រាជធានីភ្នំពេញ ៖ ជាការកត់សម្គាល់គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញាប់នៅផ្លូវកែង ដោយសារតែបើកបរមិនគោរពច្បាប់ចរាចរណ៍ បើកមិនចេះយោគយល់គ្នា និងបើកលឿនពេកមិនអាចគ្រប់គ្រងល្បឿនបាន ។ ជាក់ស្តែងម៉ូតូឃ្លីក ១គ្រឿង ជិះលឿនពេកនៅចំណុចផ្លូវកែងចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅប៉ះរថយន្តតូយ៉ូតា ហើយដួលជ្រមុជចូលក្រោមរថយន្ត តែសំណាងល្អអ្នកបើកបររលាត់ដៃជើងតិចតួច ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី២ ឧសភា តាមផ្លូវលេខ៣៦០កែងផ្លូវ១៦៣ មុខភោជនីយដ្ឋានអត់បញ្ហា ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍ឱ្យដឹងថា រថយន្តតូយ៉ូតា បើកតាមផ្លូវលេខ៣៦០ ពីកើតទៅលិច ចំណែកម៉ូតូឃ្លីក ជិះតាមផ្លូវលេខ១៦៣ពីជើងទៅត្បូង ខណៈទៅដល់កន្លែងកើតហេតុជាផ្លូវកែង រថយន្តតូយ៉ូតាបើកឆ្លងកាត់ដល់ពាក់កណ្តាលផ្លូវទៅហើយ តែម៉ូតូជិះក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំទ្វារខាងស្តាំ បណ្តាលឱ្យដួលរអិលចូលក្រោមរថយន្ត ។
ប្រភពដដែលបន្តទៀតថា ពេលបុកគ្នានោះអ្នកជិតខាងនឹកស្មានថា អ្នកបើកម៉ូតូរងរបួសធ្ងន់ តែសំណាងល្អខ្ទាតចេញពីម៉ូតូដួលរបួសរលាត់ដៃជើងតិចតួច ។ ក្រោយពេលកើតហេតុភាគីទាំងពីរបានសម្រួលគ្នា ដោយភាគីខាងរថយន្តជួយចេញថ្លៃជួសជុលម៉ូតូ ៕
ចែករំលែកព័តមាននេះ