លុយលើលោកនេះមានរាប់ទ្រីលានដុល្លារ និងនៅគ្រប់ទីកន្លែងលើពិភពលោក ។ ប្រសិនបើមានថ្ងៃមួយអ្នកជាម្ចាស់កម្មសិទ្ធិលុយទាំងនោះ តែមនុស្សគ្រប់គ្នាលើលោកបានបាត់ខ្លួន តើលុយទាំងនោះមានន័យទេ? ចម្លើយ គឺមិនមានន័យទេ ។
អ្នកមិនអាចយកលុយទាំងនោះទៅធ្វើអ្វីបានឡើយ ព្រោះអ្នកគ្រាន់តែអាចយកលុយទៅប្តូរយកអ្វីដែលអ្នកមិនទាន់មាន ឬអ្នកចង់បានទេ ។ ហើយប្រសិនបើអ្នកមានអ្វីគ្រប់យ៉ាងលើលោកនេះហើយ លុយគឺបាត់បង់តួនាទីរបស់វាហើយ ។ ជាទូទៅ មនុស្សអាចប្តូរពីគ្មានអ្វីទាំងអស់ ទៅមានលុយខ្លះ ទៅមានលុយគ្រប់គ្រាន់ និងដល់ស្ទើរតែមានអ្វីដែលខ្លួនត្រូវការ ។ តែសារៈសំខាន់នៃលុយសម្រាប់មនុស្សម្នាក់ៗមានភាពខុសៗគ្នា ។
ជាក់ស្តែងលុយមានសារៈសំខាន់ណាស់សម្រាប់មនុស្ស ហើយមនុស្សតែងប្រកាន់គំនិតថាលុយគឺជាដំណោះស្រាយសម្រាប់បញ្ហាគ្រប់យ៉ាងក្នុងជីវិត ។ ដោយហេតុដូចនេះ មនុស្សតែងតែខិតខំរកលុយឲ្យបានកាន់តែច្រើនដោយមិនមានគោលដៅច្បាស់លាស់ ។ តើអ្នកត្រូវការលុយប៉ុន្មាន?
អ្នកត្រូវតែកំណត់ចំនួនច្បាស់លាស់ ហើយគិតពីចំនួននោះពេលដែលអ្នកខិតខំរកលុយ ។ មនុស្សម្នាក់ៗគួរមានចំនួនមួយដែលគ្រប់គ្រាន់សម្រាប់ពួកគេ វាជាចំនួនដែលអនុញ្ញាតឲ្យពួកគេរស់រានមានជីវិតដោយស្រណុកស្រួល ។ ព្រោះអ្នកត្រូវចងចាំថា មានស្ថានការជាច្រើនដែលអ្នកត្រូវប្តូរអ្វីមួយដើម្បីយកលុយមកវិញ ។ ឧទាហរណ៍ដូចជាប្តូរការងារទៅតាមបណ្តាខេត្តអនុញ្ញាតឲ្យអ្នកមានប្រាក់ខែខ្ពស់តែអ្នកត្រូវបោះបង់ពេលវេលាជាមួយក្រុមគ្រួសារជាដើម ។
អ្នកជំនាញបានប្រាប់មកថាពេលដែលមនុស្សម្នាក់រកលុយបានពី ៤០០ ទៅ ៥០០ ដងនៃការចាយវាយប្រចាំខែរបស់ពួកគេ នោះពួកគេមានលុយគ្រប់គ្រាន់សម្រាប់រស់នៅ ៣០ឆ្នាំហើយ ។ ដូច្នេះបើអ្នកអាចរកបាន ១០០០ ដងច្រើនជាងការចាយវាយប្រចាំខែរបស់អ្នក វាអាចអនុញ្ញាតឲ្យអ្នករស់នៅមួយជីវិតអ្នកដោយស្រណុកស្រួលដែរ ។ ឧទាហរណ៍ដូចជាអ្នកចាយវាយប្រមាណ ២០០ដុល្លារក្នុងមួយខែ នោះមួយពាន់ដងនៃចំនួននោះស្មើ ២០ម៉ឺនដុល្លារជាដើម ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ