ភាគច្រើនប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីទម្លាប់ធម្មតាៗ ប៉ុន្តែអាចបង្កប៉ះពាល់ដល់សុខភាពខួរក្បាលឡើយ! ថាតើទម្លាប់អ្វីខ្លះទៅដែលអាចធ្វើឱ្យអ្នកមានខួរក្បាលមិនឆ្លាតវៃ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីសកម្មភាពប្រចាំថ្ងៃដែលគួរបញ្ឈប់ភ្លាមប្រសិនបើចង់រក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរ ៖
១. គេងមិនបានគ្រប់គ្រាន់ ៖ ការគេងអនុញ្ញាតឱ្យខួរក្បាលមានពេលសម្រាក។ ម្យ៉ាងវិញទៀតការគេង គឺចាំបាច់ណាស់សម្រាប់ពង្រឹងការតភ្ជាប់រវាងណឺរ៉ូន ដូច្នេះហើយទើបការគេងមិនគ្រប់រយៈពេលយូរអាចបណ្ដាលឱ្យងាប់កោសិកាខួរក្បាល និងជះឥទ្ធិពលអវិជ្ជមានលើការចងចាំ។
២. ពិសាគ្រឿងស្រវឹងច្រើន ៖ ក្រៅពីសុខភាពថ្លើមហើយនោះ ការទទួលទានគ្រឿងស្រវឹងច្រើនជាប្រចាំក៏ជះឥទ្ធិពលលើសុខភាពនិងសមត្ថភាពយល់ដឹងចងចាំរបស់ខួរក្បាលផងដែរ។ដូច្នេះដើម្បីរក្សាបាននូវសុខភាពខួរក្បាលល្អប្រសើរចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។
៣. ជក់បារី ៖ សារធាតុគីមីក្នុងបារីមានឥទ្ធិពលធ្វើឱ្យខួរក្បាលរួមតូច ហើយអាចឈានដល់ថ្នាក់កើតជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ទៀតផង។
៤. បញ្ហាទីរ៉ូអ៊ីត ៖ ជាពិសេសជំងឺខ្សោយក្រពេញទីរ៉ូអ៊ីត! នោះក៏ព្រោះតែជំងឺនេះបង្កបញ្ហាដល់ការគេង និងអាចឈានដល់ថ្នាក់ធ្លាក់ទឹកចិត្ត (Depression) ដែលមិនល្អសោះចំពោះទាំងសុខភាពខួរក្បាល ក៏ដូចជាសមត្ថភាពនៃការចងចាំចុះខ្សោយទៀត។
៥. បញ្ហាថប់បារម្ភនិងធ្លាក់ទឹកចិត្ត (Depression) ៖ នោះក៏ព្រោះតែនៅពេលថប់បារម្ភរាងកាយនឹងចាប់ផ្ដើមបញ្ចេញអ័រម៉ូនស្ត្រេស Cortisol ដែលជះឥទ្ធិពលលើកោសិកាខួរក្បាលគួរឱ្យព្រួយបារម្ភ។
៦. ទទួលទានអាហារមានផ្ទុកជាតិសូដ្យូម ៖ ការទទួលទានអាហារមានផ្ទុកជាតិសូដ្យូម ឬអាហារប្រៃច្រើនពេក គឺមិនល្អសម្រាប់សុខភាពសម្ពាធឈាមនិងបេះដូងឡើយ។ លើសពីនេះទៅទៀតការទទួលទានអាហារមានជាតិសូដ្យូមច្រើនអាចបង្កផលប៉ះពាល់ដល់មុខងារនៃភាពយល់ដឹងរបស់ខួរក្បាលគួរអោយព្រួយបារម្ភ។
ដូច្នេះប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពខួរក្បាល ក៏ដូចជាបេះដូងល្អប្រសើរ ចូរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ