បរទេស ៖ បណ្តាញសង្គមហ្វេសប៊ុក (Facebook) នាពេលបច្ចុប្បន្នេះនេះមានអ្នកប្រើប្រាស់សរុបលើសពី១ប៊ីលាននាក់ទៅទៀត ហើយវាផ្តល់ជាឧបករណ៍ជាច្រើនដែលផ្តល់ភាពងាយស្រួលដល់មនុស្សបោកប្រាស់ក្នុងការបោកលុយ ឬលួចព័ត៌មានរបស់អ្នកប្រើប្រាស់ទូទៅដូចអ្នក ។
នៅកម្ពុជាវិញ បណ្តាញសង្គមហ្វេសប៊ុកត្រូវបានប្រើប្រាស់ក្នុងរូបភាពជាច្រើនទាំងការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ឬក៏ត្រូវបានប្រើប្រាស់សម្រាប់បរិហារកេរ្តិ៍គ្នា ។ ទន្ទឹមនឹងនេះក៏មានជនខិលខូចមួយចំនួនប្រើប្រាស់ ដើម្បីបោកប្រាស់អ្នកប្រើប្រាស់បណ្តាញសង្គមនេះផងដែរ ។
ពេលខ្លះ អ្នកគ្រាន់តែចុចលើសាររបស់ពួកគេម្តងប៉ុណ្ណោះ ហើយអ្នកនឹងត្រូវបានជនដៃដល់លួចព័ត៌មានបានយ៉ាងងាយស្រួល ។ ខាងក្រោមនេះ គឺជាឧទាហរណ៍នៃការបោកប្រាស់តាម Facebook ដែលអ្នកគួរតែចៀសវាង ៖
១. ការផ្តល់រង្វាន់ក្លែងក្លាយ ៖ អ្នកអាចនឹងទទួលបានសារពីមនុស្សមិនដែលស្គាល់ ក្រុមហ៊ុន ឬមិត្តភក្តិដើម្បីប្រាប់អ្នកថាអ្នកបានឈ្នះការប្រកួតអ្វីមួយទោះជាអ្នកមិនបានចុះឈ្មោះក៏ដោយ។ ពួកគេអាចនឹងប្រាប់អ្នកថា អ្នកត្រូវបង់ថវិកាបន្តិចបន្តួចជាមុនសិនមុននឹងអាចទទួលបានប្រាក់រង្វាន់ទាំងអស់បាន ហើយជាក់ស្តែងវាជាការបោកប្រាស់ប៉ុណ្ណោះ។ ប្រសិនបើអ្នកឃើញសារទាំងនេះ វិធីល្អបំផុតគឺអ្នកមិនគួរឆ្លើយតបនឹងវាឡើយ។ ប្រសិនបើអ្នកមិនជឿទុកចិត្ត អ្នកអាចខលទៅសួរមិត្តម្នាក់នោះដោយផ្ទាល់បាន។
២. ការគម្រាមកំហែង៖ ប្រភេទសារមួយទៀតដែលអ្នកអាចទទួលបានគឺសារគម្រាមពីមនុស្សដែលអ្នកមិនស្គាល់ថាពួកគេបានថតរូប ឬវីឌីអូដោយប្រើប្រាស់កាមេរ៉ាកុំព្យូទ័ររបស់អ្នក ហើយអ្នកត្រូវតែបង់ថវិកាទៅពួកគេដើម្បីរក្សារឿងសម្ងាត់នេះ។ ប្រសិនបើអ្នកទទួលបានសារនេះ ហាមចុចលើ Link ដែលបានផ្ញើមកជាដាច់ខាត និង Block មនុស្សម្នាក់នោះភ្លាម។
៣. ការផ្តល់ពត៌មានក្លែងក្លាយ៖ ការបោកប្រាស់ប្រភេទនេះអាចនឹងផ្តល់ការលំបាកឲ្យអ្នកដឹងថាវាពិតឬមិនពិត។ ជាទូទៅអ្នកនឹងមើលឃើញសារប្រាប់ពីបញ្ហាបច្ចេកទេសណាមួយដូចជាសារប្រាប់ថាកុំព្យូទ័ររបស់អ្នកត្រូវបានឆ្លងមេរោគជាដើម។
ប្រសិនបើអ្នកឃើញសារ ឬកសារផ្សាយពាណិជ្ជកម្មទាំងនេះចូរកុំចុចលើវាឲ្យសោះ និងសួរទៅកាន់អ្នកជំនាញបច្ចេកវិទ្យាពិតប្រាកដវិញ។ ចូរចងចាំថានរណាក៏អាចដាក់ការផ្សាយពាណិជ្ជកម្មដែលអ្នកមើលឃើញលើ Facebook ដែរ មិនថាវាជាការពិត ឬការបោកប្រាស់ឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ