ខេត្តព្រះសីហនុ ៖ ព័ត៌មានចុងក្រោយ ជាមួយនឹងការប្រើសុនខហិតក្លិនរុករកក្នុងព្រៃនៅរសៀលថ្ងៃទី៣០តុលា អាជ្ញាធរបានឈានដល់ការប្រើឧទ្ធម្ភាគចក្រក្នុងការស្វែងរកថែមទៀត បន្ទាប់ពីប្រតិបត្តិការរុករកដោយថ្មើរជើងនៅលើដីកោះ និងក្នុងលម្ហសមុទ្រមិនបានជួបប្រទះដដែល ។
សម្រាប់ប្រតិបត្តិការស្វែងរក មន្ត្រីថ្លែងថា កំពុងធ្វើបន្តរហូតមកដល់ល្ងាចថ្ងៃ៣០ តុលា ដដែល គេនៅមិនទាន់ប្រទះឃើញស្ត្រីជនជាតិអង់គ្លេសឈ្មោះ Amelia Bambridge អាយុ២១ឆ្នាំ ដែលបាត់ខ្លួននៅលើកោះរ៉ុងតាំងពីទៀបភ្លឺថ្ងៃ២៤ តុលានោះទេ និងមិនទាន់ដឹងពីជោគវាសនារបស់ស្ត្រីអ្នកទេសចររូបនេះថាយ៉ាងណានៅឡើយ ។ មន្ត្រីរដ្ឋបាលក្រុងកោះរ៉ុងឱ្យដឹងថា ក្រៅពីការស្វែងរកមនុស្ស ការស្រាវជ្រាវផ្សេងៗក៍កំពុងធ្វើឡើងដែរពីសមត្ថកិច្ចជំនាញ ដើម្បីរកប្រភពនិងដើមហេតុដែលនាំទៅដល់ការបាត់ខ្លួននេះ ។
សូមបញ្ជាក់ថា បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC បុរសចំនួន៦នាក់ ដែលជាអ្នកធ្វើការងារនៅភោជនីយដ្ឋានសណ្ឋាគារ និងផ្ទះសំណាក់នៅលើកោះរ៉ុង កំពុងត្រូវបានសមត្ថកិច្ចកម្ពុជា ធ្វើការសាកសួរ ជុំវិញការបាត់ខ្លួនស្ត្រីជនជាតិអង់គ្លេសម្នាក់ ។
បើតាមលោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុង បានមានប្រសាសន៍ថា នៅមិនទាន់មានការចោទប្រកាន់ណាមួយត្រូវបានធ្វើឡើងចំពោះបុរសទាំង៦នាក់នោះទេ ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា យើងបានសម្រេចថា បេសកកម្មស្វែងរកមិនត្រូវបានបញ្ចប់ទេ រហូតទាល់តែរកឃើញនាងនៅរស់ ឬសាកសពរបស់នាង ប្រសិនបើនាងស្លាប់» ។
ចែករំលែកព័តមាននេះ