបច្ចេកទេសដោះស្រាយសម្រួលបន្តការធ្វើដំណើរ លើផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវជាតិ២០A ។

សូមជម្រាបថា បន្ទាប់ពីភ្លៀងខ្លាំងកាលពីយប់មិញ ក្នុងបរិមាណ ១៩៦,៧០ មីលីម៉ែត្រ(ស្ថានីយសាក់សំពៅ) បានធ្វើឲ្យទឹកស្ទឹងព្រែកត្នោតឡើងខ្ពស់ដល់កម្ពស់ទឹកនៅទ្វារទឹកខាងមុខមានកម្រិត ៦,៥២ម៉ែត្រ ហូលើទ្វារទឹកកម្ពស់ ១,៧២ម៉ែត្រ កម្ពស់ទ្វារទឹកក្រោយ ៩,២៥ម៉ែត្រ បណ្តាលឲ្យទឹកក្នុងស្ទឹងឡើងខ្ពស់ហូរលើខ្នងទំនប់បែកវាលទៅផ្នែកខាងក្រោមនៃសណ្តរទំនប់ខាងត្បូង លើភូមិសាស្រ្តខេត្តកណ្តាលចាស់រួមមាន សង្កាត់ស្ពានថ្ម ទៀន រលួស គងនយ និងសង្កាត់ព្រែកកំពឹស និងបណ្តាឃុំមួយចំនួនទៀតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានឃុំដើមឫស អន្លង់រមៀត បារគូ កណ្តោក និងឃុំជើងកើប ។

ក្រុមការងារបច្ចេកទេសក្រសួងបានចែកជា ០២ក្រុម ដោយមួយក្រុមបន្តអន្តរាគមន៍ទប់ទំនប់សណ្តរផ្នែកខាងត្បូងការពារទឹកហូរចោះបាក់ដាច់ទំនប់ចំមុខផ្ទះប្រជាជន និងមួយក្រុមទៀតបន្តអន្តរាគមន៍បិតរូងនាគ និងច្រកបាវខ្សាច់លើកម្ពស់ទំនប់ផ្នែកខាងជើងសណ្តរទំនប់ នៅសង្កាត់ព្រៃសរ សាក់សំពៅ ប្រទះឡាង និងទួលពង្រ ដើម្បីការពារទឹកជន់ហូរចូលរាជធានីភ្នំពេញ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ