ខេត្តកណ្តាល ៖ ទូកសាឡង់ធំៗចំនួន២គ្រឿង សង្ស័យល្មើសច្បាប់ព្រោះកំពុងធ្វើសកម្មភាពបូមខ្សាច់ទាំងថ្ងៃទាំងយប់ នៅចំកណ្តាលទន្លេមេគង្គ ត្រង់ចំណុចកំពង់ចម្លងដរផ្លូវត្រី ស្ថិតក្នុងឃុំដីឥដ្ធ ឃុំថ្មគរ ស្រុកល្វាឯម និងស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ត្រង់ចំណុចនេះ កាលពីមុនមានទូកសាឡង់ជាច្រើនគ្រឿង បានធ្វើសកម្មភាពបូមខ្សាច់ យ៉ាងអនាធិបតេយ្យពាសពេញផ្ទៃទន្លេទាំងថ្ងៃទាំងយប់ ។ ប៉ុន្តែក្រោយមកដោយសារមានគ្រោះបាក់ដីច្រាំងទន្លេជាបន្តបន្ទាប់ ប៉ះពាល់ដល់ការរស់ នៅ និងការបង្កបង្កើនផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋជួរដងទន្លេមេគង្គធ្ងន់ធ្ងរពេកក៏បាត់ស្ងាត់លែងបូមមួយរយៈទៅ ។
ស្រាប់តែផ្អាកបូមមិនទាន់បាន២ឆ្នាំផងឥឡូវមានទូកសាឡង់ធំៗចំនួន២គ្រឿងមកធ្វើសកម្មភាពបូមចំកណ្តាលទន្លេនៃចន្លោះស្រុកល្វាឯម និងស្រុកកៀនស្វាយទាំងថ្ងៃទាំងយប់ដដែល ។ ចំពោះការបូមនេះ គេសង្ស័យថា អត់មានច្បាប់ទេ ព្រោះបើមានច្បាប់ក៏មិនអនុញ្ញាតឲ្យបូមយប់ដែរ ។
ជាក់ស្តែងកាលពីថ្ងៃទី២២ ខែតុលានេះ វេលាម៉ោងប្រហែលជាង៦ល្ងាចទៅហើយពេលដែលភ្នាក់ងារយើងឆ្លងទូកដរកំពង់ចម្លងដរផ្លូវត្រីក៏ឃើញទូកសាឡង់ទាំង២គ្រឿងនោះនៅតែបន្តបូមយ៉ាងកក្រើក ។
ប្រភពបញ្ជាក់បន្ថែមថា កាលពីបូមលើកមុនបានបង្កឲ្យបាក់ដីច្រាំងទន្លេ ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅជួរដងទន្លេនៃស្រុកទាំង២ខាងលើបាត់បង់ដីស្រែចំការ និងខ្លះបង្ខំចិត្តរុះរើផ្ទះសម្បែងរត់ទៅរកកន្លែងសុវត្ថិភាពជាបន្តបន្ទាប់ ។ លុះដល់ពេលគេផ្អាកបូមមួយរយៈច្រាំងទន្លេក៏លែងមានបាក់ដែរ ។ តែពេលនេះមានសកម្មភាពបូមវិញធ្វើឲ្យមហាជនជាច្រើនសម្តែងការព្រួយបារម្ភថា នឹងអាចកើតមានគ្រោះបាក់ច្រាំងទន្លេឡើងវិញជាក់ជាមិនខានឡើយ ។
ពាក់ព័ន្ធបញ្ហានេះឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពលបានឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៣ ខែតុលាថា កន្លែងសាឡង់បូមហ្នឹងគេមានលិខិតអនុញ្ញាតមួយ ដែលមន្ត្រីជំនាញបានសិក្សាសម្រាប់បូមយកទៅដាក់កន្លែងធ្វើ (អឺឌីសេដែលគេកំពុងរៀបចំដំឡើងរោងចក្រអគ្គិសនីថ្មី) នៅស្រុកល្វាឯម ដោយបានកំណត់ឲ្យគាត់បូមចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាចទេ ។ តែបើលើសម៉ោង៦ គឺខុសច្បាប់ហើយ ចាំរូបលោកឲ្យមន្ត្រីជំនាញគាត់ពិនិត្យមើល ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ការផ្អាកបូមមួយរយៈនេះ គឺកាលពីមុនមានអាជ្ញាប័ណ្ណ ប៉ុន្តែដល់អាជ្ញាប័ណ្ណផុតអាណត្តិ គឺតម្រូវឲ្យផ្អាកអញ្ចឹងហើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ