ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៥ មេសា ដោយសារតែគ្រួសារក្រីក្រមួយប្តឹងសមត្ថកិច្ចប៉ូលិសថា មានអំពើប្លន់ប្រដាប់អាវុធយកអស់ប្រាក់ជាង៤លានរៀល ហើយចោរនាំគ្នាគេចខ្លួនទៅបាត់ ។ ក្រោយការប្តឹងនេះ សមត្ថកិច្ចប៉ូលិសមូលដ្ឋាន និងប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានខេត្តបានទៅដល់កន្លែងកើតហេតុភ្លាម ប៉ុន្តែក្រោយការស្រាវជ្រាវតែប៉ុន្មានម៉ោងប៉ុណ្ណោះ មន្ត្រីប៉ូលិសបដិសេធថាវាជារឿងប្រឌិត ។
គ្រួសារនោះប្តីឈ្មោះពាង វុឌ្ឍី អាយុ៣១ឆ្នាំ ប្រពន្ធឈ្មោះប៉ាន់ ឆុំ អាយុ៣០ឆ្នាំ មានកូនស្រី៣នាក់ ។ នៅចំពោះមុខសមត្ថកិច្ចប៉ូលិស ស្ត្រីជាប្រពន្ធរៀបរាប់ថា នៅយប់កើតហេតុប្តី និងម្តាយមីងទៅមើលទូរទស្សន៍ផ្ទះគេបាត់ ចំណែកម្តាយបង្កើតទៅបុណ្យគេ ដូច្នេះរូបនាងនៅផ្ទះជាមួយកូនតូចៗ៣នាក់ ។ នៅម៉ោងប្រហែល៩យប់ ស្រាប់តែមានជនពុំស្គាល់មុខចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើងវែង៤ដើម ឃ្លុំមុខជិតចូលមកក្នុងផ្ទះ ហើយយកអាវុធទាំង៤ដើមភ្ជង់ប្លន់ ដោយចាប់ចងដៃចងជើងគម្រាមសួររកលុយ បើមិនប្រាប់ពួកគេថាលុយនៅឯណាទេពួកគេនឹងចាប់រំលោភម្តងម្នាក់ៗ ហើយសម្លាប់ចោល ។ ពេលនោះនាងភ័យពេកក៏ប្រាប់ពួកចោរថា លុយនៅរមូរកន្ទេល ហើយក្រុមចោរបានទៅយកលុយនោះចុះទៅដីគេចខ្លួនបាត់ ។ មុនពេលពួកគេគេចចេញទៅបានទះកំផ្លៀងនាងមួយដៃ ខណៈនាងស្រែកថាចោរ ។ ចំពោះលុយដែលចោរយកទៅមានចំនួន៤.៨៨៨.៥០០រៀល ។
លោកជឹម ប៊ុនធឿន នាយការិយាល័យប៉ូលិសព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តនិយាយថា លោកមិនជឿថាជាករណីប្លន់ទេ វាជារឿងប្រឌិត ដោយលោកសម្អាងលើសាក្សីជាប្តី ជាម្តាយបង្កើតស្ត្រីប៉ាន់ ឆុំ ថា នាងមិនមានប្រាក់ច្រើនដល់ម្ល៉ឹងទេ ព្រោះគ្រួសារក្រីក្រ ហើយថែមទាំងផ្ទុកជំងឺទាំង២នាក់ប្តី-ប្រពន្ធទៀត ។ លោកស្រាវជ្រាវដឹងថា ស្ត្រីនោះបានយកជីពីមន្ត្រីរាជការម្នាក់ចំនួន៧៣ការុង យកទៅលក់ ប៉ុន្តែសងប្រាក់គេមិនទាន់អស់នៅសល់ជាង៥លានរៀលទៀត ។ នៅមុនថ្ងៃចូលឆ្នាំខ្មែរ គេមកទារប្រាក់តែគ្មានលុយសងទើបប្រឌិតរឿងនេះតែម្តង ។
លោកបញ្ជាក់ថា ផ្អែកលើភស្តុតាង មានខ្សែចំណងដែលជាខ្សែចងរមូរកន្ទេល និងការអះអាងរបស់ប្តី និងម្តាយដែលថាគ្រួសារនោះគ្មានលុយម្ល៉ឹងទេ។ លោកសន្និដ្ឋានថា នេះគឺស្តែងចេញពីការចាយលុយគេអស់គ្មានប្រាក់សង ទើបប្រឌិតរឿងបែបនេះ ។ ពេលនេះលោកកំពុងស្រាវជ្រាវបន្ត ហើយស្ត្រីនោះអាចវ័ណ្ឌកខ្លួនឯង៕
ចែករំលែកព័តមាននេះ